ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ផ្ញើសារជូន លោក សម រង្ស៊ី ដែលជាអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លា ក្នុងការទទួលខុសត្រូវ
ភ្នំពេញ៖ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងបេក្ខភាពនាយករដ្ឋមន្រ្តី នៅថ្ងៃអនាគត បានផ្ញើសារជូន លោក សម រង្ស៊ី ដែលជាអ្នកនយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លា ក្នុងការទទួលខុសត្រូវ លើការមាក់ងាយ សញ្ញាបត្ររបស់លោក ហ៊ុន ម៉ាណែត ពីសាលាបណ្ឌិតសភាយោធា អាមេរិក (United States Military Academy ឬហៅកាត់ថា West Point) ជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ ។
ជុំវិញសារនយោបាយរបស់លោក ហ៊ុន ម៉ាណែតនេះ សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវជាឳពុក បានចាត់ទុកសារនោះថា ជាសារក្មេងប្រដៅចាស់ពាល។
តាមរយៈគេហទំព័រហ្វេសប៊ុកនៅព្រឹកថ្ងៃទី២៨ ធ្នូ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ល្អម្យ៉ាងដែរ ប្រៀបដូចជាយកកូនក្របីជល់ជាមួយក្របីចាស់។ បើខឹងកុំលេងបើលេងកុំខឹងsic! ផ្ញើសារជូនអ្នក នយោបាយចាស់វស្សា ប៉ុន្តែខ្វះភាពហានក្លា ក្នុងការទទួលខុសត្រូវ»។
កាលពីថ្ងៃទី ២៨ កញ្ញា ២០១៩ នៅទីក្រុងឡុងប៊ិច លោកសម រង្ស៊ី ធ្លាប់បាននិយាយមើលងាយថា សញ្ញាបត្ររបស់ខ្ញុំ ពីសាលាបណ្ឌិតសភាយោធា អាមេរិក (United States Military Academy ឬហៅកាត់ថា West Point) ជាសញ្ញាបត្រកម្រិត២ ដែលផ្ដល់ឱ្យជាកិត្តិយស សម្រាប់និស្សិតនាយទាហានបរទេស ដែលរៀនក្រោមស្តង់ដា។ ដើម្បីការពារនូវកិត្តិយស និងសេចក្តីថ្លៃថ្នូរបស់ខ្ញុំ ក៏ដូចជារបស់និស្សិតនាយទាហានខ្មែរ ជាច្រើនរូប ដែលកំពុងសិក្សា និងដែលបានបញ្ចប់ការសិក្សា នៅសាលា West Point និងសាលាបណ្ឌិតសភាផ្សេងទៀត របស់សហរដ្ឋអាមេរិក និងនៅតាមប្រទេសនានា លើសកលលោក ខ្ញុំបានទាមទារអោយលោក សម រង្ស៊ី ធ្វើការបង្ហាញនូវភស្តុតាង ដើម្បីការពារនូវពាក្យសំដី ក្នុងចេតនាមាក់ងាយ របស់គាត់ តាមរយៈការភ្នាល់គ្នា។
ជាការឆ្លើយតប នៅពេលនោះលោក សម រង្ស៊ី មិនត្រឹមតែមិនហ៊ានធ្វើការភ្នាល់នោះទេ ប៉ុន្តែបែរជាបង្វែរប្រធានបទ ហើយព្រមទាំងលើកឡើងថា “មិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេងទេ”។ sic. អ្វីដែលខ្ញុំស្មានមិនដល់ គឺអ្នកនយោបាយចាស់វស្សាម្នាក់នេះ មិនត្រឹមតែខ្វះភាពក្លាហាន ដើម្បីការពារអំណះអំណាង របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែបែរជាគាត់ នៅតែបន្តវាយប្រហាខ្ញុំរឿងសញ្ញាបត្រ “ប្រភេទ២” ឬ “សញ្ញាបត្រយោគយល់” ដដែលៗ ហើយព្រមទាំងវាយប្រហារ មាក់ងាយ ទៅលើនិស្សិតខ្មែរជាច្រើននាក់ទៀត ដែលរៀននៅក្រៅប្រទេស ដោយថាសាកលវិទ្យាល័យបរទេស ផ្ដល់សញ្ញាបត្រក្លែងក្លាយ ឬសញ្ញាបត្រយោគយល់ អោយនិស្សិតទាំងនោះ។
ប្រហែលជាបងប្អូននិស្សិតខ្មែរ ដែលធ្លាប់បានសិក្សា ឬកំពុងសិក្សា នៅក្រៅប្រទេសទាំងអស់ យល់ច្បាស់ហើយថា តើបងប្អូនត្រូវខិតខំប្រឹងប្រែង យ៉ាងណាខ្លះ ទម្រាំបានទទួលសញ្ញាបត្រ បញ្ចប់ការសិក្សាពីបណ្តាសាលា នៅក្រៅប្រទេស។
ជាថ្មីម្ដងទៀត ដើម្បីជាការការពារកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ខ្ញុំ ក្នុងនាមជានិស្សិតម្នាក់ ដែលបានបញ្ចប់ការសិក្សា នៅក្រៅប្រទេស (និងដើម្បីជាតំណាងអោយនិស្សិតខ្មែរទាំងអស់ ដែលរៀននៅក្រៅប្រទេស ដែលត្រូវលោក សម រង្ស៊ី មើលងាយ) ខ្ញុំសូមបបួលលោក សម រង្ស៊ី ធ្វើការភ្នាល់គ្នាម្ដងទៀត ហើយសង្ឃឹមថាលោក សម រង្ស៊ី នឹងមិនប្រើយុទ្ធសាស្ត្រ មាន់ត្រចៀកសម្ដងទៀតទេ (មាន់ត្រចៀកស គឺវាយគេពីក្រោយខ្នង ដល់គេបកមកវាយតបវិញ រត់គេចបាត់។ ដល់ពេលគេដើរចេញ គឺវាចាប់ផ្តើមដេញវាយគេ ពីក្រោយខ្នងទៀត)។
លក្ខណ្ឌនៃការភ្នាល់÷
ខ្ញុំបានរៀននៅ បណ្ឌិតសភាយោធាអាមេរិក (West Point) ថ្នាក់បរិញ្ញាបត្រ, នៅសាកលវិទ្យាល័យញូវយ៉ក (New York University) ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកសេដ្ឋកិច្ច និង នៅសាកលវិទ្យាល័យប្រ៊ីសស្តុល (Bristol University) នៅចក្រភពអង់គ្លេស ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច។ បើសិនជាលោក សម រង្ស៊ី អាចអោយសាលាទាំងបីនេះ បញ្ជាក់ថា ហ៊ុន ម៉ាណែត កាលនៅរៀនទីនោះគឺគ្មានសមត្ថភាព ឬរៀនក្រោមស្តង់ដារបស់សាលា ហើយសាលាបានផ្ដល់សញ្ញាបត្រឱ្យ ហ៊ុន ម៉ាណែត ដែលជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ ខ្ញុំនឹងលាលែងពីបេក្ខភាព ជានាយករដ្ឋមន្ត្រី របស់គណបក្សប្រជាជន។
ផ្ទុយទៅវិញបើលោក សម រង្ស៊ី មិនអាចឲ្យសាលាបញ្ជាក់ជាផ្លូវការថា សញ្ញាបត្រដែលសាលាទាំងនោះ ផ្តល់អោយ ហ៊ុន ម៉ាណែត ជាសញ្ញាបត្រប្រភេទ២ ឬសញ្ញាបត្រយោគយល់ទេនោះ សូមលោកសម រង្ស៊ី លាឈប់ពីឆាកនយោបាយ ចាប់ពីពេលនេះតទៅ។
ករណីលោក សម រង្ស៊ី ឯកភាព ដើម្បីអោយមានតម្លាភាព ក្នុងការបញ្ជាក់នេះ យើងអាចរៀបចំក្រុមការងារចម្រុះមួយ ដែលរួមមានភាគី ខាងលោក សម រង្ស៊ី និងភាគីខាងខ្ញុំ ដើម្បីទំនាក់ទំនង សុំការបំភ្លឺពីសាលាទាំងបី ដែលខ្ញុំធ្លាប់រៀន។ បន្ថែមលើនេះ យើងក៏អាចអោយក្រុមការងារ របស់វិទ្យុអាស៊ីសេរី, VOA, RFI,…,។ល។ ទៅយកពត៌មានផ្ទាល់តែម្តង កុំអោយលោកបារម្ភថា រាជរដ្ឋាភិបាលកម្ពុជា ដាក់សម្ពាធទៅលើសាលាទាំងបីនោះ មិនអោយបញ្ជាក់ការពិត។
តើលោក សម រង្ស៊ី ហ៊ានភ្នាល់ជាមួយខ្ញុំទេ? ខ្ញុំសង្ឃឹមថាលោក សម រង្សី នឹងមិនចេញសារដូចលើកមុន ដែលសុំមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេង។ ព្រោះកូនក្មេងម្នាក់នេះ លែងជឿអ្នកនយោបាយ ចាស់វស្សាដែលនិយាយបាតដៃខ្នងដៃ ឬប្រើយុទ្ធសាស្ត្រមាន់ត្រចៀកស ទៀតហើយ។
ខ្ញុំសង្ឃឹមថាអ្នកនយោបាយចាស់វស្សា ដូចលោក សម រង្ស៊ី ប្រាកដជាមានភាពហានក្លា ក្នុងការការពារនូវអំណះអំណាងរបស់ខ្លួន ដែលបានលើកឡើង ជាសាធារណៈម្តងហើយ ម្តងទៀត ដើម្បីវាយប្រហារ ក្មេងជំនាន់ក្រោយ ដូចជារូបខ្ញុំ។
លោក សម រង្ស៊ី បានវាយប្រហារឪពុករបស់ខ្ញុំ ជាច្រើនទស្សវត្សហើយ ប៉ុន្តែទៅមុខមិនរួច។ ឥឡូវបែរមកវាយប្រហារ លើខ្ញុំដែលជាក្មេងជំនាន់ក្រោយទៅវិញ។ បើលោកជ្រុលជាធ្វើអញ្ចឹងទៅហើយ សូមលោកបង្ហាញភាពក្លាហានផងទៅ កុំអោយក្មេងមើលស្រាលថា មនុស្សចាស់វស្សាតែគ្មានភាពហានក្លា ក្នុងការទទួលខុសត្រូវ ចំពោះអ្វីដែលខ្លួនបាននិយាយឬធ្វើ។ ណាមួយលោកមានអាយុច្រើន ជាងឪពុកខ្ញុំផង គួរកុំអោយខូចឈ្មោះ នៅចំពោះមុខក្មេងជំនាន់ក្រោយ។
ជាសីលធម៌និងគុណធម៌ក្នុងការរស់នៅ ខ្ញុំតែងតែគោរពមនុស្សចាស់ទុំ។ ប៉ុន្តែបើមនុស្សដែលមានវ័យចំណាស់ អាងតែមានអាយុច្រើនហើយ ធ្វើការងារគ្មានការទទួលខុសត្រូវ ជាពិសេសធ្វើការវាយប្រហារ ដោយគ្មានមូលដ្ឋានមកលើរូបខ្ញុំ នោះខ្ញុំគ្មានជម្រើសអ្វីក្រៅពីការការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ខ្ញុំទេ។ សូមកុំចោទថាខ្ញុំ មិនស្គាល់ចាស់ទុំ៕