ចំណាត់ការនានា របស់អាជ្ញាធរកម្ពុជា គឺស្របទៅនឹងច្បាប់ និងមានលក្ខណៈសមាមាត្រ
ភ្នំពេញ ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានបដិសេធចោលទាំងស្រុង នូវការលើកឡើងដោយគ្មានទំនួលខុសត្រូវ និងបង្កការភ័ន្តច្រឡំ ផ្អែកលើព័ត៌មាន ជ្រើសរើសតែមួយជ្រុង និងពុំបានផ្ទៀងផ្ទាត់ត្រឹមត្រូវ របស់អ្នក រាយការណ៍ពិសេសចំនួនបួនរូប ពាក់ព័ន្ធការអនុវត្តច្បាប់ ទៅលើសកម្មភាពកូដកម្មខុសច្បាប់ដែលបានអូសបន្លាយជាច្រើនសប្ដាហ៍ នៅកម្ពុជា។
យោងតាមសេចក្ដីថ្លែងការណ៍ព័ត៌មានរបស់ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា នាថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ បានរំលេចនូវតថភាពមួយចំនួនដូចខាងក្រោម៖
ទី១-អ្នករាយការណ៍ពិសេស បាននិយាយយោងអំពីសិទ្ធិធ្វើកូដកម្ម ក៏ប៉ុន្តែពុំបានលើកឡើងទាល់ តែសោះអំពីលក្ខខណ្ឌតម្រូវចាំបាច់នានាដែលត្រូវបំពេញ មុនកូដកម្មអាចធ្វើឡើង ដោយស្របច្បាប់។
ទី២-នៅមុនការអនុវត្តច្បាប់ អាជ្ញាធរមានសមត្ថកិច្ចបានអំពាវនាវយ៉ាងទទូចស្នើឱ្យនយោជិតដែលធ្វើកូដកម្ម ងាកមកចរចាដោយសន្តិវិធី ត្រង់ទៅត្រង់មក និងបញ្ឈប់ការធ្វើបាតុកម្មខុសច្បាប់របស់ខ្លួន ដែលអូសបន្លាយពេលជាច្រើនសប្ដាហ៍ និងគំរាមគំហែងដល់សន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសាធារណៈ។
ទី៣-អ្នករាយការណ៍ពិសេសទាំងនេះ ពុំដែលសង្កត់ធ្ងន់ទាល់តែសោះថា ការអនុវត្តសិទ្ធិសេរីភាពនៃការបញ្ចេញមតិ ការបង្កើតសមាគម និងការប្រមូលផ្ដុំដោយសន្តិវិធី ត្រូវភ្ជាប់ទៅនឹងករណីកិច្ច ការទទួលខុសត្រូវ និងការកំហិតជាពិសេស ដែលកំណត់ដោយច្បាប់ ដូចមានចែងនៅក្នុងកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋនិងនយោបាយ។
ទី៤-បុគ្គលតាំងខ្លួនជាអ្នកជំនាញសិទ្ធិមនុស្សខាងលើ ដែលពុំមែនជាបុគ្គលិករបស់អង្គការសហប្រជាជាតិ ប៉ុន្តែធ្វើការក្នុងសមាសភាពផ្ទាល់ខ្លួន តែងមានអារម្មណ៍យល់ឃើញថា អ្វីៗគួរត្រូវបានអនុវត្ត ផ្អែកលើទ្រឹស្ដីសិទ្ធិមនុស្សរបស់ខ្លួន។
លេីសពីនេះទៀ ត ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា បានក្រើនរំលឹកអ្នករាយការណ៍ពិសេសឱ្យគោរព «ក្រមប្រតិបត្តិសម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស» និងធ្វើការដោយផ្អែកលើមូលដ្ឋាននៃការពិត ជាជាងការបំភ្លៃព័ត៌មាន។ អ្នករាយការណ៍ពិសេសក៏ត្រូវចៀសវាងពីការធ្វើអត្ថាធិប្បាយនានា ដែល គ្មានទំនួលខុសត្រូវ និងពីការចោទប្រកាន់ដែលគ្មានមូលដ្ឋាន ដោយពុំលើកឡើងពីការពិត និងពុំមានការផ្ទៀងផ្ទាត់ ចំពោះរដ្ឋអធិបតេយ្យឡើយ៕