អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា លោក អ៊ីម៉ាហ្គាវ៉ា យូគិអុ បានទទួលមរណភាព
ភ្នំពេញ៖ លោក អ៊ីម៉ាហ្គាវ៉ា យូគិអុ អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានទទួលមរណភាព នៅប្រទេសជប៉ុនកាលពីថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១ ។ នេះបើយោងតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា។
ស្ថានទូតសូមសម្តែងនូវសមានចិត្តដ៏ជ្រាលជ្រៅ និងមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះមរណភាពរបស់ លោក អ៊ីម៉ាហ្គាវ៉ា យូគិអុ ។
លោក អ៊ីម៉ាហ្គាវ៉ា អតីតឯកអគ្គរាជទូត បានចូលបំរើការងារនៅក្រសួងការបរទេស ជប៉ុន ក្នុងឆ្នាំ ១៩៥៦ ហើយត្រូវបានចាត់បញ្ជូន មករាជធានីភ្នំពេញ ប្រទេសកម្ពុជា ក្នុងឋានៈជាសិក្ខាកាម ភាសាខ្មែរ នៅឆ្នាំ១៩៥៧ ហើយបានធ្វើការនៅទីនេះអស់រយៈពេល ៨ ឆ្នាំ រហូតដល់ឆ្នាំ១៩៦៥។ នៅឆ្នាំ ១៩៩២ បន្ទាប់ការបើកស្ថានទូតជប៉ុនឡើងវិញ លោកក៏បានក្លាយជា ឯកអគ្គរាជទូតជប៉ុន ទីមួយ ប្រចាំកម្ពុជា ។
ក្នុងឋានៈជាអ្នកការទូតមួយរូប ដែលមានការយល់ដឹងយ៉ាងជ្រៅជ្រះ អំពីប្រវត្តិសាស្ត្រ នយោបាយ សេដ្ឋកិច្ច សង្គម និងវប្បធម៌កម្ពុជា លោក អ៊ីម៉ាហ្គាវ៉ា បានធ្វើការពិភាក្សា យ៉ាងស្វិតស្វាញជាមួយ ព្រះករុណាព្រះបាទសម្តេច នរោត្តម សីហនុ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងភាគីពាក់ព័ន្ធដ៏ទៃទៀត ហើយក៏បានធ្វើជាសហប្រធានគណៈកម្មាធិការទី៣ នៃសន្និសិទអន្តរជាតិស្តីពីកម្ពុជា នៅទីក្រុងប៉ារីស ក្នុងឆ្នាំ១៩៨៩ ផងដែរ ដើម្បីសម្រេចបាននូវសន្តិភាពនៅកម្ពុជា។
ក្នុងឋានៈជាឯកអគ្គរាជទូតប្រចាំកម្ពុជាលោក បានជួយសំរបសំរួល ក្នុងការទទួលកងកម្លាំងរក្សាសន្តិភាពជប៉ុន ស្ថិតក្រោមអាជ្ញាធរបណ្តោះអាសន្ន របស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា (អ៊ុនតាក់) ដែលបន្ទាប់មកមានការបោះឆ្នោត សកល ជាលើកដំបូង និងដំណើរការកសាង ប្រទេសកម្ពុជាឡើងវិញ។
ដើម្បីបន្តកេដំណែល នៃចំណូលចិត្តយ៉ាងខ្លាំង របស់លោក អ៊ីម៉ាហ្គាវ៉ា ចំពោះប្រទេសកម្ពុជា យើងនឹងបន្តកិច្ចខិតខំប្រឹងប្រែង របស់យើង ដើម្បីការរីកចម្រើនថែមទៀត នៃទំនាក់ទំនង រវាងប្រទេស ជប៉ុននិងកម្ពុជា។