អាមេរិក គាំទ្រកុងសង់ស៊ីសទាំង៥របស់អាស៊ាន និងជំរុញកម្ពុជា ធានាដល់ការធ្វើដំណើរទស្សនកិច្ច របស់ប្រសិតពិសេសអាស៊ាន បានជួបជាមួយគ្រប់ភាគី ពាក់ព័ន្ធ ក្នុងជម្លោះ មីយ៉ាន់ម៉ា
ភ្នំពេញ៖ អ្នកនាំពាក្យស្ថានទូតអាមេរិកលោក Chad Roedemeier បានបញ្ជាក់ថាស្ថានទូត បានតាមដានចំពោះដំណើរទស្សនកិច្ចរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី៧ ខែមករា ឆ្នាំ ២០២២ កន្លងទៅ។ នេះបើយោងតាម ការចុះផ្សាយរបស់ក្រសួងព័ត៌មាន។
ទោះបីជាលោក មិនបានឆ្លើយថាគាំទ្រ ឬជំទាស់នឹងទស្សនកិច្ចនេះក្ដី តែអ្នកនាំពាក្យរូបនេះថា អាមេរិកជំរុញឱ្យកម្ពុជា ប្រើប្រាស់នាមប្រធានអាស៊ានរបស់ខ្លួន ធ្វើយ៉ាងណាធានា ដល់ការអនុវត្តន៍គោលការណ៍ កុងសង់ស៊ីស៥ចំណុច របស់អាស៊ានសម្រាប់មីយ៉ាន់ម៉ា និងធានាដល់ដំណើរទស្សនកិច្ចរបស់របស់ប្រសិតពិសេសអាស៊ាន អាចបានទៅជួបគ្រប់ភាគី ពាក់ព័ន្ធទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា។
លោក Chad Roedemeier បានលើកឡើងថា៖ «យើងគាំទ្រកូសង់ស៊ីសប្រាំចំណុចរបស់អាស៊ាន ហើយជំរុញឱ្យកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២២ បន្តជំរុញឱ្យមានការអនុវត្តន៍នូវចំណុចទាំងប្រាំ និងដើម្បីធានាថា ដំណើរទស្សនកិច្ចណាមួយរបស់ប្រេសិតពិសេសអាស៊ាននឹងមានការជួបជាមួយគ្រប់ភាគីពាក់ព័ន្ធ។ យើងសូមរំលឹកឡើងវិញនូវការអំពាវនាវរបស់យើងដល់របបយោធាភូមាឱ្យបញ្ចប់ការប្រើប្រាស់អំពើហឹង្សា, ដោះលែងអ្នកដែលត្រូវបានឃុំឃាំងដោយអយុត្តិធម៌ទាំងអស់ និងចូលរួមក្នុងការសន្ទនាក្នុងន័យស្ថាបនាជាមួយគ្រប់ភាគីដែលគោរពឆន្ទៈរបស់ប្រជាជនភូមា» ។
កិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុច របស់អាស៊ាន សម្រាប់ប្រទេសមីយ៉ាន់ម៉ា មានដូចជាតម្រូវឱ្យបញ្ឈប់នូវអំពើហិង្សា បង្កើតនូវការសន្ទនាគ្រប់ភាគី ទទួលយកការសម្របសម្រួល របស់បេសកជន ពិសេសអាស៊ាន ការផ្ដល់ជំនួយ មនុស្សធម៌ និងអនុញ្ញាតឱ្យបេសជនពិសេស ទៅបំពេញទស្សនកិច្ច នៅក្នុងប្រទេសមីយ៉ាន់ម៉ា។
គួររំលឹកផងដែរថា នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានធ្វើទស្សនកិច្ចទៅកាន់ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧ ខែមករាកន្លងទៅដើម្បីជួយស្វែងរកដំណោះស្រាយ នៃជម្លោះមីយ៉ាន់ម៉ា ក៏ដូចជានាំប្រទេសនេះ ចូលក្នុងអាស៊ានវិញផងដែរ។
ក្រោយដំណើរទស្សនកិច្ចនេះ មហាអំណាចចិន បានប្រកាសគាំទ្រយ៉ាងពេញទំហឹង ដោយថាកម្ពុជាបានដើរតួនាទី យ៉ាងសកម្ម និងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការគ្រប់គ្រងការខ្វែងគំនិតគ្នា រវាងភាគីនៃប្រទេសមីយ៉ាន់ម៉ា តាមរយៈការសន្ទនានយោបាយ និងការស្តារស្ថិរភាព និងការសម្រេចបាននូវការអភិវឌ្ឍន៍នៅដំណាក់កាលដំបូង៕