លោក ផៃ ស៊ីផាន ដឹកនាំមន្រ្ដី និងក្រុមការងារអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ចុះផ្សព្វផ្សាយវិធានការបង្ការជំងឺកូវីដ១៩ ក្នុងមូលដ្ឋានឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ
(តាកែវ)៖ លោក ផៃ ស៊ីផាន រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២០ បានដឹកនាំក្រុមការងារ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយវិធានការបង្ការវីរុសកូវីដ១៩ ក្នុងមូលដ្ឋានឃុំស្រែរនោង ស្ថិតក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។
ថ្លែងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ មេឃុំ មន្រ្ដីនគរបាល មេភូមិ និងប្រជាការឃុំស្រែរនោង ក្នុងនាមក្រុមការងារចុះជួយមូលដ្ឋានឃុំ លោកផៃ ស៊ីផាន បានអំពាវនាវដល់សមាជិក សមាជិកាទាំងអស់ កុំមានការព្រួយបារម្ភរហូតភ័យស្លន់ស្លោ ចំពោះការរិករាលវីរុសកូវីដ១៩នេះ ខណៈនៅកម្ពុជាពុំទាន់មានបុគ្គលណាម្នាក់ បាត់បង់ជីវិតដោយសារវីរុសនេះទេ ផ្ទុយទៅវិញ គឺមានតែអ្នកជាសះស្បើយជាបន្ដបន្ទាប់។
ទោះជាយ៉ាងនេះក្ដី លោកសំណូមពរដល់មន្រ្ដីក្នុងឃុំទាំងអស់ ត្រូវចូលរួមផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឲ្យបានទូលំទូលាយ នូវវិធាននៃការបង្ការកុំឲ្យមានការឆ្លងរីករាល ក្នុងមូលដ្ឋាន ពោលគឺបង្កើនការប្រុងប្រយ័ត្នខ្ពស់ អនុវត្តនូវវិធានបង្ការការពារខ្លួន ដែលណែនាំដោយក្រសួងសុខាភិបាល រួមមានការលាងសម្អាតដៃនឹងសាប៊ូឲ្យបានញឹកញាប់ ខ្ទប់មាត់ឬច្រមុះរាល់ពេលក្អក ឬកណ្ដាស់ ព្រមទាំងត្រូវទៅកាន់មន្ទីរពេទ្យភ្លាមៗ រាល់ពេលមានការសង្ស័យពីរោគសញ្ញាឆ្លងវីរុសនេះ