ឈ្វេងយល់ ពីនយោបាយ ការបរទេសកម្ពុជា!

ភ្នំពេញ៖ លោក ឥន សុផល អ្នកស្រាវជ្រាវភូមិសាស្រ្តនយោបាយ បានចេញនូវអត្ថបទមួយ ស្ដីពីការ ឈ្វេងយល់ពីនយោបាយការបរទេសកម្ពុជា!

ក្នុងនោះលោកបានរៀបរាប់ថា៖
១.ឆ្លងកាត់បទពិសោធពីអតីតកាល ការសម្រេចចិត្តលើគោលនយោបាយការបរទេសកម្ពុជា កាន់តែច្បាស់ និងឈ្លាសវៃហើយ គឺឈរលើផលប្រយោជន៍ជាតិជាធំ!
២.កម្ពុជាសម្រេចចិត្តថ្កោលទោស រុស្ស៊ីជាមួយសហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ពុំមែនជាការគាបសង្កត់ខាងនយោបាយនោះទេ តែកម្ពុជាមើលឃើញផលប្រយោជន៍ជាតិជាធំ!
៣.ទីផ្សារផលិតផលរបស់កម្ពុជាពុំមែនរុស្ស៊ី ឬចិនោះទេ គឺមានតែទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបប៉ុណ្ណោះ ដែលអាចជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើនបាន។
៤.ការដែលសហភាពអឺរ៉ុប ដកមុខផលិតផលរបស់កម្ពុជាចេញពី EBA គឺដកផលិតផលភាគច្រើនដែលកម្ពុជាពុំមានតែប៉ុណ្ណោះ ចំពោះផលិតផលសំខាន់ៗរបស់កម្ពុជានៅតែអាចនាំចូលទីផ្សារអឺរ៉ុបដដែល។
៥.ជាក់ស្តែងអង់គ្លេស ថ្វីដ្បិតតែចេញពីសហភាពអឺរ៉ុបហើយក្តី ប៉ុន្តែអង់គ្លេស នៅតែផ្តល់ GSP សម្រាប់ផលិតផលគ្រប់មុខរបស់កម្ពុជា(លើកលែងសព្វាវុធ) អាចនាំចូលទីផ្សារអង់គ្លេសដោយពុំបាច់បង់ពន្ធ។ បច្ចុប្បន្នផលិតផលម៉ាកល្បីៗផលិតនៅកម្ពុជា មានលក់ពេញទីផ្សារអង់គ្លេស។
៦.កម្ពុជាត្រូវការជំនួយគាំទ្ររបស់ចិន ប៉ុន្តែកម្ពុជាក៏មិនអាចអត់មានទីផ្សារសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានដែរ។
៧.សម្តេចសុំការយោគយល់ពីមិត្តរុស្ស៊ី នេះគឺជាកាយវិការការទូតដ៏ទន់ភ្លន់របស់កម្ពុជា ចំពោះមិត្តក្នុងគ្រាក្រ ហើយកម្ពុជាក៏នៅជំពាក់បំណុលរុស្ស៊ីច្រើនដែរ។