សម្ដេចតេជោ៖ កម្ពុជា គ្រាន់តែចង់ធ្វើមិត្ត ជាមួយអាមេរិក ហេតុអ្វីក៏លំបាកម្ល៉េះ?
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជាថ្មីម្ដងទៀត បានលើកឡើងជាសំណួរថា «កម្ពុជា គ្រាន់តែធ្វើមិត្តជាមួយអាមេរិក ហេតុអ្វីក៏លំបាកម្ល៉េះ?» ខណៈដែលកម្ពុជា ស្វាគមន៍ចំពោះការចង់មិត្តភាពជាមួយគ្រប់ប្រទេសទាំងអស់ ដោយស្មើមុខស្មើមាត់។
ថ្លែងចេញពីទឹកដីនៃប្រទេសសហរដ្ឋអាមេរិក នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២នេះ (ម៉ោងនៅកម្ពុជា) សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា «អាមេរិក នៅតែភ័ន្ដច្រឡំមកលើកម្ពុជា ពាក់ព័ន្ធកំពង់ផែទឹកជ្រៅ នៅសមុទ្ររាម និងការមិនធ្វើសមយុទ្ធរួមគ្នារវាងកម្ពុជា និងអាមេរិក។ ត្រង់ចំណុចនេះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានលើកឡើងម្ដងទៀតថា កំពង់ផែទឹកជ្រៅរបស់កម្ពុជា គឺមិនមែនសម្រាប់កងទ័ពបរទេសណាមួយនោះទេ ហើយរដ្ឋធម្មនុញ្ញកម្ពុជា ក៏មិនអនុញ្ញាតឲ្យមានកងទ័ពបរទេសមកលើទឹកដីរបស់ខ្លួននោះទេ»។
សម្ដេចតេជោ ហ៊ុន សែន បានរំលឹកអំពីមូលហេតុដែលផ្អាកការធ្វើសមយុទ្ធនេះ គឺកាលពីឆ្នាំ២០១៧ សម្ដេចបានប្រាប់ទៅសម្ដេចពិជ័យសេនា ទៀ បាញ់ ថាឆ្នាំដែលកម្ពុជាត្រូវបោះឆ្នោត មិនគួរមានសមយុទ្ធនោះទេ ដូច្នេះត្រូវផ្អាកទាំងអស់។ ត្រង់ចំណុចនេះហើយ បាននាំឲ្យមានការយល់ច្រឡំថា កម្ពុជា ឈប់ធ្វើសមយុទ្ធជាមួយអាមេរិក ហើយបែរមកធ្វើសមយុទ្ធជាមួយចិន។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ខ្ញុំនិយាយដោយត្រង់ថា ខ្ញុំចង់ធ្វើមិត្តជាមួយអាមេរិកហេតុអ្វីក៏លំបាកម្ល៉េះ? បើចង់ធ្វើសត្រូវគួរតែលំបាក ហើយនេះគ្រាន់តែសុំធ្វើមិត្តសោះអីក៏លំបាកម្ល៉េះ»។
សម្ដេចតេជោ ហ៊ុន សែន នៅតែអះអាងថា ទំនាក់ទំនងកម្ពុជា-អាមេរិក នៅពេលនេះបានដើរដល់កម្រិតកំពូល ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ដ្រ។ សម្ដេចបានរំលឹកថា មុនឆ្នាំ២០០០ អាមេរិកមិនមានស្ថានទូតផ្ទាល់ខ្លួននៅកម្ពុជានោះទេ ពោលគឺជួលផ្ទះគេដើម្បីធ្វើទីតាំងស្ថានទូត។ ប៉ុន្ដែក្រោយកម្ពុជា មានសន្ដិភាពពេញលេញ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់ទីតាំងសម្រាប់អាមេរិកធ្វើជាស្ថានទូត គឺទីតាំងនៅពេលបច្ចុប្បន្ននេះ ក្បែររម្មណីយដ្ឋានវត្តភ្នំ។
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មវិញ គឺជាពាណិជ្ជកម្មដ៏ធំបំផុត រហូតដល់ជាង៩ពាន់លានដុល្លារ។ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ច្បាស់ៗថា កម្ពុជា ត្រូវការទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម មិនត្រូវការកងទ័ពបរទេសណា ឬអ្នកជំនាញការបរទេសណានោះទេ ហើយក៏គ្មានភាពចាំបាច់អីដែលកម្ពុជាត្រូវការកងទ័ពបរទេសនោះដែរ។
ដោយឡែក សម្រាប់ពាក់ព័ន្ធកំពង់ផែទឹកជ្រៅ កន្លងទៅអាមេរិក, បារាំង, ចិន, ជប៉ុន, អូស្ដ្រាលី និងអង់គ្លេសជាដើម សុទ្ធតែធ្លាប់បានទៅដល់ទីតាំងនេះ ហើយប្រទេសណាក៏ដោយក៏អាចចូលបានដូចគ្នាផងដែរ។
យ៉ាងណាក៏ដោយ ក្នុងជំនួបជាមួយ លោក ដូណាល់ អេម បេនតុន (Donald M. Benton) អតីតសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក នៅក្រុងវ៉ាស៊ីនតោន សហរដ្ឋអាមេរិក, សម្តេចតេជោ ហ៊ុន សែន ក៏បានកត់សម្គាល់ថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ដែលមានរយៈពេល៧២ឆ្នាំមកហើយនោះ កំពុងឈានដល់កម្រិតល្អប្រសើរមិនធ្លាប់មាននោះឡើយនៅក្នុងប្រវត្តិសាស្ត្រ។ សម្តេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា កម្ពុជា ពិតជាចង់ធ្វើជាមិត្តរបស់អាមេរិក តែមិនអាចកំណត់ឲ្យកម្ពុជាជ្រើសរើសរវាងអាមេរិក និងចិននោះឡើយ៕