ថ្ងៃដំបូង នៃដំណើរការឃោសនា បោះឆ្នោត របស់គណបក្សនយោបាយ បានប្រព្រឹត្តដោយរលូន
ភ្នំពេញ៖ គណកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលហៅកាត់ថា គ.ជ.ប បានឱ្យដឹងថា ថ្ងៃដំបូងនៃដំណើរការឃោសនា បោះឆ្នោត របស់គណបក្សនយោបាយ បានប្រព្រឹត្តដោយរលូន គ្មានអំពើហិង្សា មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងពុំមានបាតុភាព ណាមួយកើតឡើងគួរកត់សម្គាល់ឡើយ។
យោងតាម សេចក្តីប្រកាសព័ត៌មាន ស្ដីពីសភាពការណ៍ទូទៅនៃថ្ងៃទី១ នៃការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ គណបក្សនយោបាយទាំងនោះ បានសកម្មភាពឃោសនា ជាអាទិ៍ ការជួបជុំ ហែរឃោសនា ការប្រគុំតន្ត្រី ការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិឃុំ ការឃោសនាតាមផ្ទះ ការចែកខិត្តប័ណ្ណ និងបិទបដាជាដើម។
គួរកត់សម្គាល់ផងថា នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងថ្ងៃដំបូងនេះ មានគណបក្សនយោបាយចំនួន៤ ធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងនោះគណបក្សនយោបាយ ចំនួន២ បានហែក្បួនជាទ្រង់ទ្រាយធំ គឺគណបក្សជនកម្ពុជា ដែលមានអ្នកចូលរួមប្រមាណ ៤០ ០០០នាក់ និងគណបក្សភ្លើងទៀន ដែលមានចូលរួមប្រមាណ ១ ៥០០នាក់ រីគណបក្សចំនួន ២ទៀតគឺ គណបក្សរួបរួមជាតិ និងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសកម្មភាពហែក្បួនឃោសនា ចាក់មេក្រូចល័ត ចែកខិត្តប័ណ្ណ នៅសង្កាត់មួយចំនួនខ្លួន បានបេក្ខជនចំបញ្ជីបេក្ខជន។
សូមជម្រាបថា ការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ មានរយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ដោយការធ្វើសកម្មភាពឃោសនា ត្រូវគោរពតាមច្បាប់ បទបញ្ជា និងនីតិវិធី រួមទាំងសេចក្ដីណែនាំ របស់គ.ជ.ប៕