ឃាត់ខ្លួន ក្មេងទំនើង២នាក់ ផឹកស៊ីស្រវឹង អុកឡុកដេញគប់ កូនសិស្សលោក និងព្រះសង្ឃ​ពេញវត្ត

ពោធិ៍សាត់៖ ក្មេងទំនើង២នាក់ ផឹកស៊ីស្រវឹង បានធ្វើសកម្មភាពអុកឡុកដេញគប់ និងវាយកូនសិស្សលោកសង្ឃ បណ្តាលអោយត្រូវ ចំកូនសិស្សលោកសង្ឃម្នាក់ រងរបួសស្រាល។

ករណីនេះកើតឡើងនៅភូមិជ្រែង ឃុំស្វាយលួង ស្រុកកណ្តៀង កាលពីថ្ងៃពុធថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ នៅវេលាម៉ោង១៦និង៤០នាទី។

តាមរបាយការណ៍របស់ អធិការដ្ឋាននគរបាល ស្រុកកណ្តៀង បានឲ្យដឹងថា សមត្ថកិច្នគរបាល បានទទួលសេចក្តីរាយការណ៍ ពីលោកមេភូមិជ្រែង ថាមានជនសង្ស័យចំនួន០២នាក់ បានផឹកស៊ីស្រវឹង ចូលមកធ្វើសកម្មភាពអុកឡុក ដេញគប់ និងវាយកូនសិស្សលោកសង្ឃ នៅក្នុងបរិវេណវត្តមុន្នីឧត្តម (ទួលម្កាក់) ភ្លាមនោះកម្លាំងសមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យ ជាក្មេងទំនើងចំនួន០២នាក់រួមនាន៖
១-ឈ្មោះ មិត ម៉ៅ ហៅ(ក្អាត់)ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិតាស្តី ឃុំវាល ស្រុកកណ្ដៀង។
២-ឈ្មោះ ស៊ុយ រិទ្ធី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិស្តុកជុំ ឃុំកោះជុំ ស្រុកកណ្តៀង។

ករណីដេញវាយនិងបង្ករអុកឡុក ក្នុងវត្តមុន្នីឧត្តមនេះ ក្រុមក្មេងទំនើងទាំងនេះ បានយកដុំឥដ្ឋគប់ទៅលើព្រះសង្ឃ និងកូនសិស្សលោក ដែលកំពុងនាំគ្នាធ្វើសួនផ្កា ក្នុងវត្តបណ្តាលឱ្យ ត្រូវចំកូនសិស្សលោក សង្ឃម្នាក់ ឈ្មោះ នី រងរបួសស្រាល។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្តៀង ដើម្បីបំពេញបែបបទតាមនីតិវិធី៕