រដ្ឋមន្រ្តីព័ត៌មាន៖ គ្រាន់តែតុលាការកម្ពុជា កាត់ទោសកូនជឹងគេភ្លាម លោកច្រមុះស្រួច អង្គការច្រមុះស្រួច និង អង្គការស៊ីលុយពីច្រមុះស្រួច ស្រែកខ្ទរខ្ទារពីរឿង «សេរីភាពនៃការបញ្ចេញមតិ»
ភ្នំពេញ៖ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា គ្រាន់តែតុលាការកម្ពុជា កាត់ទោសកូនជឹងគេភ្លាម លោកច្រមុះស្រួច អង្គការច្រមុះស្រួច និង អង្គការស៊ីលុយពីច្រមុះស្រួច ស្រែកខ្ទរខ្ទារពីរឿង «សេរីភាពនៃការបញ្ចេញមតិ»។
ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងព័ត៌មាន នេះ ធ្វើឡើងបន្ទាប់ពីប្រព័ន្ធឃោសនាលោកខាងលិច បានផ្សព្វផ្សាយបែបអវិជ្ជមាន លើកម្ពុជាយ៉ាងផុសផុល ចំពោះការកាត់ទោស ក្រុមអតីតមេបក្សប្រឆាំង ដែលដឹកនាំដោយលោក សយ រង្ស៊ី និងគូកនសរុប ជាង៤០នាក់ ពីបទ «ញុះញង់» និង «រួមគំនិតក្បត់»។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២២នេះ ឯកឧត្ដម ខៀវ កាញារីទ្ធ បានសរសេរយ៉ាងដូច្នេះថា “ដូចបាននិយាយពីមុនអញ្ចឹង ! គ្រាន់តែតុលាការកម្ពុជា កាត់ទោសកូនជឹងគេភ្លាម លោកច្រមុះស្រួច អង្គការច្រមុះស្រួច និង អង្គការស៊ីលុយពីច្រមុះស្រួច ស្រែកខ្ទរខ្ទារពីរឿង «សេរីភាពនៃការបញ្ចេញមតិ» តែពួកគាត់ធ្វើមិនដឹងពីសំនួរដែលខ្ញុំសួរ កាលពីជាង៩០ថ្ងៃមុន ដែលថា «ហេតុអី»គាត់បិទ Russia Today, Sputnik និង ដាក់សារព្រមានលើរាល់ការផ្សាយនានារបស់រុស្ស៊ី ចាប់តាំងពីមានសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនមក ? កម្ពុជា ប្រឆាំងការវាយលុក របស់រុស្ស៊ីទៅលើអ៊ុយក្រែន ឈរលើគោលការណ៍ ដែលសម្តេចតេជោ បានលើកហើយ គឺកម្ពុជាប្រឆាំងរាល់ការគំរាមប្រើកម្លាំង និងការប្រើកម្លាំង ក្នុងរាល់ដំណោះស្រាយ រវាងប្រទេសមួយនិងប្រទេសមួយ ប៉ុន្តែចង់ដឹងថាតើពួកគាត់ប្រើ ជញ្ជីងតែមួយក្នុងរឿង«សេរីភាពនៃការបញ្ចេញមតិ»នេះឬយ៉ាងណា ?” ៕