
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីស្តីពីវឌ្ឍនភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ធំ
ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ
បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្ដីពីស្តីពីវឌ្ឍនភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ធំ
ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៤ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០
ខេត្តកំពង់ធំ ស្ថិតនៅកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា មានចម្ងាយ ១៦៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ មានព្រំប្រទល់ជាប់ខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងសៀមរាប ចែកជាក្រុង០១ ស្រុក០៨ ឃុំ៧៣ សង្កាត់០៨ ភូមិ៧៦៧ ដែល មានប្រជាពលរដ្ឋចំនួន ១៧៤.៦៥១គ្រួសារ ស្មើនឹង ៨០៤.៤០៩នាក់ ស្រី៤០៧.៩៨៩នាក់ ដង់ស៊ីតេប្រជាពលរដ្ឋ ៥៣នាក់/គ.ម២។
ខេត្តមានផ្ទៃដីសរុបចំនួន ១៥.០៦១គ.ម២ ស្មើនឹង ១.៥០៦.១៩៧ហ.ត ចែកជាពីរសណ្ឋានដីគឺ តំបន់ខាងក្រោមផ្លូវជាតិលេខ៦ ជាតំបន់វាល ទំនាប លាតសន្ធឹងរហូតដល់មាត់បឹងទន្លេសាប អំណោយផលយ៉ាងខ្លាំងដល់ការដាំដុះស្រូវ និងការនេសាទ។ តំបន់ខាងលើផ្លូវជាតិលេខ៦ ជាតំបន់ខ្ពង់រាបសមប្រកបបំផុតសម្រាប់ដំណាំចម្ការដូចជាកៅស៊ូ ស្វាយចន្ទី និងដំឡូងមីជាដើម។
ខេត្តកំពង់ធំមានស្ទឹងចំនួន ០៤ គឺ ស្ទឹងសែន ស្ទឹងស្ទោង ស្ទឹងតាំងក្រសាំង និង ស្ទឹងជីនិត។ លើសពីនេះទៀត ខេត្តកំពង់ធំមានផ្លូវជាតិសំខាន់ៗឆ្លងកាត់ចំនួន ០៤ខ្សែ៖
•ផ្លូវជាតិលេខ៦ ប្រវែង ១៤៤គ.ម ពីព្រំប្រទល់ខេត្តកំពង់ចាម ដល់ព្រំប្រទល់ខេត្តសៀមរាប
•ផ្លូវជាតិលេខ៦២ ប្រវែង ៣៦គ.ម ពីទីប្រជុំជនខេត្ត ដល់ព្រំប្រទល់ខេត្តព្រះវិហារ
•ផ្លូវជាតិលេខ៧១ ប្រវែង ១៥គ.ម ពីស្រុកបារាយណ៍ ដល់ព្រំប្រទល់ខេត្តកំពង់ចាម
• ផ្លូវជាតិលេខ៥០C ប្រវែង១៩គ.ម ពីភូមិត្រពាំងវែង ដល់ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង។
ដោយឡែក ផ្លូវជនបទបែងចែកជា ៤ប្រភេទ៖
•ផ្លូវប្រភេទ១ មាន០៥ខ្សែ ប្រវែង ១៧៣.០០០គ.ម
•ផ្លូវប្រភេទ២ មាន១៥ខ្សែ ប្រវែង ២៦៩.៨០០គ.ម
•ផ្លូវប្រភេទ៣ មាន៦៥ខ្សែ ប្រវែង ៥៨៣.២២០គ.ម
•ផ្លូវប្រភេទ៤ មាន១.០២៣ខ្សែ ប្រវែង ១.៦៣២.១៥៥គ.ម
សមិទ្ធផលសំខាន់ៗរបស់រដ្ឋបាលខេត្ត
ឆ្នាំ២០១៩កន្លងទៅនេះ គឺជាឆ្នាំទី១ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលនីតិកាលទី៦ នៃរដ្ឋសភា ហើយក៏ជាឆ្នាំចាប់ផ្តើម របស់រដ្ឋាភិបាលសម្រាប់នីតិកាលទី៦ផងដែរ។
ជាលទ្ធផល ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខ និងក្រោមការដឹកនាំរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ រដ្ឋបាលខេត្ត ក៏ដូចជាមន្ទីរ-អង្គភាព បានផ្តល់បម្រើប្រជាពលរដ្ឋយ៉ាងមានប្រសិទ្ធភាព ក៏ដូចជាការអភិវឌ្ឍលើគ្រប់វិស័យដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។
ទន្ទឹមនឹងនេះ អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ បានខិតខំប្រឹងប្រែងក្នុងការបង្រ្កាបបទល្មើសនានាដូចជា បទល្មើសនេសាទ បទល្មើសព្រៃឈើឲ្យមានការថយចុះជាបន្តបន្ទាប់។ ចំពោះបញ្ហាទំនាស់ដីធ្លីដែលមានលក្ខណៈទ្រង់ទ្រាយធំ ក៏យើងបានខិតខំទប់ស្កាត់មិនឲ្យមានការកើតឡើងថ្មី ហើយយើងបានបន្តខិតខំដោះស្រាយទំនាស់នានាដែលនៅសេសសល់ឲ្យមានការថយចុះជាបន្តបន្ទាប់។ ជាមួយគ្នានេះដែរ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ក៏បានចុះធ្វើវេទិកាសាធារណៈ និងបានចុះអប់រំ ផ្សព្វផ្សាយតាម មូលដ្ឋានយ៉ាងផុលផុសផងដែរ។ លើសពីនេះទៅទៀត រដ្ឋបាលខេត្តបានខិតខំបំផុសចលនាឲ្យមានការចូលរួមពីមូលដ្ឋានក្នុងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ដើម្បីរួមគ្នារក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមបានល្អ។
ក្នុងនោះ បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ល្បែងស៊ីសងគ្រប់ប្រភេទបានថយចុះ។ ផ្តើមចេញពីចំណុចនេះ ធ្វើឲ្យការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ទទួលបានលទ្ធផលល្អប្រសើរក្នុងការចូលរួមប្រឡងប្រណាំងទូទាំងប្រទេសដោយឃុំ សង្កាត់ទាំង ៨១ទទួលបានចំណាត់ថ្នាក់ទាំងអស់ ក្នុងនោះចំណាត់ថ្នាក់លេខ១ មានចំនួន ៧១ឃុំ-សង្កាត់ ចំណាត់ថ្នាក់លេខ២ ចំនួន ៨ឃុំ-សង្កាត់ និងចំណាត់ថ្នាក់លេខ៣ ចំនួន ២ឃុំ។
ក្រៅពីសមិទ្ធផលខាងលើនេះ នៅមានសមិទ្ធផលច្រើនទៀតដែលរដ្ឋបាលខេត្តសម្រេច បានរួមមានការសាងសង់នូវរចនាសម័្ពន្ធ ផ្លូវថ្នល់ និងសំណង់សាសនា ប្រវត្តិសាស្រ្តថ្មីៗ មួយចំនួនដូចជា៖
-វិមានឯករាជ្យ
-រូបសំណាកលោកតាក្រហម ក
-រូបសំណាកអាចារ្យលាក់
-រូបសំណាកដាវដែកកំពង់ស្វាយ
-លើសពីនេះ ដងស្ទឹងសែន ក៏ត្រូវបានកែលម្អ រៀបចំជាខឿន និងសួនសម្រាប់ជាកន្លែងសម្រាក កំសាន្ត និងហាត់ប្រាណ របស់ប្រជាពលរដ្ឋ
ពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ មកទល់បច្ចុប្បន្ននេះ រដ្ឋបាល ខេត្តកំពង់ធំ បានរៀបចំដាក់ដំណើរការអង្គភាពច្រកចេញចូលតែមួយខេត្ត ការិយាល័យច្រក ចេញចូលតែមួយក្រុងស្ទឹងសែន ស្រុកស្ទោង និងស្រុកសន្ទុក។ ដោយឡែក បណ្តាស្រុកដែល មិនទាន់មានការិយាល័យច្រកចេញចូលតែមួយ ក៏បានដាក់ឲ្យអនុវត្តដំណើរការការផ្តល់សេវា ជូនប្រជាពលរដ្ឋតាមរយៈយន្តការច្រកចេញចូលតែមួយដើម្បីផ្តល់សេវាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានកាន់តែឆាប់រហ័ស និងមានប្រសិទ្ធភាព។
វិស័យកសិកម្ម
+ដំណាំស្រូវ
-ផ្ទៃដីដាំដុះស្រូវមានសរុបចំនួន ២៩០.៣៤៥ហ.ត ក្នុងនោះស្រូវប្រាំងសរុបចំនួន ៦៥.៤៥៥ហ.ត ផ្ទៃដីប្រមូលផលសរុបចំនួន ២៨៦.៩៦២ហ.ត បរិមាណផលសរុបចំនួន ៨៦៩.៧០៧តោន ទិន្នផលជាមធ្យម ៣តោន/ហិកតា។
-ជារួម តុល្យភាពស្បៀងប្រចាំឆ្នាំ ២០១៩ ក្រោយកាត់ទុក១៣%សម្រាប់ធ្វើពូជ ចំណីសត្វ និងសម្រាប់តម្រូវការហូបចុកក្នុងខេត្ត នៅសល់ស្រូវចំនួន ៥៨២.៦២០តោន គិតជាអង្ករស្មើនឹង ៣៧២.៨៧៧តោន
-តម្លៃស្រូវ ៥៤៥១ ចន្លោះពី ៨១០-៨២០ រៀល/គីឡូក្រាម
-ឡសម្ងួតស្រូវមានចំនួន ៣០ឡ មានសមត្ថភាពសម្ងួតបាន ២,៥ តោន/ម៉ោង
+កៅស៊ូ
ផ្ទៃដីដាំដុះសរុបចំនួន ៧០.២៣៥,៧ហ.ត (កៅស៊ូក្រុមហ៊ុនចំនួន ៦១.៦៧២,៤៩ហ.ត និងកៅស៊ូគ្រួសារ ៨.៥៦៣,២១ហ.ត) ផ្ទៃដីចៀជ័រសរុបចំនួន ៤៥.៧៩៣,៦៥ហ.ត (ក្រុមហ៊ុន ៤០.៧៦២,៦៥ ហ.ត និងគ្រួសារ ៥.០៣១ហ.ត) ដោយស្រូបយកម្លាំងពលកម្មសរុបចំនួន ៥.៧១៥នាក់ និងមានតម្រូវការបន្ថែមចំនួន ១.២៩៤នាក់។ ជាមួយគ្នានេះ ខេត្តកំពង់ធំ មានរោងចក្រកែច្នៃជ័រកៅស៊ូចំនួន ០៤ ក្នុងចំណោម ផែនការសាងសង់ចំនួន ០៧។
+ស្វាយចន្ទី
-ផ្ទៃដីដាំដុះសរុប ៧៨.៤៥៥ ហ.ត ក្នុងនោះ ផ្ទៃដីប្រមូលផលចំនួន ៣៧.១៨៣ហ.ត (ទិន្នផលមធ្យម ១,៥ តោន/ហ.ត) គិតជាបរិមាណផលសរុបចំនួន ៥៥.៧៧៤តោន។
-តម្លៃគ្រាប់ស្វាយចន្ទី M23 (ស្ងួត) ៣.៥០០រៀល ទៅ ៤.២០០រៀល/គីឡូក្រាម
+ដំឡូងមី
-ផ្ទៃដីដាំដុះសរុប ៥១.១៨៦ហ.ត (ទិន្នផលមធ្យម២១,៧៨តោន/ហ.ត) គិតជាបរិមាណ ផលសរុប ចំនួន ១.១១៤.៨៣១តោន ។
-តម្លៃដំឡូងមីស្រស់ ១៨៥ – ២១៥រៀល/គីឡូក្រាម
+ស្វាយកែវល្មៀត
-ផ្ទៃដីដាំដុះសរុប ៨.៧៧៣ហ.ត ផ្ទៃដីប្រមូលផលចំនួន ៤.៥០០ហ.ត (ទិន្នផល មធ្យម ២០តោន/ហ.ត) គិតជាបរិមាណផលសរុបចំនួន ៩០.០០០ តោន។
-តម្លៃស្វាយកែវល្មៀត ១៧០ – ២៥០រៀល/គីឡូក្រាម
+ស្ថិតិសត្វចិញ្ចឹម
-សត្វចិញ្ចឹមក្នុងខេត្ត ក្នុងឆ្នាំ២០១៩ មានសរុបចំនួន ១.២០២.៩៨២ក្បាល ក្នុងនោះសត្វគោ ១៣៧.២៦៩ក្បាល ក្របី ៣៨.៦៩០ក្បាល ជ្រូក ៥២.៣៩៨ក្បាល បក្សី(មាន់ និងទា) ៩៧៤.៦២៥ក្បាល។
+ជលផល
-ផលនេសាទចាប់បានចំនួន ៥២.៥៨០តោន
-ផលពីវារីវប្បកម្មបានចំនួន ៣១.៥០០តោន
-ការកែច្នៃផលនេសាទអនុវត្តបានចំនួន ១.០៥០តោន
-សហគមន៍នេសាទមានចំនួន ៤៣សហគមន៍ និងស្រះជម្រកត្រីចំនួន ៤៤ស្រះ
+ព្រៃឈើ
-ព្រៃសហគមន៍មានចំនួន ៨៣សហគមន៍ មានផ្ទៃដីសរុបចំនួន ៧៤ ៥៥៨,០២ហ.ត មានប្រជា ពលរដ្ឋចំនួន១២.៥៨៣គ្រួសារ ស្មើនឹង ៣៤.៦០១នាក់។
*ភាគច្រើនខ្វះកម្លាំងពលកម្មសម្រាប់បម្រើការងារនៅចំការកៅស៊ូ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ សូមអំពាវនាវ៖ ដល់អ្នកវិនិយោគទុនទាំងអស់ ចូលរួមធ្វើការ វិនិយោគក្នុងវិស័យកសិកម្មឲ្យបានច្រើនដូចជា៖ សាងសង់រោងចក្រ កែច្នៃចន្ទី ឡសម្អួតស្រូវ.
វិស័យធនធានទឹក និងឧតុនិយម
ខេត្តមានប្រព័ន្ធធារាសាស្រ្តចំនួន ២៦១ (បានស្តារ ជួសជុល កែលម្អ និងសាងសង់ ថ្មីចំនួន ៦៧កន្លែង) ដែលអាចស្រោចស្រពលើផ្ទៃដីកសិកម្មបាន៖
-ស្រូវវស្សា ១៣៣.១៦៩ហ.ត ស្មើនឹង ៦២%
-ស្រូវប្រាំង ២៥.០៩៦ហ.ត ស្មើនឹង ៦៣%។
ប្រភពទឹកសំខាន់ៗ មាន៖
-ស្ទឹងសែនហូរកាត់ខេត្តកំពង់ធំប្រវែង ២៦៥គ.ម
-ស្ទឹងស្ទោងប្រវែង ១៥៣គ.ម
-ស្ទឹងតាំងក្រសាំងប្រវែង ១០៣គ.ម
-ស្ទឹងជីនិតប្រវែង ២៩៣គ.ម។
ថ្វីត្បិតតែខេត្តកំពង់ធំមានស្ទឹងហូរកាត់ចំនួន ០៤ក៏ពិតមែន តែមកដល់បច្ចុប្បន្ននេះ ដោយសារបម្រែបម្រួលអាកាសធាតុធ្វើឲ្យស្ទឹងសែនជួបបញ្ហាប្រឈម គោក រាក់ ដែលចាំបាច់ ត្រូវសាងសង់ទំនប់ស្ទាក់ទឹកដើម្បីរក្សាបរិមាណទឹកទុកសម្រាប់ប្រើប្រាស់។
វិស័យទេសចរណ៍
ខេត្តកំពង់ធំមានរមណីយដ្ឋានទេសចរណ៍សំខាន់ៗចំនួន ០៦កន្លែងគឺ៖
១.រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ ប្រាសាទសំបូរព្រៃគុក ដែលបានចុះក្នុងបញ្ជី បេតិកភណ្ឌពិភពលោក (កាលពីថ្ងៃទី ០៨ កក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ)
២.រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តប្រាសាទគុកនគរ
៣.រមណីយដ្ឋានវប្បធម៌ធម្មជាតិភ្នំសន្ទុក
៤.រមណីយដ្ឋានធម្មជាតិស្ទឹងព្រៃប្រស់
៥.រមណីយដ្ឋានកែច្នៃបឹងសំរឹទ្ធិ
៦.រមណីយដ្ឋានកែច្នៃស្ទឹងជីនិត
ក្រៅពីនេះ ខេត្តក៏មានគោលដៅទេសចរណ៍ផ្សេងៗទៀតដូចជា៖ ទំនប់បង្ហៀរទឹក ៦មករា ទំនប់បង្ហៀរទឹកអូរមៀន តំបន់ទឹកហូរធ្នស់តាព្រហ្ម មជ្ឈមណ្ឌលសាសនា វប្បធម៌ ទេសចរណ៍ សំពៅត្រៃលោក ត្រៃលក្ខណ៍ និងវត្តគោលដៅទេសចរណ៍ (វត្តឥន្ទ្រីយ៍សំវរៈ វត្តត្នោតជុំ និងវត្តករណីដើម ឬវត្តក្តីដើម)។ ជាមួយគ្នានេះមានសហគមន៍ទេសចរណ៍ សរុបចំនួន ០៤កន្លែងរួមមាន៖ សហគមន៍អភិរក្ស និងអភិវឌ្ឍន៍ប្រាសាទសំបូរព្រៃគុក (មានសកម្មភាពផលិតស្វាយចន្ទី ផលិតតម្បាញដោយដៃ អាហារដ្ឋាន មគ្គុទ្ទេសក៍ សហគមន៍ និងសេវាកម្មផ្ទះស្នាក់) សហគមន៍អេកូទេសចរណ៍ឃ្មុំស្រករថ្លុកប្ញស្សី (មាន សកម្មភាព ទស្សនាព្រៃធម្មជាតិ និងសត្វព្រៃ ការបោះជំរុំ) សហគមន៍អេកូទេសចរណ៍ រស្មីភូមិពីរគិរីបឹង ក្រញ៉ាក (មានសកម្មភាពទេសចរណ៍បែបផ្សងព្រេង ទស្សនាព្រៃឈើ ធម្មជាតិ ទស្សនាសត្វ ស្លាបកម្រ កន្លែងលេងទឹក ការបោះជំរុំ និងសេវាកម្មផ្ទះស្នាក់) សហគមន៍អេកូទេសចរណ៍ ធម្មជាតិផាត់សណ្តាយ (មានសកម្មភាពលក់ផលនេសាទដោយប្រជាសហគមន៍ សេវាកម្ម ទូកដឹកទេសចរ សេវាកម្មផ្ទះស្នាក់ និងសេវាកម្មម្ហូបអាហារ)។
នៅក្នុងឆ្នាំ២០១៩ ខេត្តកំពង់ធំបានទទួលភ្ញៀវទេសចរសរុបចំនួន ៣៧២.០២៧នាក់ ក្នុងនោះ មានភ្ញៀវទេសចរជាតិចំនួន ៣៤៩.៥៣៤នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ២២.៤៣៩នាក់។ ដោយឡែកនៅក្នុងត្រីមាសទី១ ឆ្នាំ២០២០ មានភ្ញៀវទេសចរមកទស្សនា ខេត្តកំពង់ធំសរុបចំនួន ៣២.៤៥៤នាក់ ក្នុងនោះមានភ្ញៀវទេសចរជាតិចំនួន ២៥.៣៨៧នាក់ និងភ្ញៀវទេសចរអន្តរជាតិចំនួន ៧.០៦៧នាក់។
ចំនួនអាជីវកម្ម-សេវាកម្មទេសចរណ៍ ដែលបានប្រកបអាជីវកម្មនៅក្នុងខេត្តកំពង់ធំ បានផ្តល់ការងារជូនប្រជាពលរដ្ឋសរុប ១.៤៦២នាក់ ស្រី ១.១០៥នាក់ តែដោយស្ថិតនៅ ក្នុងដំណាក់កាលប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ដែលកំពុងរីករាលដាលនាពេលបច្ចុប្បន្ននេះ ធ្វើឱ្យមានការប៉ះពាល់ដល់បុគ្គលិកដែលកំពុងបម្រើការងារសរុបចំនួន ៥៩៤នាក់ ស្រី៤៧២នាក់។
ក្រៅពីវិស័យកសិកម្ម ទេសចរណ៍ ដែលជាវិស័យឈានមុខក្នុងការរកចំណូលប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខេត្តកំពង់ធំ នៅមានវិស័យកសិឧស្សាហកម្ម វិស័យឧស្សាហកម្ម សិប្បកម្ម ដែលមានសហគ្រាស និងគ្រឹះស្ថាន តូចធំនានា ចំនួន ៤០៨ ដែលមានកម្មករនិយោជិត សរុបចំនួន ១៣.៩៨៦នាក់ ស្រី ៥.០១០នាក់។
វិស័យថាមពល
ខេត្តមានអនុស្ថានីយអគ្គិសនីចំនួន០១ ដែលអគ្គិសនីកម្ពុជាបានដាក់ឱ្យដំណើរការ ដោយភ្ជាប់ក្នុងជំហានដំបូងផ្នែកខ្សែបញ្ជូនតង់ស្យុង១១៥KV ពីខេត្តព្រះវិហារ មានអានុភាព ២២MW និងមកពីខេត្តកំពង់ចាមមាន៤MW។ ចំណែកខ្សែបណ្ដាញបញ្ជូនតង់ស្យុងខ្ពស់ ២៣០KVពីខេត្តសៀមរាបឆ្លងកាត់ខេត្តកំពង់ធំ ទៅខេត្តកំពង់ចាមមិនទាន់បានភ្ជាប់ចរន្តចូល អនុស្ថានីយអគ្គិសនីកំពង់ធំ ដើម្បីប្រើប្រាស់នៅឡើយទេ ព្រោះមិនទាន់បានបញ្ចប់ការសាង សង់។
ចំនួនស្ថានីយផលិត និងចែកចាយថាមពលអគ្គិសនីទូទាំងខេត្តមាន ២១ស្ថានីយ ក្នុងនោះ បានភ្ជាប់ជាមួយបណ្ដាញជាតិរួចហើយចំនួន ១៩ស្ថានីយ និងថាមពលអគ្គិសនី ដើរដោយប្រើឌីដ្យេសែលចំនួន ០២ស្ថានីយ។
គិតត្រឹមខែឧសភា ឆ្នាំ២០២០ ឃុំ/សង្កាត់ ដែលមានដែនអាជ្ញាបណ្ណអគ្គិសនីគ្រប ដណ្ដប់ចំនួន៧៩ ឃុំ/សង្កាត់ ស្មើ៩៧,៥៣%នៃ(ឃុំ/សង្កាត់ទូទាំងខេត្តចំនួន៨១) នៅសល់ ០២ឃុំទៀត ដែលមិនទាន់មានអ្នកវិនិយោគគឺ(ឃុំពាមបាង ស្រុកស្ទោង និងឃុំដងកាំបិត ស្រុកសណ្ដាន់)។ ភូមិដែលមានបណ្ដាញអគ្គិសនីប្រើប្រាស់រួចហើយចំនួន ៧៣១ភូមិ ស្មើ ៩៥,៣០%នៃភូមិទូទាំងខេត្តមានចំនួន៧៦៧ និងមានប្រជាពលរដ្ឋចំនួន ១១១.៦៧២ខ្នងផ្ទះ ដែលមានអគ្គិសនីប្រើប្រាស់ស្មើនឹង ៦៩,៧៥%នៃខ្នងផ្ទះប្រជាពលរដ្ឋទូទាំងខេត្តសរុបចំនួន ១៦០.០៩៣ខ្នងផ្ទះ។
វិស័យវប្បធម៌ និងវិចិត្រសិល្បៈ
ក្នុងខេត្តកំពង់ធំទាំងមូលមានប្រាសាទបុរាណ៤២១ ទួលបុរាណ៣៨៩ ស្ពានបុរាណ១ ព្រះវិហារបុរាណ៣៥ សន្លុងស្លដែកបុរាណ២០។ នៅពេលថ្មីៗនេះ មន្រ្តីជំនាញមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានចុះកំណត់និយាមកាការពារស្ថានីយបុរាណចំនួន ២៦៣ ស្ថានីយ។
ល្ខោនបាសាក់រឿង “ដាវដែកកំពង់ស្វាយ” ទទួលបានជ័យលាភីលេខ១ ក្នុងមហោ ស្រពសិល្បៈយុវជនឆ្នាំ២០២០។
វិស័យសុខាភិបាល
– ទូទាំងខេត្តមានមណ្ឌលសុខភាពចំនួន៥៤ ប៉ុស្តិ៍សុខភាពចំនួន០៤ មន្ទីរពេទ្យ បង្អែកមានចំនួន ០៣កន្លែង ចំនួនគ្រែសរុប ៤១១។
– សេវាឯកជនមានដូចជា៖ មន្ទីរព្យាបាល ០៣កន្លែង បន្ទប់ពិគ្រោះជម្ងឺ ១៣៤កន្លែង បន្ទប់ព្យាបាលមាត់ធ្មេញ ១២កន្លែង បន្ទប់ពិគ្រោះព្យាបាលចក្ខុរោគ ០១បន្ទប់ បន្ទប់ថែទាំជំងឺ ២៣៥បន្ទប់ បន្ទប់ថែទាំស្រ្តី មានផ្ទៃពោះ ៨៨បន្ទប់ ឱសថស្ថាន ៥៩កន្លែង ឱសថស្ថានរង ក ០៤កន្លែង ឱសថស្ថានរង ខ ០៩កន្លែង និងឱសថបូរាណ ០១កន្លែង។
វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩
១-ការអប់រំសុខភាព៖
-បិទផ្សាយរូបភាព Posters ស្តីពីការអប់រំការពារការចម្លងមេរោគកូរ៉ូណាថ្មី (កូវីដ១៩) នៅតាមមន្ទីរពេទ្យ មណ្ឌលសុខភាព សាលាឃុំ និងទីសាធារណៈនានាក្នុងខេត្ត កំពង់ធំ។
-ចុះអប់រំផ្សព្វផ្សាយពីការធ្វើអនាម័យ និងការការពារការចម្លងមេរោគកូរ៉ូណាថ្មី (កូវីដ១៩) នៅតាមវិទ្យាល័យនានា។
-ចាក់សារអប់រំសុខភាពស្តីពីការពារការចម្លងមេរោគកូរ៉ូណាថ្មី (កូវីដ១៩) និងការ ធ្វើចត្តាឡីស័ក នៅផ្ទះ១៤ថ្ងៃ ដោយប្រើប្រាស់គ្រឿងបំពងសម្លេងនៅតាមភូមិ នានាក្នុងមូលដ្ឋាន។
-ចុះអប់រំដល់បងប្អូនដែលទើបត្រឡប់មកពីបរទេស (ជាពិសេសបងប្អូនពលករ) នៅតាមខ្នងផ្ទះពីវិធានការការពារ និងការធ្វើចត្តាឡឺស័កនៅផ្ទះ១៤ថ្ងៃ។
២- ការពិនិត្យសុខភាពពលករនៅតាមមណ្ឌលចត្តាឡីស័ក៖
-ខេត្តបានរៀបចំមណ្ឌលត្រួតពិនិត្យសុខភាពនៅថ្នាក់ខេត្ត (ចត្តាឡីស័កកំរិត២) ដោយយកទីតាំង វិទ្យាល័យកំពង់ធំ សម្រាប់ការពិនិត្យសុខភាព និងសាលាអនុវត្ត ហ៊ុន សែនអាចារ្យលាក់ជាកន្លែងស្រាវជ្រាវយកសំណាក។
-ស្រុកចំនួន៨ ក៏បានរៀបចំទីតាំងសម្រាប់ការពិនិត្យសុខភាពថ្នាក់ស្រុក (ចត្តាឡឺ ស័កកំរិត១) សម្រាប់ការពិនិត្យសុខភាពពលករពេលបញ្ជូនពីមណ្ឌលពិនិត្យសុខភាព នៅថ្នាក់ខេត្ត (ចត្តាឡីស័កកំរិត២) មុននឹងឱ្យពួកគាត់ទៅ គេហដ្ឋានបន្តការនៅ ដាច់ដោយឡែក១៤ថ្ងៃ។
-គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ ពលករសរុបដែលបានពិនិត្យនៅ មណ្ឌលពិនិត្យសុខភាពនៅថ្នាក់ខេត្តមានចំនួន ២៨៤នាក់ (ស្រី ១០៤នាក់)។
៣- ការស្រាវជ្រាវយកសំណាកដើម្បីបញ្ជូនទៅធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រ៖
-ក្នុងករណីមានការសង្ស័យ អ្នកសង្ស័យត្រូវបានបញ្ជូនទៅមន្ទីរពេទ្យខេត្តកំពង់ធំ ដើម្បីយកសំណាក។
-គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ សំណាកសរុបបញ្ជូនទៅធ្វើតេស្តមាន ចំនួន៤៦ (អវិជ្ជមានទាំងអស់)។
៤- ការត្រៀមកន្លែង និងក្រុមគ្រូពេទ្យប្រចាំការពិនិត្យ និងព្យាបាលអ្នកជំងឺកូវីដ ១៩ ក្នុងករណីវិជ្ជមាន៖
-បានរៀបចំបន្ទប់ដាច់ដោយឡែកនៅមន្ទីរពេទ្យខេត្តកំពង់ធំដើម្បីត្រៀមទទួល ព្យាបាលអ្នកជំងឺកូវីដ ១៩ ដែលមាន០២បន្ទប់ ដែលអាចដាក់គ្រែបាន២៦គ្រែ។
-បានត្រៀមសណ្ឋាគារ ផ្ទះសំណាក់ និងសាលារៀនក្នុងករណីចាំបាច់ ដែលមាន បន្ទប់សរុបចំនួន១៨៣ បន្ទប់។
-បានចាត់ចែងក្រុមអន្តរាគមន៍បន្ទាន់នៃមន្ទីរសុខាភិបាល និងក្រុមគ្រូពេទ្យប្រចាំការ ពិនិត្យសុខភាពពលករ នៅមណ្ឌលពិនិត្យត្រួតសុខភាពនៅថ្នាក់ខេត្ត និងនៅថ្នាក់ ស្រុក ដោយសហការជាមួយនឹងអង្គភាពពាក់ព័ន្ធ និងកម្លាំងមានសមត្ថកិច្ច និង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ដោយមានការបែងចែកវេនយាមប្រចាំការជាប់ជានិច្ចនៅតាមមណ្ឌលត្រួតពិនិត្យសុខភាពថ្នាក់ខេត្ត និងស្រុក។
៥- ការងារគ្រប់គ្រង និងចាត់ចែង៖
-រដ្ឋបាលខេត្តបានបង្កើតគណៈកម្មការទប់ស្កាត់ការរីករាលដាល និងប្រយុទ្ធនឹង ជំងឺកូវីដ១៩ ដែលមានអភិបាលខេត្តជាប្រធាន។
-មន្ទីរសុខាភិបាលបានបង្កើតក្រុមការងារទប់ស្កាត់ការរីករាលដាល និងប្រយុទ្ធនឹង ជំងឺកូវីដ១៩ សម្រាប់សម្របសម្រួល និងក្រុមអន្តរាគមន៍បន្ទាន់ជាមន្ត្រីជួរមុខ។
-មន្ទីរពេទ្យខេត្តបានបង្កើតក្រុមការងារជួរមុខ៣ក្រុមសម្រាប់ប្រចាំការពិនិត្យ សុខភាព
-ថ្មីៗនេះ ពោលគឺកាលពីថ្ងៃទី៩-១០ ខែឧសភា រដ្ឋបាលខេត្តបានសហការជាមួយ វេទិកាសម្ព័ន្ធសង្គមស៊ីវិល ក្រោមជំនួយរបស់អង្គការសង្រ្គោះមេឃពណ៌ខៀវនៃ សាធារណរដ្ឋប្រជាមានិតចិន ចុះបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងផ្សារចំនួន០២ និង នៅតាមអគាររដ្ឋបាលសំខាន់ៗមួយចំនួនផងដែរ។
វិស័យអប់រំ យុវជន និងកីឡា
-ស្ថានភាពទូទៅនៃវិស័យអប់រំក្នុងខេត្ត៖
•គ្រឹះសា្ថនសិក្សារដ្ឋសរុបចំនួន ៧៨៩កន្លែង ( មត្តេយ្យ ២០៧ បឋមសិក្សា៤៩០ មធ្យមសិក្សា ៩២កន្លែង)។
•គ្រឹះស្ថានមធ្យមសិក្សាឯកជនមាន ០៥កន្លែង និងគ្រឹះស្ថានឧត្តមសិក្សាមាន ចំនួន ០២កន្លែង ដែលមានគ្រូសរុប ១៦៩នាក់ ស្រី ១១នាក់ សិស្ស ២.២២៨នាក់ ស្រី ៨៨៥នាក់។
•មត្តេយ្យសិក្សាសហគមន៍ នៅក្នុងខេត្តសរុបមានចំនួន១៩៤កន្លែង ស្មើ១៩៤ថ្នាក់ មានគ្រូសរុប ចំនួន១៩៤នាក់ ស្រី១៩២នាក់។ សិស្សសរុបចំនួន ៤.៨២០នាក់ ស្រី២.៦០០នាក់។
•គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូបង្រៀនបឋមសិក្សាមានចំនួន០១កន្លែង មានគ្រូ បង្រៀនមានចំនួន២៤នាក់ ស្រី០៨នាក់ និង គរុសិស្សសរុបចំនួន១៦០នាក់ ស្រី១១៤នាក់។
•សាលាបច្ចេកវិទ្យាកំពង់ឈើទាល មានបុគ្គលិកសុបចំនួន១២៣នាក់ ស្រី៣៨នាក់ មានសិស្ស និស្សិត និងគរុសិស្សសរុបចំនួន១.១៥៤នាក់ ស្រីចំនួន៦២៤នាក់។
វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី
ក. ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធអនុវត្តលើ ០៧ ស្រុក៖
-ចែកប័ណ្ណកម្មសិទ្ធិរួចចំនួន ១៨៤.០៤៧ ប័ណ្ណ
-តម្លៃសេវាសុរិយោដីដែលប្រមូលបានមានចំនួន ១.១៧៩.៥៩៣,៤៩ រៀល
ខ. ការងារចុះបញ្ជីដីធ្លីមានលក្ខណៈដាច់ដោយដុំ និងចុះបញ្ជីបន្ត៖
-ចុះបញ្ជីផ្ទេរសិទ្ធិ ចំនួន ១៩.៣៨៨ ក្បាលដី
-ចុះបញ្ជីអំពីការបង្កើតហ៊ីប៉ូតែក ចំនួន ១៦.០១៤ ក្បាលដី
-ចុះបញ្ជីដាច់ដោយដុំ ចំនួន ២.២៩៧ ក្បាលដី
គ. ការងារចុះបញ្ជីដីសម្បទានសេដ្ឋកិច្ច
-បានចុះបញ្ជីដីរដ្ឋ និងចុះបញ្ជីដីសម្បទានសេដ្ឋកិច្ចរួចរាល់ចំនួន ១៩ក្រុមហ៊ុន
– បានទទួលពាក្យ និងកំពុងអនុវត្តការចុះបញ្ជីចំនួន ៧ក្រុមហ៊ុន
ឃ. ការងារចុះបញ្ជីដីសម្បទានសង្គមកិច្ច
-បានចុះបញ្ជី និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនសម្បទាននិក នៅក្នុងគម្រោង LASEDជំហានទី១ បានចំនួន១.៣១២ប័ណ្ណ ស្មើនឹង ៧៧៩ គ្រួសារ លើផ្ទៃដីសរុបចំនួន ២.៨៤៣ហិកតា
១.បន្តពង្រឹងការផ្តល់សេវាសាធារណៈតាមរយៈយន្តការច្រកចេញចូលតែមួយ និងបន្តរៀបចំសាងសង់ អគារការិយាល័យច្រកចេញចូលតែមួយនៅតាមបណ្តាស្រុក ដែលមិនទាន់មាន។
២.ជួយគាំទ្រ និងបង្កើនសមត្ថភាពដល់រដ្ឋបាលក្រុង ស្រុក លើការងារគ្រប់គ្រងធនធាន មនុស្ស នៃរចនាសម្ព័ន្ធរដ្ឋបាលក្រុង/ស្រុក ដែលទើបធ្វើសមាហរណកម្មថ្មី ឆ្នាំ២០២០។
៣.ណែនាំ និងពិនិត្យសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សោភ័ណភាព គុណភាព សំណង់ និងផលប៉ះពាល់ផ្សេងៗ ក្នុងការជួសជុល និងកែសម្រួលបណ្តាសំណង់ សាធារណៈ និងសំណង់បេតិកភ័ណ្ឌ
៤.បន្តជំរុញការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឲ្យអស់ពីលទ្ធភាពតាមគោលការណ៍របស់ គណៈបញ្ជាការ ដឹកនាំ បញ្ជា ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្នាក់ខេត្ត ឲ្យមានប្រសិទ្ធភាព សំដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរឲ្យស្ថិតនៅកំរិតទាប
៥.បន្តជំរុញការងារបង្រ្កាបសកម្មភាពក្មេងទំនើង និងបទល្មើសគ្រឿងញៀន។
សក្តានុពលរបស់ខេត្ត
ផ្អែកលើលក្ខខណ្ឌអំណោយផលពីធម្មជាតិ និងសេដ្ឋកិច្ចវប្បធម៌សង្គម ខេត្តកំពង់ធំ មានសក្តានុពលសម្រាប់កិច្ចដំណើរការអភិវឌ្ឍដូចខាងក្រោម៖
ផ្នែកធនធានធម្មជាតិ៖
-ដីសម្រាប់ដំណាំស្រូវនៅតំបន់ផ្នែកខាងក្រោមផ្លូវជាតិលេខ៦ រហូតដល់មាត់បឹង ទន្លេសាប។
-តំបន់ដីក្រហមសម្រាប់ដំណាំកសិឧស្សាហកម្ម (ដំណាំកៅស៊ូ ដំឡូមី…)
-ស្ទឹងសែនអាចផ្តល់ទឹកស្រោចស្រពផ្ទៃដីបានរាប់ម៉ឺនហិកតា និងអាចផលិត ថាមពលវារីអគ្គិសនីបាន ៣៥MW
-ធារាសាស្រ្តស្ទឹងជីនិតអាចផ្តល់ទឹកស្រោចស្រពលើផ្ទៃដីនៅរដូវវស្សាជាង ១២.០០០ហ.ត និង៣.០០០ហ.ត នៅរដូវប្រាំង និងអាចផលិតថាមពលវារី អគ្គិសនីបាន ៥MW
-ស្ទឹងស្ទោងមានលទ្ធភាពស្រោចស្រពផ្ទៃដីនៅរដូវវស្សា ២១.៥៦២ហិកតា និងនៅ រដូវប្រាំង ២.១៦២ហិកតា
-ដីព្រៃឈើសរុប ៦៤០.២០៩ហិកតា(ឆ្នាំ២០១០)។
តំបន់ទេសចរណ៍៖
មានរមណីយដ្ឋាន ១០កន្លែងរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត ០២កន្លែងគឺ ប្រាសាទសំបូរព្រៃគុក នៅក្នុង ស្រុកប្រាសាទសំបូរ និងប្រាសាទគុកនគរ ក្នុងស្រុកបារាយណ៍
– រមណីយដ្ឋានធម្មជាតិ ០៤កន្លែងគឺ ភ្នំសន្ទុក ក្នុងស្រុកសន្ទុក ស្ទឹងព្រៃប្រស់ក្នុង ស្រុកកំពង់ស្វាយ ធ្នស់តាព្រហ្មក្នុងស្រុកប្រាសាទសំបូរ រស្មីភូមិពីរគីរីបឹងក្រញ៉ាក ក្នុងស្រុកសណ្តាន់
– រមណីយដ្ឋានកែច្នៃ ០៤កន្លែងគឺ រមណីដ្ឋានបឹងសំរឹទ្ធ អាងទឹកស្ទឹងជីនិតស្រុក បារាយណ៍ជាប់នឹងស្រុកសន្ទុក ទំនប់អូរមាន ក្នុងស្រុកសណ្តាន់ និងទំនប់ ៦មករា ក្នុងស្រុកសន្ទុក។