លោក កឹម សុខា ត្រូវរងការព្រមាន ពីតុលាការ ពាក់ព័ន្ធ បំពានបំរាមធ្វើសកម្មភាពនយោបាយ ប៉ុន្តែមិនឃុំខ្លួនទេ
ភ្នំពេញ៖ លោក កឹម សុខា អតីតប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ត្រូវរកការព្រមាន ពីតុលាការ ពាក់ព៍័ន្ធបំពានបំរាមធ្វើសកម្មភាពនយោបាយ តែមិនឃុំខ្លួន។ នេះបើតាមការឱ្យដឹងពីអ្នកស្រី ម៉េង សុធារី មេធាវីការពារក្ដី របស់លោក កឹម សុខា។
នៅលើបណ្ដាញសង្គមហ្វេសប៊ុក អ្នកស្រី ម៉េង សុធារី បានសរសេរៀបរាប់យ៉ាងដូច្នេះថា «ថ្ងៃនេះទី២៩ ខែមិថុនា ឆ្នាំ២០២២ តំណាងអយ្យការអមសាលាដំបូងរាជាធានីភ្នំពេញ បានប្តឹងសុំអោយក្រុមប្រឹក្សា ជុំនុំជម្រះធ្វើការឃុំខ្លួនឯកឧត្តម កឹមសុខា ដោយយោងលើរបាយការ សមត្ថកិច្ចនគរបាលថា ឯកឧត្តម កឹមសុខា បានបំពានបំរាមតុលាការត្រង់ចំណុចហាមឃាត់ការធ្វើសកម្មភាពនយោបាយ ។
រហូតដល់ម៉ោង1:40នាទី ក្រុមប្រឹក្សាជំនុំជម្រះបានប្រកាសសេចក្តីសម្រេចថា សកម្មភាពដូចក្នុងរបាយការណ៍ សមត្ថកិច្ចគឺជាសកម្មភាពនយោបាយ ប៉ុន្តែមិនឃុំខ្លួនទេ គឺធ្វើការព្រមាន និងច្រានចោលការប្តឹងសុំរបស់ព្រះរាជអាជ្ញា។រូបភាព កូនក្តី និងមេធាវី ជួបគ្នា នៅម៉ោងប្រហែល11:15នាទី នៅបន្ទប់មេធាវី ក្នុងអំឡុងពេលសម្រាកពីសវនាការ រួចបន្តសវនាការនៅម៉ោងប្រហែល11:30 ជាពេលដែលត្រូវធ្វើសេចក្តីសន្និដ្ឋានការពារ»។
សូមរំលឹងថា លោក កឹម សុខា ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជាប្រមាណជា១០០នាក់ ចុះទៅចាប់ខ្លួនទាំងកណ្តាលអាធ្រាត្រ កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ នៅគេហដ្ឋានរបស់លោក ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោមបទចោទប្រកាន់សហការជាមួយបរទេស រៀបចំគម្រោងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយផ្អែកទៅលើវីដេអូឃ្លីប លោកនិយាយទៅកាន់អ្នកគាំទ្រនៅប្រទេសអូស្រ្តាលីកាលពីឆ្នាំ២០១៣។ បន្ទាប់មក បាននាំទៅឃុំខ្លួនក្នុងពន្ធនាគារត្រពាំងថ្លុង ក្នុងខេត្តត្បូងឃ្មុំ ក្បែរព្រំដែនវៀតណាម។
គិតមកដល់ថ្ងៃ២៩ មិថុនា នេះ នៅសល់តែជាង២ខែទៀតប៉ុណ្តោះ នឹងដល់គម្រប់ខួប៥ឆ្នាំ(ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧-ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២) នៃការចាប់ខ្លួនលោក កឹម សុខា ៕