
កម្ពុជាជូនពរអ្នកទេសចរណ៍២៣៣នាក់ តាមនាវា westerdam ចាកចេញពីកម្ពុជាជាលើកចុងក្រោយ
អង្គរជ័យ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ – ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា កម្ពុជាជូនពរអ្នកដំណើរចុងក្រោយ ២៣៣រូប ចាកចេញពីនាវា MS Westerdam ដើម្បីធ្វើដំណើរទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញ។
នៅលើផេកផ្លូវការបស់សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថា នៅរសៀល ថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ២០២០ អ្នកដំណើរ ២៣៣រូប ចុងក្រោយ ដែលក្នុងនោះមាន ២០នាក់ជានាវឹកនិងបុគ្គលិកកប៉ាល់ ដែលមានចម្រុះជាតិសាសន៍២២សញ្ជាតិ បានចាកចេញពីនាវា MS Westerdam ធ្វើដំណើរតាមរថយន្តក្រុងចំនួន១០គ្រឿង ពីក្រុងព្រះសីហនុឆ្ពោះមកកាន់រាជធានីភ្នំពេញដើម្បីទៅកាន់ប្រទេសកំណើតរៀងៗខ្លួនវិញតាមជើងហោះហើរពីទីក្រុងភ្នំពេញ។ ទន្ទឹមនេះ គ្រប់អ្នកដំណើរទាំងអស់ មុននឹងអនុញ្ញាតឱ្យចាកចេញពីនាវា គឺសុទ្ធតែត្រូវបានឆ្លងកាត់ការពិនិត្យវាស់កំដៅ និងធ្វើតេស្តសុខភាព ដោយមានវត្តមានមន្ត្រីជំនាញរបស់ក្រសួងសុខាភិបាលកម្ពុជា អង្គការសុខភាពពិភពលោក (WHO) និងមជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក(UNCDC) ដើម្បីធានាថាពិតជាគ្មានមេរោគកូវីដ១៩ (COVID-19)។ មិនតែប៉ុណ្ណោះ បុគ្គលិករបស់នាវាទាំងអស់ក៏ត្រូវពិនិត្យសុខភាពឡើងវិញទាំងអស់គ្នាផងដែរ មុនពេលអនុញ្ញាតឱ្យដឹកនាំនាវា MS Westerdam ចាកចេញពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
សម្ដេចតេជោបានបន្ដថា នេះជាដំណឹងរីករាយទាំងសម្រាប់កម្ពុជា និងបងប្អូនអ្នកទេសចរទាំងអស់ ដែលកំពុងទន្ទឹងរង់ចាំការវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារនៅឯប្រទេសកំណើតរបស់ខ្លួន។ កិច្ចការនេះ ប្រសិនបើគ្មានការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីទេ មិនដឹងជាវាសនាអ្នកធ្វើដំណើរលើនាវាទាំងអស់នោះរសាត់អណ្តែតទៅដល់ទីណាទេ ណាមួយជិតអស់ស្បៀង ណាមួយទៀតនាវាក៏ជិតអស់ប្រេង។ សម្ដេចតេជោបានលើកឡើងថា កម្ពុជាក្រនឹងតូចមែនពិត តែបេះដូងកម្ពុជាគឺធំទូលាយប្រកបដោយក្តីស្រឡាញ់និងសណ្តោសប្រណី។
សម្ដេចតេជោក៏សូមជូនពរបងប្អូនអ្នកទេសចរទាំងអស់មានសុវត្ថិភាពក្នុងការធ្វើដំណើរ ហើយកម្ពុជានៅរង់ចាំស្វាគមន៍ទទួលបងប្អូនគ្រប់ពេលជានិច្ច៕