ពាក្យថាមន្ត្រី ថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈ គឺមិនមែនជាចៅហ្វាយ មិនមែនជាអ្នកត្រួតត្រាពលរដ្ឋឡើយ
ពាក្យថាមន្ត្រី ថ្នាក់ដឹកនាំក្នុងវិស័យសាធារណៈ គឺមិនមែនជាចៅហ្វាយ មិនមែនជាអ្នកត្រួតត្រាពលរដ្ឋឡើយ ប៉ុន្តែមន្ត្រីគឺជាអ្នកបម្រើរាស្ត្រ មើលថែ ផ្ដល់សេវាសាធារណៈជូនរាស្ត្រ ប្រកបដោយចំណេះដឹងពិតប្រាកដ ភាពឈ្លាសវៃ និង មានក្រមសីលធម៌វិជ្ជាជីវៈ ។ ខេត្ត ស្រុកណា ដែលមានថ្នាក់ដឹកនាំពូកែ មានសមត្ថភាពពិតប្រាកដ ក៏រមែងមានតែការអភិវឌ្ឍ កែប្រែជីវភាពប្រជាជន ឱ្យរស់នៅសម្បូរហូរហៀរ និងសេចក្ដីសុខសាន្ត ។ ជាក់ស្ដែងអភិបាលខេត្ត និងអភិបាលស្រុក ៣ រូបខាងក្រោមនេះ កំពុងទទួលបានការកោតសរសើរ និងឆក់យកបេះដូងប្រជាជន៖
១. ឯកឧត្ដមគួច ចំរើន អភិបាលខេត្តព្រះសីហនុ
ត្រូវបានគេទទួលស្គាល់ថាជាថ្នាក់ដឹកនាំដែលពូកែរកដំណោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព ច្បាស់លាស់ ម៉ឺងម៉ាត់ តែប្រកបដោយព្រហ្មវិហារធម៌ទាំង ៤ ប្រការ ។ ត្រឹមរយៈពេលដ៏ខ្លីលោកបានកែប្រែមុខមាត់ខេត្តព្រះសីហនុវិលទៅរកភាពល្អប្រសើរ និងកាន់តែប្រសើរឡើងទ្វេរដង ។ សំណង់អគាររីកដុះដាលដូចផ្សិត ផ្លូវខ្វាត់ខ្វែងដូចក្រឡាអុក ។ ចំណែកឯឆ្នេរសមុទ្រចាប់ផ្ដើមវិលមករកភាពប្រក្រតី លែងមានការបំពុលដូចពីមុនទៀត និងថែមទាំងក្លាយជាទ្រព្យសម្បត្តិសាធារណៈ ពលរដ្ឋអាចទៅកម្សាន្តដោយសេរី ។
២. ឯកឧត្ដម ម៉ៅ នធិន អភិបាលខេត្តពោធិ៍សាត់
មក
ជាអភិបាលខេត្តពូកែធ្វើ ពូកែអនុវត្តផ្ទាល់ៗ ពិតៗ ដល់មូលដ្ឋានរស់នៅរបស់ប្រជាជន ។ លោកមានរហស្សនាមថា ជាអភិបាលខេត្តពូកែដោះស្រាយទំនាស់ រកយុត្តិធម៌ដូចប៉ាវចិន ។ លោកមិនមាន
ភាពលម្អៀងទៅរកភាគីណាមួយ អាចរកដំណោះស្រាយដ៏សមស្រប មិនឱ្យនរណាក្ដៅក្រហាយ ខាតបង់ប្រយោជន៍ មានតែអ្នកឈ្នះ និងមានតែអ្នកព្រមចាញ់ដោយរីករាយ ។ ថ្មីៗនេះបញ្ហារ៉ាំរ៉ៃរបស់ពលរដ្ឋដែលប្រៀបដូចជាអំបោះរុំជំពាក់មុខនោះ បានដោះស្រាយបន្តបន្ទាប់ធ្វើឱ្យពលរដ្ឋទះដៃសាទរកងរំពង ។
៣. លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី
ត្រឹមវ័យជាង ៣០ ឆ្នាំលោកឃឹម ហ្វីណង់ បានក្លាយជាអភិបាលស្រុកវ័យក្មេងដ៏ឆ្នើមមួយរូប ។ ជាបញ្ញវ័នដែលបញ្ចប់ការសិក្សាខ្ពង់ខ្ពស់មកពីសាកលវិទ្យាល័យជាច្រើនទាំងក្នុង និងក្រៅប្រទេស ។ ជាអភិបាលស្រុកប្រកបដោយគំនិតច្នៃប្រឌិត ពូកែរកដំណោះស្រាយទាន់ពេលវេលា ជួយប្រជាជនក្រខ្សត់ដែលខ្វះខាត បង្កើតឱ្យមានប្រព័ន្ធធារាសាស្ត្រនៅតំបន់ដាច់ស្រយាល ខ្នះខ្នែងជួយជ្រោមជ្រែងគ្រប់វិស័យមិនថាទេសចរណ៍ កសិកម្ម ។ ជាស្ថាបនិកគម្រោង ផ្ទះមួយអំពូលមួយ ហើយក៏ជាស្ថាបនិកធ្វើស្រែសមូហភាពចែកគ្នាហូប ចែកគ្នារស់ផងដែរ ៕