លោក ស សុខា អះអាងថា យុទ្ធសាស្ត្របំបែកបំបាក់ផ្ទៃក្នុង បក្សកាន់អំណាច ពីសំណាក់ក្រុមប្រឆាំង ពុំធ្លាប់មានប្រសិទ្ធភាព ម្ដងណាឡើយ
ភ្នំពេញ ៖ លោក ស សុខា កូនប្រុសរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលបច្ចុប្បន្នកំពុងកាន់តួនាទីជារដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានចេញមកបកស្រាយ ក៏ដូចជាការច្រានចោលជុំវិញការកាត់តវីដេអូ ថា លោកកំពុងប្រដៅលោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រី នាថ្ងៃអនាគត និងលោក ហ៊ុន ម៉ានី ព្រមទាំងចោទប្រកាន់រូបលោកថា ចង់ធ្វើជានាយករដ្ឋមន្ត្រីនោះ គឺជារឿងមិនពិតទេ ។
តាមរយៈគណនីហ្វេសប៊ុក ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ លោក ស សុខា បានបង្ហោះសារដែលបានបញ្ជាក់យ៉ាងច្បាស់លាស់ៗថា “ខ្ញុំកើតមកមិនមែន ដើម្បីប្រកួតប្រជែងនោះទេ។ ជាការពិតខ្ញុំនៅក្នុងគណបក្សមួយ។ យើងត្រូវគោរពសេចក្ដីសម្រេច របស់គណបក្ស ក្នុងការរៀបចំចាត់ចែង រចនាសម្ព័ន្ធដឹកនាំប្រទេស” ។
តាមសំណេររបស់លោក ស សុខា បានរៀបរាប់ ថា “ខ្ញុំមិនទោមនស្សរាល់ការបញ្ចេញមតិរបស់លោកនោះទេ(ម្ចាស់ផេកម្នាក់)។ ប៉ុន្តែខ្ញុំសុំលោកម្យ៉ាង កុំយកវិឌីអូឃ្លីបរបស់ខ្ញុំ ដែលមានខ្លឹមសារផ្សេង ទៅបង្ហោះដាក់ចំណងជើងផ្សឹង ដែលបង្កប់ដោយចេតនាញុះញុង ឬចោទប្រកាន់ខ្ញុំថា បង្គាប់បញ្ជាប្រដែលប្រដៅ បុគ្គលនេះបុគ្គលនោះ ជាពិសេសកូនសម្ដេចតេជោ នាយករដ្ឋមន្រ្តី ដូចជា ឯកឧត្តម ហ៊ុន ម៉ាណែត និងឯកឧត្ដម ហ៊ុន ម៉ានី ជាដើម”។
លោក ស សុខា បន្ថែមទៀតថា ” អ្វីដែលខ្ញុំមិនអាចទទួលយកបាន លោកថា ខ្ញុំក៏ចង់ធ្វើជានាយករដ្ឋមន្រ្តីដែរនោះ។ ខ្ញុំសូមបញ្ជាក់ថា ខ្ញុំកើតមកមិនមែន ដើម្បីប្រកួតប្រជែងនោះទេ។ ជាការពិតខ្ញុំនៅក្នុងគណបក្សមួយ។ យើងត្រូវគោរពសេចក្ដីសម្រេចរបស់គណបក្ស ក្នុងការរៀបចំចាត់ចែង រចនាសម្ព័ន្ធដឹកនាំប្រទេស នៅពេលដែលគណបក្សឈ្នះឆ្នោត។ ជាក់ស្ដែង ឯកឧត្តមហ៊ុន ម៉ាណែត ត្រូវបានគណបក្ស បោះឆ្នោតជាបេក្ខជនបន្តវេន នាពេលអនាគត ដែលក្នុងនោះ ខ្ញុំក៏ជាមនុស្សម្នាក់គាំទ្រ លោកដែរ”។
លោកថា “ជាភ័ព្វសំណាងរបស់ខ្ញុំក៏ថាបាន ដែលកើតមកក្នុងត្រកូលខ្ពង់ខ្ពស់មួយ។ តែអ្វីដែលជាស្មារតី ពិតប្រាកដ របស់ខ្ញុំ មិនមែនកើតមក សម្រាប់ជាការប្រកួតប្រជែងនោះទេ តែជាការចូលរួមចំណែក ឲ្យអស់ពីលទ្ធភាព ដើម្បីប្រយោជន៍យុវជន ប្រជាជន និងសង្គមជាតិទាំងមូល។ ពោលគឺខ្ញុំមិនធ្វើជាចំណែក នៃបញ្ហានោះទេ តែខ្ញុំប្ដេជ្ញាធ្វើជាចំណែក នៃដំណោះស្រាយសង្គមវិញ” ។
ចំពោះការចោទប្រកាន់ខាងលើនេះ លោក ស សុខា បញ្ជាក់ថា ជាយុទ្ធសាស្ត្របំបែកបំបាក់ផ្ទៃក្នុង ដែលពុំធ្លាប់មានប្រសិទ្ធភាពម្ដងណាឡើយ ។
លោក ស សុខា បន្ថែមថា “ពួកយើងមានតែការសាមគ្គីផ្ទៃក្នុង គ្រប់ស្រទាប់ ឋាន: និងគ្រប់រូបភាព។ និយាយឲ្យអស់ទៅ យើងតែងជួបគ្នា គ្រប់មធ្យោបាយ ទាំងក្នុងក្របខ័ណ្ឌទំនាក់ទំនងរាប់អាន និងជាពិសេសកិច្ចការ ជាប្រយោជន៍ជាតិ ប្រកបដោយការគោរព ការយល់ចិត្តយល់ថ្លើម ក្នុងស្មារតីជិះទូកតែមួយទៅកាន់ត្រើយតែមួយ។