សម្ដេចតេជោ ហ៊ុន សែន ប្រកាសលើកលែងទោស ដល់សកម្មជនប្រឆាំង ដែលប្រកាសផ្ដាច់ខ្លួន ចេញពីលោក សម រង្ស៊ី
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសលើកលែងទោស ដល់អ្នកផ្ដាច់ខ្លួនចេញពី ទណ្ឌិត សម រង្ស៊ី ដែលកំពុងរត់គេចខ្លួនសម្ងំនៅក្រៅប្រទេស ព្រោះ សម្ដេច មានសិទ្ធិចុះហត្ថលេខា ស្នើសុំព្រះមហាក្សត្រ ដើម្បីលើកលែងទោស។
នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋជាច្រើនគ្រួសារបន្ថែមទៀត បានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗ ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា មករស់នៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសកម្ចាត់ចោលនូវមនោគមវិជ្ជាជ្រុលនិយមរបស់ពូជជនក្បត់ជាតិ ៣ជំនាន់។
សម្ដេចតេជោ បញ្ជាក់ថា «ខ្ញុំកម្ចាត់តែអាមួយហ្នឹងទេ (សម រង្ស៊ី) អត់កម្ចាត់អ្នកណាផ្សេង។ ចឹងអ្នកដទៃ បំបែកខ្លួនចេញមក ខ្ញុំអាចនឹងពិនិត្យលើកលែងទោសឱ្យអ្នកឯង ឱ្យតែបែកចេញពីអាមួយនោះ។ ព្រោះ ខ្ញុំមានអំណាច ដើម្បីចុះហត្ថលេខា ស្នើសុំព្រះមហាក្សត្រ លើកលែងទោស ក៏ប៉ុន្ដែក្នុងលក្ខខណ្ឌអ្នកឯងបំបែកខ្លួនចេញពីអាមួយហ្នឹង ខ្ញុំប្រកាសគោលនយោបាយរបស់ខ្ញុំ»។
សម្ដេច ក៏បានព្រមានប្ដឹង និងរំលាយគណបក្សនយោបាយណា ដែលលួចមានទំនាក់ទំនងឬដែលមានទណ្ឌិត សម រង្ស៊ី ស្ថិតនៅពីក្រោយខ្នងផងដែរ។
សម្ដេចតេជោ បញ្ជាក់បន្ថែមទៀតថា «អ្នកប្រជុំតាម Zoom ខ្ញុំដឹងហើយកំពុងនៅក្នុងដៃខ្ញុំ ព្រោះខ្ញុំ មានភ្នាក់ងារម្នាក់បានបញ្ជូននូវខ្សែអាត់ថតសម្លេងដែលប្រជុំនោះជូនទៅអ្នកឯងវិញ ពេលនោះ អ្នកដាក់ចេញសេណារីយោបើបានប៉ុន្មានកៅអី ធ្វើម៉េច បានប៉ុណ្ណេះត្រូវបែបម៉េច»។
លើសពីនេះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏បានដឹងពីអ្នកដែលទាក់ទងគ្នានៅអាមេរិក ដាក់បេក្ខជននៅរតនគិរី ផងដែរ ប៉ុន្តែចំណុចនេះនៅមិនទាន់ចំណុចត្រូវធ្វើនោះទេ។ សម្តេចថា «អ្នកឯងត្រូវចាំ តើសព្វថ្ងៃអ្នកធ្វើយ៉ាងម៉េច ទាក់ទងគ្នាយ៉ាងម៉េច សូមធ្វើការប្រុងប្រយ័ត្នមែនទែន»។
សម្ដេចតេជោ បានលើកឡើងថា ជុំវិញបញ្ហាខាងលើនេះ ដើម្បីសេចក្តីសុខប្រជាពលរដ្ឋខ្មែរ ដោយមិនទុកឲ្យមនុស្សម្នាក់មកបំផ្លាញសន្តិភាព ដែលរកបានដោយលំបាក៕