ឃាត់ខ្លួន ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីកាប់ម៉ូតូ នៅក្រុងសៀមរាប
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ក្រុងសៀមរាប ដឹកនាំដោយលោកវរសេនីយ៍ទោ ដា ចំរើន អធិការក្រុងសៀមរាប ធ្វើបានឃាត់ខ្លួនពាក់ព័ន្ធនឹងករណីធ្វើឲ្យខូចខាតដោយចេតនា ( កាប់ម៉ូតូ )និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
យោងតាមអធិការដ្ឋាននគរបាលក្រុងសៀមរាប បានឱ្យដឹងថាជនសង្ស័យ ជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងមានដីការបង្គាប់ឲ្យចាប់ខ្លួន ពីតុលាការផងដែរ ។
សូមរំលឹកថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២១:៣០នាទីយប់ នៅចំនុចផ្លូវក្រាលកៅស៊ូ ក្នុងភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប មានករណីអំពើធ្វើឲ្យខូចខាតដោយចេតនា ( កាប់ម៉ូតូ )បង្កឡើងដោយជនសង្ស័យឈ្មោះ ណៃ វ៉ាន់នេត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ បានធ្វើសកម្មភាព ស្ទាក់កាប់ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០២១ ពណ៌ខ្មៅពាក់ផ្លាកលេខសៀមរាប ១AK-៧៨៥៩ លេខតួ,លេខម៉ាស៊ីន ៥៩៩៣៤៩០ របស់ជនរងគ្រោះឈ្មោះ ល.ដ.ឡ ភេទប្រុស អាយុ២៣ឆ្នាំ ស្នាក់នៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប បណ្តាលឲ្យបែកកុងទ័រ និងក្បាលម៉ូតូ ព្រមទាំងកាប់ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៤ បិតតែមប្រិ៍ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខសៀមរាប១P-៥៨៥០ លេខតួ,លេខម៉ាស៊ីន ៩១៤៥៨៦៦ បណ្តាលឲ្យបែកគម្របស៊ីផ្លេ និងកុងទ័រ។
ក្រោយទទួលសេចក្តីរាយការណ៍ កម្លាំងយើងបានចុះទៅកន្លែងសាកសួរ នៅកើតហេតុ យើងបានកំណត់មុខសញ្ញាជនសង្ស័យខាងលើបាន រួចបានស្វែងរកជនសង្ស័យយកមកសួរនាំ ក្រោយពីសួរនាំ ជនសង្ស័យខាងលើបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់ម៉ូតូ របស់ជនរងគ្រោះទាំងពីរនាក់ ខាងលើពិតមែន រីឯវត្ថុតាងជនសង្ស័យ បានបោះចោលក្នុងទឹក ។
ជនសង្ស័យឈ្មោះ ណៃ វ៉ាន់នេត ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅភូមិស្ទឹងថ្មី ឃុំស្វាយដង្គំ ស្រុក/ខេត្តសៀមរាប បច្ចុប្បន្ននៅភូមិត្រៀក សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ។
ជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។