សម្តេចតេជោ កោតសរសើរ គណបក្សភ្លើងទៀន ដែលបានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស ទណ្ឌិត សម រង្ស៉ី ចំពោះការប្រមាថ ព្រះមហាក្សត្រ
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការកោតសរសើរ ចំពោះថ្នាកដឹកនាំគណបក្សភ្លើងទៀន ដែលបានចេញថ្កោលទោសចំពោះទណ្ឌិតក្បត់ជាតិ សម រង្ស៉ី ដែលប្រមាថអង្គព្រះមហាក្សត្រ ដែលជំហរថ្នាក់ដឹកនាំគណបក្សនេះ នឹងអាចរួមរស់ជាមួយគ្នាបាននៅកម្ពុជា បើមិនដូច្នោះទេ នឹងមានបញ្ហាប្រឈម។
ថ្លែងក្នុងពិធីចែកស្រូវពូជ និងស្បៀងអាហារ ជូនប្រជាពលរដ្ឋជិត ៧ពាន់គ្រួសារ នៅខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកអំពីការស្នើរបស់សម្តេច ដើម្បីឱ្យថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ចេញមកបញ្ជាក់ថា ការប្រមាថព្រះមហាក្សត្រ ដែលធ្វើឡើងដោយទណ្ឌិត សម រង្ស៉ី ជារឿងត្រឹមត្រូវ ឬមិនត្រឹមត្រូវ? ដោយសារតែក្នុងប្រទេសកម្ពុជា មានរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ប្រទេសបានកំណត់ថាជា របបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះថា៖ «ចំណុចនេះ ជាចំណុចដែលខ្ញុំត្រូវថ្លែងអំណរគុណ និងកោតសរសើរចំពោះ ថ្នាក់ដឹកនាំនៃគណបក្សភ្លើងទៀន ដែលបានបញ្ជាក់ជំហរនេះយ៉ាងច្បាស់ ដែលយើងអាចនឹងរួមរស់នៅជាមួយគ្នា បើមិនដូច្នោះទេ ប្រឈមនឹងបញ្ហា»។
កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ គណបក្សភ្លើងទៀន បានសេចក្តីប្រកាសដោយថ្កោលទោសចំពោះជនដែលបានប្រមាថព្រះចេស្តា ព្រះមហាក្សត្រ ស្របពេលដែលជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី កំពុងត្រូវបានបងប្អូនប្រជានុរាស្រ្តខ្មែរទូទាំងនគរចេញញ្ញតិ្តថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះទង្វើដ៏សែនអាក្រក់របស់ជនក្បត់ជាតិរូបនេះ ដែលថ្លើមធំហ៊ានជេរប្រមាថអង្គព្រះមហាក្សត្រ ដែលជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់រាស្រ្តខ្មែរ។
ក្រៅពីថ្នាក់ដឹកនាំគណបក្សភ្លើងទៀន ដែលបានចេញសេចក្តីថ្លែងការណ៍នេះ នៅមូលដ្ឋានឃុំសង្កាត់ជាច្រើន ដែលមានសមាជិកគណបក្សភ្លើងទៀនដែលមានមុខតំណែងសមាជិកក្រុមប្រឹក្សា ក៏បានចេញមុខថ្កោលទោសចំពោះទណ្ឌិត សម រង្ស៉ី ដែលប្រមាថព្រះមហាក្សត្រផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ខ្ញុំសង្ឃឹមថា ភាពឯកោរបស់អាមេក្បត់ជាតិនេះ គឺវានឹងបន្តតទៅទៀត ដោយសូម្បីតែបក្ស ដែលវាបង្កើត ក៏ត្រូវថ្កោលទោសទៅលើវាដែរ អញ្ចឹងអ្នកឯងប្រឹងស្រែកបន្តទៀតចុះ ហើយសូមបញ្ជាក់នរណាក៏ដោយ មិនអាចផ្សារភ្ជាប់ជាមួយអាចោរក្បត់ជាតិនេះបានទេ»។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗ ក្នុងវេទិកាសាធារណៈមួយនៅក្រៅប្រទេស ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី បានបន្តជេរប្រមាថយ៉ាងធ្ងន់ធ្ងរបំផុតលើ ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដោយចោទប្រកាន់ព្រះអង្គថាជា «ជនក្បត់ជាតិ»។ ទណ្ឌិត សម រង្ស៉ី បាននិយាយប្រមាថយ៉ាងដូច្នេះថា «ស្តេចសព្វថ្ងៃនេះ អត់មានមនសិការជាតិតែបន្តិចក៏អត់ដែរ បន្ទាប់ពី ហ៊ុន សែន ស្តេចស្រុកខ្មែរក្បត់ជាតិ ព្រោះយើងបំពេញបន្ថែមឱ្យគេ ក្បត់ជាតិពេញទីហើយ ព្រោះយើងកាត់ទឹកដីខ្មែរឱ្យបរទេស»។
ការប្រមាថយ៉ាងធ្ងន់ធ្ងរ និងគឃ្លើនរបស់ទណ្ឌិតក្បត់ជាតិ៣ជំនាន់នេះ បានធ្វើឱ្យថ្នាក់ដឹកនាំ ស្ថាប័នជាតិ អ្នកនយោបាយ និងប្រជាពលរដ្ឋខឹងសម្បារយ៉ាងខ្លាំង និងចេញមុខថ្កោលទោសជាបន្តបន្ទាប់។
ពាក់ព័ន្ធនឹងករណីប្រមាថជាថ្មីយ៉ាងធ្ងន់ធ្ងរលើអង្គព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឡើងដោយទណ្ឌិត សម រង្ស៉ីនេះ, កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ក៏បានបានចេញអធិបញ្ជាឲ្យ លោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចាត់វិធានការផ្លូវច្បាប់ជាបន្ទាន់ និងតឹងរឹងបំផុតផងដែរ។
នេះមិនមែនជាលើកទី១ ទេដែលទណ្ឌិត សម រង្ស៉ី បានប្រមាថចំពោះអង្គព្រះមហាក្សត្រ។ ជននេះ ក៏ត្រូវបានតុលាការផ្តន្ទាទោសជាច្រើនករណី ដែលកំណត់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ក្នុងនោះក៏មានដែរនូវទោសប្រមាថចំពោះអង្គព្រះមហាក្សត្រ។
កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅនេះ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមកាត់ទោស ទណ្ឌិត សម រង្ស៉ី មេក្រុមប្រឆាំងក្រៅច្បាប់ ឱ្យជាប់ពន្ធនាគារអស់មួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ទាំងសិទ្ធិបោះឆ្នោត សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត និងសិទ្ធិធ្វើនយោបាយផ្សេងទៀត។ ក្រៅពីសម្រេចដាក់ពន្ធនាគារមួយជីវិត និងដកសិទ្ធិធ្វើនយោបាយជាស្ថាពរ ក្រោមការចោទប្រកាន់ពីបទ «ប៉ុនប៉ងនូវប្រគល់ឱ្យរដ្ឋបរទេសនូវដែនដីមួយផ្នែក» តុលាការក្រុងភ្នំពេញ ក៏បានបង្គាប់ឱ្យសមត្ថកិច្ចចាប់ខ្លួនទណ្ឌិត សម រង្ស៉ី យកមកផ្តន្ទាទោសផងដែរ។
ការប្រមាថយ៉ាងធ្ងនធ្ងរចំពោះអង្គព្រះមហាក្សត្រ របស់ទណ្ឌិត សម រង្ស៉ី កំពុងល្មើសយ៉ាងធ្ងន់ធ្ងរទៅលើមាត្រា៧ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដែលចែងថា «អង្គព្រះមហាក្សត្រមិនអាចនរណារំលោភបំពានបានឡើយ» និងល្មើសនឹងមាត្រា៤៣៧ (ស្ទួន) នៃក្រមព្រហ្មទណ្ឌ ដែលកំណត់ច្បាស់ពីបទប្រមាថចំពោះអង្គព្រះមហាក្សត្រ៕