ឃាត់ខ្លួន ចាស់ទំនើងមួយក្រុម បន្ទាប់ពីបានប្រើអំពើហឹង្សា យ៉ាងឃោឃៅ លើយុវជន២នាក់

ភ្នំពេញ៖ ចាស់ទំនើងមួយក្រុម មានគ្នា៤នាក់ ត្រូវបានអធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួន នៅត្រង់ចំណុចផ្លូវ២១ភូមិលេខ១ក សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ពាក់ករណី «ហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស»។

ប្រតិបត្តិការបង្រ្កាបនេះ ដឹកនាំដោយ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងកម្លាំងជំនាញនិងប៉ុស្តិ៍ពាក់ព័ន្ធ។

បើតាមអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា កាលពីវេលានិងទីកន្លែងកើតហេតុខាងលើ មានក្មេងទំនើង០១ក្រុម បានយកដុំថ្មគប់ចូលផ្ទះជនសង្ស័យ ពេលនោះជនសង្ស័យទាំង៤នាក់ បានចេញពីក្នុងផ្ទះរួច បើករថយន្តយកពូថៅនិងដំបងទីប ជិះដើររកក្រុមក្មេងទំនើងទាំងនោះ ។
នៅពេលជិះដល់ចំណុចកើតហេតុខាងលើ ក៏បានឃើញជនរងគ្រោះទាំង២នាក់ កំពុងឈរជុះនោម ហើយក៏បានចុះទៅ រួចហើយយកពូថៅនិងដំបងទីប ដេញកាប់និងវាយជនរងគ្រោះ ឈ្មោះហែម សំណាង បណ្តាលឲ្យមានរបួសស្នាមមុតជ្រៅត្រង់ខ្នង ជាច្រើនកន្លែង បន្ទាប់ពីកាប់និងវាយជនរងគ្រោះរួច ក្រុមជនសង្ស័យបានលើកជនរងគ្រោះដាក់ ក្នុងរថយន្តយកមកផ្ទះរបស់ខ្លួនដើម្បីសួរនាំ ។ ក្រោយមកក៏ត្រូវសមត្ថកិច្ចក្រុងតាខ្មៅ ចុះអន្តរាគមន៍ឃាត់ខ្លួន ជនសង្ស័យ បាននិងវត្ថុតាងយកមកសាកសួរ និងចាត់ការតាមនិតិវិធីតែម្តង។

បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋានដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតិវិធីនៃច្បាប់ ៕