តាមប្រមាញ់ក្រុមចោរប្លន់ និងកាច់កម៉ូតូ ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ

ភំ្នពេញ ៖ កម្លាំងផ្នែកជំនាញខណ្ឌដង្កោ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២បានសហការគ្នា តាមចាប់និងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥និង២០នាទី ត្រង់ចំណុចភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យ ឈ្មោះ សុខ ហេង ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមិបន្សាំង ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

វត្ថុតាងចាប់យក ៖ ម៉ូតូ ចំនួន០១គ្រឿង,រថយន្តចំនួន០២គ្រឿង ,បង់អាវុធខ្លីចំនួន០១ ,គ្រាប់អាវុធខ្លីចំនួន១៤គ្រាប់ ,ដែកជ្រុងចុងសំប៉ែតស្រួច(សម្រាប់កាច់សោរកម៉ូតូ) ចំនួន១៣ , ផ្លែតួណឺវីសជ្រុងចំនួន០៨ ,ផ្លាកលេខម៉ូតូចំនួន០៤(ភ្នំពេញ1JE-3297/ភ្នំពេញ1JP-6813 /ភ្នំពេញ1JA-8190/ភ្នំពេញ1JB-8566 ,និងកូនសោរម៉ូតូចំនួន០១ ។

តាមរបាយការណ៍បានឲ្យដឹងថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៥និង២០នាទី កម្លាំងផ្នែកជំនាញខណ្ឌដង្កោ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១២ កំពុងចេញល្បាតក្នុងភូមិសាស្រ្ដ ស្រាប់តែឮបទបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ តាមរយ:វិទ្យុទាក់ទង(អាយឌី) ឲ្យកម្លាំងសមត្ថកិច្ចដែលកំពុងល្បាតទាំងអស់ ធ្វើការសហការណ៍ជាមួយសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យនិងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃពិនិត្យនិងឃាត់រថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2BS-8597 ដែលជនសង្ស័យកំពុងជិះគេចខ្លួន ។

បន្ទាប់មកសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានឃើញជនសង្ស័យកំពុងបើក រថយន្តលើផ្លូវ២១៧ ស្ថិតនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចយើងក៏បានហៅឲ្យជនសង្ស័យ ឈប់តែជនសង្ស័យមិនបានឈប់ រថយន្តទេ ហើយបើកគេចចូលទៅក្នុងបុរីVIP ស្ថិតនៅភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ រួចបានឈប់រថយន្តម៉ាកខាងលើទុកចោល ហើយបើកម៉ូតូម៉ាក PCX ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 1JJ-9994 រត់គេចខ្លួនបន្តទៀត ។ ពេលឃើញដូចនេះសមត្ថកិច្ច បានដេញតាមពីក្រោយផងនិងពួនស្ទាក់ ពីមុខផងទើបជនសង្ស័យ បានផ្តួលម៉ូតូខាងលើចោល ហើយរត់ចូលទៅពួនសម្ងំ នៅក្នុងផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ពេលនោះសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានធ្វើការឡោមពទ្ធ័ ឃាត់បានជនសង្ស័យខាងលើ និងដកហូតបានវត្ថុតាងរួមមាន៖ ១/ម៉ូតូម៉ាក PCX ពណ៌ប្រផេះ ពាក់ផ្លាកលេខ ភ្នំពេញ 1JJ-9994 ចំនួន០១គ្រឿង ,២/រថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BS-8597ចំនួន០១គ្រឿង, ៣/រថយន្តម៉ាកព្រូស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BG-8423ចំនួន០១គ្រឿង ,៤/ បង់អាវុធខ្លីចំនួន០១ ,៥/គ្រាប់អាវុធខ្លីចំនួន១៤គ្រាប់ ,៦/ដែកជ្រុងចុងសំប៉ែតស្រួច(សម្រាប់កាច់សោរកម៉ូតូ) ចំនួន១៣ ,៧/ ផ្លែតួណឺវីសជ្រុងចំនួន០៨ ,៨/ផ្លាកលេខម៉ូតូចំនួន០៤(ភ្នំពេញ1JE-3297/ភ្នំពេញ1JP-6813 /ភ្នំពេញ1JA-8190/ភ្នំពេញ1JB-8566 ,៩/កូនសោរម៉ូតូចំនួន០១ ។

ហើយសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានប្រគល់ជនសង្ស័យខាងលើ រួមនិងវត្ថុតាង អោយទៅការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីចាត់ការតាមផ្លូវច្បាប់៕