លួចឡាន ពីខេត្តបន្ទាយមានជ័យ បើកមកជាប់ខ្នោះ នៅខេត្តសៀមរាប
ភ្នំពេញ៖ ក្រោយការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប បានសហការគ្នាបើកប្រតិបត្តិការ ចុះស្រាវជ្រាវ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីលួចរថយន្ត របស់ប្រជាពលរដ្ឋម្នាក់ នៅស្រុកព្រះនេត្រព្រះ កាលពីយប់ថ្ងៃទី០២ ខែវិច្ឆិការ ឆ្នាំ២០២២។
លោកវរសេនីយ៍ទោ ទេព រដ្ឋា អធិការនៃអធិការដ្ឋានស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ជនសង្ស័យ ដែលនគរបាលឃាត់ខ្លួន មានឈ្មោះឌុក វាសនា ភេទប្រុសអាយុ៣៣ឆ្នាំ នៅភូមិខ្វាវលិច ឃុំ ស្វាយចេក ស្រុកស្វាយចេក ។ រីឯជនរងគ្រោះមានឈ្មោះ អ៊ូច សំបូរ ភេទប្រុស អាយុ៣១ឆ្នាំរស់នៅភូមិរំដួល ឃុំភ្នំលៀប ស្រុក ព្រះនេត្រព្រះ ជាម្ចាស់រថយន្តម៉ាក ហ៊ីយាន់ដាយ ពណ៌ ស ពាក់ស្លាកលេខ ភ្នំពេញ3A-4414 ប្រភេទ ដឹកទំនិញធុនធំ នៅលើរថយន្តនោះមានដឹក កន្ទក់ចំនួន១០តោន។
ជនរងគ្រោះបានរៀបរាប់ថា មុនពេល កើតហេតុវេលាម៉ោង១១ យប់ ថ្ងៃទី០២ ខែធ្នូ បានយករថយន្ត មកចតទុកនៅចំណុចមុខ ហាងបាយម្ដាយនៅភូមិរំដួល ប៉ែកខាងលិចភូមិ គ្មានរបង នៅជាប់ផ្លូវជាតិ លេខ06 រួចទៅដេកដោយមិនបានដកសោ កុងតាក់ លុះព្រឹកថ្ងៃទី០៣ ខែធ្នូ ក្រោកមកមើលស្រាប់តែបាត់រថយន្ត ជនរងគ្រោះបានមកប្តឹងឲ្យនគរបាលជួយអន្តរាគមន៍។
ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញបទបញ្ជាដល់កម្លាំងនគរបាលទូទាំងខេត្ត កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក នគរបាលផែនព្រហ្មទ័ណ្ឌ ឲ្យចុះស្រាវជ្រាវ និង បានសហការជាមួយនគរបាលខេត្តសៀមរាប ទើបស្ទាក់ឃាត់បានជនសង្ស័យ និងរថយន្ត នៅលើកំណាត់ផ្លូវជាតិលេខ៦A ចំនុចរង្វង់មូលព្រះរាជដំណាក់ ក្រុងសៀមរាបតែម្តង កាលពីម៉ោង៨:៣០នាទី ព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបាន នគរបាលស្រុកព្រះនេត្រព្រះ នាំយកសួរនាំដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕