បង្ក្រាបករណីជួញដូរ គ្រឿងញៀនទ្រង់ទ្រាយធំ ចាប់បានជិត៩០០គីឡូក្រាម នៅក្រុងព្រះសីហនុ
ភ្នំពេញ៖ កម្លាំងកងរាជអវុធហត្ថខេត្តព្រះសីហនុ បានបើកប្រតិបត្តិការ បង្ក្រាបករណីជួញដូរគ្រឿងញៀន ទ្រង់ទ្រាយធំមានទម្ងន់ជិត ៩០០គីឡូក្រាម។ ការបង្ក្រាបនេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ នៅចំណុចឃ្លាំងជួលមួយកន្លែង ស្ថិតនៅក្រុម៩ ភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ លោកឧត្ដមសេនីយ៍ត្រី ហេង ប៊ុនទី បានឲ្យដឹងថា ប្រតិបត្តិការនៃការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដ៏ធំនេះ ធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ក្រោមការសម្របសម្រួលនីតិវិធី ពីលោក ចន្ទ ដារិទ្ធ ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងខេត្តព្រះសីហនុ បានបើកការស្រាវជ្រាវ រហូតឈានទៅដល់ការបង្ក្រាបករណីជួញដូរគ្រឿងញៀន រកឃើញគ្រឿងញៀនជិត៩០០គីឡូក្រាម ដោយវត្ថុតាងទាំងនោះ ត្រូវបានយកមករក្យាទុកនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។
លោកបញ្ជាក់ថា ចំពោះក្រុមជនសង្ស័យកម្លាំង មន្ទីរជំនាញបានពន្លាតដែនដីសមត្ថកិច្ចទៅតាមរាជធានី-ខេត្ត ដើម្បីស្វែងរកមុខសញ្ញាពាក់ព័ន្ធ តាមជំនាញ ដោយប្រើពេលសហការជាមួយសមត្ថកិច្ចដែនដីពាក់ព័ន្ធ៕