ក្រុមមេធាវីរាជរដ្ឋាភិបាល ចាត់ទុកទង្វើ ទណ្ឌិតមេឧបឃាត សម រង្ស៊ី មិនត្រឹមតែល្ងិតល្ងង់នោះទេ ថែមទាំងប្រមាថយ៉ាងធ្ងន់ធ្ងរ លើប្រធានាធិបតីបារាំង
ភ្នំពេញ៖ ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកទង្វើ របស់ទណ្ឌិតមេឧបឃាត សម រង្ស៉ី ជាការប្រមាថយ៉ាងធ្ងន់ធ្ងរ លើប្រធានាធិបតីបារាំង មិនត្រឹមតែឆ្លុះបញ្ចាំងនូវភាពល្ងិតល្ងង់ហួសប្រមាណរបស់ខ្លួន និងការបន្តចរិតមារយាទបំភាន់នូវសច្ចភាពតែប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាការប្រមាថយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះលោក EMMANUEL MACRON។
តាមរយៈ សេចក្តីថ្លែងការណ៍ របស់ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា ស្ដីពីអំពីអាណត្តិរបស់ប្រធានសមាគមន៍ប្រជាជាតិអាស៊ីអាគ្នយ៍ ហៅកាត់ថា «អាស៊ាន»។ ជាមួយនឹងការបំភ្លឺតាមធម្មនុញ្ញអាស៊ាននេះ ក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថា ទង្វើរបស់ទណ្ឌិតមេឧបឃាត សម រង្ស៉ី បានលើកឡើងថា ខ្លួនក៏ដូចជាសាធារណជនទូទៅ មានការហួសចិត្តយ៉ាងខ្លាំងហួសពីការស្មាន ចំពោះជន អន្ធពាល ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៉ី ដែលបង្ហាញនូវភាពល្ងង់ខ្លៅ អវិជ្ជាហួសកម្រិតរបស់ខ្លួន និងបន្តបំភ្លៃប៉ុនប៉ងភូតកុហកបោកប្រាស់មហាជនជាដរាប តាមរយៈការសរសេរសារបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លួចប្រើឈ្មោះជាប្រធានអាស៊ាន ដើម្បីឱ្យប្រធានាធិបតីនៃសាធារណរដ្ឋបារាំងទទួលជាផ្លូវការ។
យោងតាមធម្មនុញ្ញអាស៊ាន ឋានៈជាប្រធានអាស៊ាន ត្រូវប្តូរវេនជារៀងរាល់ឆ្នាំ តាមលំដាប់អក្ខរក្រមនៃឈ្មោះ ជាភាសាអង់គ្លេសរបស់រដ្ឋសមាជិក ក្នុងរយៈពេលពេញមួយឆ្នាំប្រតិទិន «ពោលគឺចាប់ផ្តើមពីថ្ងៃទី០១ ខែមករា នៃឆ្នាំ រហូតដល់ថ្ងៃទី៣១ ខែធ្នូ នៃឆ្នាំដដែលនោះ ។ ការប្រគល់ញញួរប្រធានអាស៊ាន ដែលធ្វើឡើងនៅមុនចប់ដំណាច់ ឆ្នាំប្រតិទិននោះ គ្រាន់តែជាការប្រគល់ទុកជាមុនជានិមិត្តរូប ក្នុងខណៈពេលនៃការបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន ប៉ុន្តែពុំមែនមានន័យជាការសម្គាល់ថា ចប់អាណត្តិរបស់ប្រធានអាស៊ានកំពុងកាន់តំណែង ដែលប្រគល់ញញួរជាមុន ទៅជូនប្រធានថ្មីបម្រុងនោះឡើយ។ ឋានៈជាប្រធានអាស៊ានរបស់ សម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ទើបចប់អាណត្តិ។
ក្រុមមេធាវី បានបញ្ជាក់ថា «ទង្វើរបស់ទណ្ឌិតមេឧបឃាត សម រង្ស៉ី មិនត្រឹមតែឆ្លុះបញ្ចាំងនូវភាពល្ងិតល្ងង់ ហួសប្រមាណរបស់ខ្លួន និងការបន្តចរិតមារយាទបំភាន់នូវសច្ចភាពតែប៉ុណ្ណោះនោះទេ ប៉ុន្តែក៏ជាការប្រមាថ យ៉ាងធ្ងន់ធ្ងរបំផុត ចំពោះ លោក EMMANUEL MACRON ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង និងបណ្តាប្រទេសនៅអឺរ៉ុប ស្នងការអឺរ៉ុប សភាអឺរ៉ុប និងរដ្ឋម្ចាស់ផ្ទះ ដែលបានទទួល បដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងពេញលក្ខណៈការទូត ស្របតាមនិយាមច្បាប់ អន្តរជាតិ ចំពោះ សម្តេចតេជោ ក្នុងនាមជាប្រធានអាស៊ាន ហើយក៏មើលងាយមើលថោក បន្ទុះបង្អាប់ចំពោះថ្នាក់ដឹកនាំ និងប្រជាជន នៃបណ្តារដ្ឋជាសមាជិកអាស៊ានទាំងអស់ រួមទាំងលោក JOKO WIDODO ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលចូលរួមជាសមាជិកអាស៊ាន ក្រោមការដឹកនាំរបស់ សម្តេចតេជោ ជាប្រធាន»៕