ឯកឧត្ដម ហ៊ុន ម៉ាណែត មិននឹកស្មានថាលោក សម រង្សី គ្មានភាពខ្មាស់អៀន ដល់ថ្នាក់នេះ
ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី នាថ្ងៃអនាគត បានសម្ដែងការហួសចិត្ត មិននឹកស្មានថា លោក សម រង្សី គ្មានភាពខ្មាស់អៀនដល់ថ្នាក់នេះ។
ការលើកឡើងរបស់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បែបនេះធ្វើឡើងបន្ទាប់ពីទណ្ឌិតមេឧបឃាត សម រង្ស៊ី បានបង្ហោះសារនៅលើបណ្ដាញសង្គម ដោយបានបំភ័ន្ពអំពីអាណត្តិ ប្រធានអាស៊ាន និងការទទួលបដិសណ្ធាកិច្ច សម្ដេចតេជោ ហ៊ុន សែន ពីសំណាក់ប្រធានធិបតីបារាំង លោក ម៉ាក្រុង និងមេដឹកនាំអឺរ៉ុបមួយចំនួនផ្សេងទៀត។
នៅលើគណនីហ្វេសប៊ុក ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត បានសសេរយ៉ាងដូច្នេះថា «ក្នុងនាមជាក្មេងជំនាន់ក្រោយម្នាក់ ខ្ញុំមិននឹកស្មានថាលោក សម រង្សី គ្មានភាពខ្មាស់អៀនដល់ថ្នាក់នេះ!!! ដែលហ៊ានចេញសារលើបណ្តាញសង្គមរបស់ខ្លួនជាភាសាខ្មែរផង ជាភាសាអង់គ្លេសផង រិះគន់សម្តេចតេជោពាក់ព័ន្ធករណីក្លែងបន្លំតួនាទីជាប្រធានអាស៊ាន ដែលខ្លួនគាត់ (សម រង្សី) មិនទាំងយល់ច្បាស់អំពីអាណត្តិរបស់ប្រធានអាស៊ានផង😅
សាររបស់លោក សម រង្សី គឺស្មើនឹងគាត់រិះគន់ប្រធានាធិបតីបារាំង ក៏ដូចជាថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងប្រមុខរដ្ឋអាស៊ានដ៏ទៃទៀត ថាពួកគេមិនយល់ច្បាស់អំពីអាណត្តិរបស់ប្រធានអាស៊ាន ព្រោះពួកគេបានទទួលស្គាល់នូវតួនាទីជាប្រធានអាស៊ានរបស់សម្តេចតេជោ ទាំងក្នុងជំនួបជាមួយប្រធានាធិបតីបារាំង (ថ្ងៃទី ១៣ ធ្នូ ២០២២ នៅទីក្រុងប៉ារីស ប្រទេសបារាំង) និងកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៤៥ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប (ថ្ងៃទី១៤ ធ្នូ ២០២២ នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្ស៉ិក)។
និយាយអោយខ្លី គឺលោក សម រង្សី ចង់បង្ហាញថាមានតែគាត់ទេដែលឆ្លាតវៃជាងគេ ហើយយល់អំពីអាណត្តិរបស់ប្រធានអាស៊ានច្បាស់ជាងប្រធានាធិបតីបារាំង ថ្នាក់ដឹកនាំសហភាពអឺរ៉ុប និងថ្នាក់ដឹកនាំអាស៊ាន។
ខ្ញុំអានសាររបស់គាត់ច្រើនដង ហើយនៅតែហួសចិត្តដែលគាត់អាចសរសេរសារបែបនេះទៅរួច ព្រមទាំងបង្ហោះសារជាសាធារណៈជាភាសាខ្មែរ និងភាសាអង់គ្លេសអោយបរទេសអាចអានទៀត😅🤣»។