ប្រទះឃើញ សត្វផ្សោតញី មួយក្បាលងាប់អណ្ដែតទឹក នៅតំបន់កោះទ្រង់ ខេត្តក្រចេះ
ភ្នំពេញ៖អង្គការ WWF បានឱ្យដឹងថា កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ សត្វផ្សោតដែលមានសុខភាពល្អមួយក្បាលទៀតបានស្លាប់អណ្តែតនៅតំបន់ក្បែរកោះទ្រង់ ចម្ងាយប្រមាណ១០គីឡូម៉ែត្រ ប៉ែកខាងក្រោមអន្លង់កាំពី ខេត្តក្រចេះ។
ក្រោយការពិនិត្យ សាកសព សត្វផ្សោតយ៉ាងល្អិតល្អន់ ក្រុមអ្នកជំនាញស្រាវជ្រាវនៃខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះ និងអង្គការ WWF បានសន្និដ្ឋានជាបឋមថា សត្វផ្សោតមួយក្បាលនេះ បានស្លាប់ក្រោយពីបានរមួលខ្លួន ជាប់នឹងសន្ទូចរនង ដោយក្រុមស្រាវជ្រាវបានរកឃើញស្នាមសន្ទូចរនង ជាច្រើនពេញដងខ្លួន និងកន្ទុយរបស់វា។
សត្វផ្សោតដែលបានស្លាប់នេះ ជាសត្វផ្សោតញីពេញវ័យមានប្រវែង ១៩៦ សង់ទីម៉ែត្រ អាយុចន្លោះពី ៧ ទៅ ១០ ឆ្នាំ និងមានទម្ងន់ប្រហែល៩៣ គីឡូក្រាម។
សត្វផ្សោតនេះជាសត្វផ្សោត ដែលមានសុខភាពល្អទីបី ហើយដែលបានស្លាប់ក្នុងចន្លោះ រយៈពេលត្រឹមតែ ៧ ថ្ងៃប៉ុណ្ណោះ ដែលវាជាការប្រកាសអាសន្នមួយ តម្រូវឲ្យមានវិធានការខ្លាំងក្លាឡើង សម្រាប់ពង្រឹងការអនុវត្តច្បាប់ ជាបន្ទាន់នៅក្នុងតំបន់ជម្រកសត្វផ្សោត។
សត្វផ្សោតសរុបចំនួន ១១ក្បាល ហើយបានស្លាប់នៅក្នុងឆ្នាំ ២០២២ នេះ (គិតត្រឹមថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២២) រីឯសត្វផ្សោតដែលបានស្លាប់ក្នុងរយៈពេល ៣ ឆ្នាំចុងក្រោយនេះ មានចំនួនសរុប ២៩ ក្បាល។ អង្គការ WWF-កម្ពុជា សូមអំពាវនាវជាថ្មីម្តងទៀតដល់អាជ្ញាធរទទួលខុសត្រូវទាំងអស់សូមមេត្តាប្រមូលផ្តុំ និងពង្រឹងកំលាំងសម្រាប់ការអនុវត្តច្បាប់ជាបន្ទាន់ក្នុងការបង្កើនការល្បាតទាំងពេលថ្ងៃ និងពេលយប់ ដើម្បីការពារសត្វផ្សោត ដែលនៅសេសសល់ឲ្យជៀសផុតពីការស្លាប់ ដោយសារការនេសាទខុសច្បាប់ ក្នុងតំបន់អភិរក្សសត្វផ្សោត។
លោក សេង ទៀក នាយកអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា៖ «ការកើនឡើងនៃសកម្មភាពនេសាទខុសច្បាប់នៅក្នុងតំបន់អភិរក្សសត្វផ្សោតនាពេលថ្មីៗនេះ នឹងបណ្តាលឱ្យសត្វផ្សោតទន្លេមេគង្គឈានទៅផុតពូជ ប្រសិនបើគ្មានវិធានការបន្ទាន់ដើម្បីបញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះទេ។» សោកនាដកម្មដែលគួរអាចបញ្ចៀសបាននៃការស្លាប់របស់សត្វផ្សោតវ័យបន្តពូជទាំងបីក្បាល ជាបន្តបន្ទាប់ក្នុងរយៈពេលមិនដល់១០ ថ្ងៃ ផងនេះ ជាសារយ៉ាងច្បាស់មួយដល់អាជ្ញាធរទទួលខុសត្រូវគ្រប់លំដាប់ថ្នាក់ថា នេះជាពេលចាំបាច់បំផុតហើយ ដើម្បីបង្កើនវត្តមានមន្ត្រីសម្រាប់ការពង្រឹងការអនុវត្តច្បាប់នៅក្នុងជម្រកសត្វផ្សោតសំខាន់ៗទាំងអស់»។
លោកបានបន្ថែមថា៖ «មិនមានជម្រើសផ្សេងទៀតទេ ក្រៅពីការអនុវត្តច្បាប់ដោយតឹងរ៉ឹង ជាបន្ទាន់ ដើម្បីបញ្ឈប់ទាំងស្រុងនូវសកម្មភាពខុសច្បាប់គ្រប់ទម្រង់នៅក្នុងតំបន់ដែលសត្វផ្សោតរស់នៅ»។
លោក សេង ទៀក បានទទូចបន្ថែមថា៖ «ដើម្បីបញ្ឈប់សកម្មភាពទាំងនេះ មន្ត្រីឆ្មាំទន្លេ និងមន្ត្រីអនុវត្តច្បាប់ពាក់ព័ន្ធទាំងអស់ត្រូវមានវត្តមានរយៈពេល ២៤ ម៉ោងមួយថ្ងៃ ក្នុងសប្តាហ៍នីមួយៗដោយទៀងទាត់ ដោយចុះល្បាតទាំងថ្ងៃទាំងយប់នៅក្នុងតំបន់សត្វផ្សោត»។ បន្ថែមពីលើការល្បាតនេះ ត្រូវតែមានការដាក់ពិន័យឲ្យធ្ងន់ធ្ងរដល់ជនល្មើសដែលបានប្រព្រឹត្តការនេសាទខុសច្បាប់ ឬបទល្មើសនេសាទផ្សេងៗទៀតនៅក្នុងតំបន់អភិរក្សសត្វផ្សោត សម្រាប់ជាការកំញើញដល់អ្នកនេសាទដទៃទៀតឲ្យបញ្ឈប់ការប្រព្រឹត្តសកម្មភាពខុសច្បាប់ទាំងនេះ។
រដូវប្រាំងចាប់ពីខែធ្នូដល់ខែឧសភា គឺជាអំឡុងពេលមួយដ៏ចាំបាច់ត្រូវមានការផ្តោតការយកចិត្តទុកដាក់ការពារ។ នៅពេលទឹកស្រក សត្វផ្សោត និងត្រីមកប្រមូលផ្តុំគ្នារស់នៅ និងចេញរកស៊ីនៅក្នុងតំបន់អន្លង់ទឹកជ្រៅនៃតំបន់អភិរក្សសត្វផ្សោត។
ហេតុដូចនេះហើយទើបធ្វើឱ្យពួកវាងាយរងគ្រោះយ៉ាងខ្លាំងដោយការនេសាទខុសច្បាប់។ គឺក្នុងអំឡុងពេលនេះហើយជាពេលដែលត្រូវបង្កើនការអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង។
លោក សេង ទៀក បានសង្កត់ធ្ងន់ទៀតថា៖ «ប្រសិនបើស្ថានភាពវិបត្តិនេះនៅតែបន្តកើតឡើងទៀត ចំនួនសត្វផ្សោតអាចប្រឈមនឹងការបាត់បង់ទាំងស្រុងនាពេលខាងមុខនេះមិនខាន»។