ដកបញ្ឈរជើងមន្ត្រីនគរបាលម្នាក់ ក្រោយបង្ហោះបណ្ណចេញ-ចូល អគ្គស្នងការដ្ឋាននគរបាលជាតិ ឬក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្អាកការងារ និងបញ្ឈរជើងរយៈពេល ៣ខែ ចំពោះមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាម្នាក់ ក្រោយបង្ហោះប័ណ្ណចេញ-ចូល អគ្គស្នងការដ្ឋាននគរបាលជាតិ ឬក្រសួងមហាផ្ទៃ តាមបណ្តាញសង្គម TikTok។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី២៦ ធ្នូ នេះ បានឱ្យដឹងថា បន្ទាប់ពីបានឃើញវីដេអូបង្ហោះតាមបណ្តាណសង្គម Tik Tok ទាក់ទងទៅនឹងម្ចាស់គណនីឈ្មោះថា Tik Tok Fan Dy 9828 ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា បានបង្ហោះខ្លឹមសារ «បងប្អូនត្រូវការផ្លាកចេញ-ចូលអគ្គស្នងការដ្ឋាននគរបាលជាតិ ឬ ក្រសួងមហាផ្ទៃ អាចមកទាក់ទងខ្ញុំបាន» កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២ ភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ហួរ ម៉ែងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ បានធ្វើការស្រាវជ្រាវ និងកោះហៅលោកអនុសេនីយ៍ឯក ម៉ិច មាស អត្តលេខ ៨៦៩០៤ មកបកស្រាយបំភ្លឺករណីនេះ។
ក្រោយពីធ្វើការសាកសួររួចរាល់ លោកអនុសេនីយ៍ឯក ម៉ិច មាស បានសារភាពថា រូបលោក ពិតជាបានបង្ហោះខ្លឹមសារខាងលើពិតប្រាកដមែន តែពុំមានចេតនាក្នុងការលក់ដូរអ្វីឡើយ គោលបំណងគឺផុសអួតដល់មិត្តភក្តិដែលជាកងកម្លាំងដូចគ្នាតែប៉ុណ្ណោះ។
ក្រោយមកសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានធ្វើការណែនាំអប់រំ ធ្វើកិច្ចសន្យា និងដាក់វិន័យរដ្ឋបាល ដោយសម្រេចចេញលិខិតព្រមានដោយផ្អាកការងារ និងដកមកបញ្ឈរជើងរយៈពេល០៣ខែ ហើយត្រូវបង្ហាញមុខនៅផ្នែករដ្ឋបាល នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខជារៀលរាល់ថ្ងៃ។
សូមបញ្ជាក់ថា ប័ណ្ណសម្គាល់ទាំងនេះមិនមែនសម្រាប់ធ្វើអាជីវកម្មនោះទេ៕