
លោក សុខសុវណ្ណ វឌ្ឍនាសាបុង (William Guang) បានឆ្លើយតបទៅនឹងវីដេអូ លោក ព្រំ បូរ ដែលរដ្ឋបាលខណ្ឌឫស្សីកែវ ថាបុគ្គល ព្រំ បូរ ធ្វើពុតជាឈឺធ្ងន់ និងចោទថាអាជ្ញាធរប្រើហិង្សាលើខ្លួន ហើយត្រូវបានប្រធានគណបក្សខ្មែរក្រោក យកទៅផ្សាយផ្ទុយពីការពិតនោះ នៅពេលនេះលោក សុខសុវណ្ណ វឌ្ឍនាសាបុង បានចេញសេចក្ដីប្រកាសព័ត៌មានថា៖
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Fresh News ដែលបានផ្សាយថា៖ រដ្ឋបាលខណ្ឌឫស្សីកែវ បញ្ចេញវីដេអូដែលបុគ្គល ព្រំ បូរ ធ្វើពុតជាឈឺធ្ងន់ និងចោទថាអាជ្ញាធរប្រើហិង្សា ហើយត្រូវបានប្រធានគណបក្សខ្មែរក្រោក យកទៅផ្សាយផ្ទុយពីការពិតនោះ នៅពេលនេះលោក សុខសុវណ្ណ វឌ្ឍនាសាបុង បានចេញសេចក្ដីប្រកាសព័ត៌មានថា៖
សេចក្ដីប្រកាសព័ត៌មាន
ជុំវិញការចុះបេសកកម្មសិក្សាលេីករណីពលរដ្ឋប្ដឹងរដ្ឋបាលខណ្ឌឫស្សីកែវចំពោះការបង្ខាំងមនុស្សខុសច្បាប់និងប្រេីប្រាស់អំពេីហឹង្សា
សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់មានកិត្តិយសជម្រាបសាធារណជននឹងអ្នកសារព័ត៌មានទាំងអស់អោយបានជ្រាបថា កាលពីល្ងាចថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះយេីងខ្ញុំបានទទួលតម្រុយអំពីពលរដ្ឋដែលធ្លាប់ជាម្ចាស់បណ្ដឹងក្នុងទំនាស់ដីធ្លីនាតំបន់អភិវឌ្ឍន៍ឫស្សីកែវថា មានការចាប់លោក ព្រំបូរ ដាក់ចូលឡាន យកទៅសាលាខណ្ឌ និងបង្ខាំងលោកព្រំបូរក្នុងបន្ទប់ប្រជុំសាលាសាលាខណ្ឌ រហូតមានការបង្ករហិង្សាអោយមានរបួសធ្ងន់ផងដែរ ។ ជាកិច្ចឆ្លេីយតបភ្លាមៗ យេីងខ្ញុំបានដឹកនាំមន្ត្រីជំនាញដោយសហការនិង មន្ត្រីអង្កេតការពីលេខាធិការដ្ឋានឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ទៅដល់មន្ទីពេទ្យខេមា សាខាទួលគោកដេីម្បីស្រាវជ្រាវស៊េីបអង្កេត
ក្នុងការស្រាវជ្រាវនេះគ្រូពេទ្យប្រចាំការបានអះអាងថាអ្នកជំងឺ ឈ្មោះ ព្រំបូរ មានអាការៈចុកដេីមទ្រូងនិងប្លោកនោម ដែលក្នុងសភាពនោះពិតជាមានការ សុងទឹកនោមប្រាកដមែន
បន្ទាប់មកយេីងខ្ញុំក៏បានសាកសួរលេីជនរងគ្រោះដែលលោកអាចនិយាយបាន ៖ លោកអះអាងថារដ្ឋបាលខណ្ឌមកចាប់លោកដាក់ឡានថែមទាំងវាយដំអោយជង្គង់បណ្ដាលអោយគាត់ចុកប្លោកនោម បន្ទាប់មកនៅពេលគេបង្ខាំងគាត់គឺគាត់មានអារម្មណ៍វិលមុខ ឈានដល់ការទប់ស្មារតីលែងបាននឹងសន្លប់ រហូតដល់ម៉ោងជាង១១ទេីបក្រុមគ្រួសារបានមកដល់បញ្ជូនលោកទៅមន្ទីពេទ្យ
ក្រោយបានទទួលតម្រុយជា ភារកិច្ចពេលយេីងខ្ញុំចុះបេសកកម្មម្ដងៗតែងតែមានការផ្សព្វផ្សាយជាសាធារណៈចំពោះបេសកកម្មរបស់ខ្លួន ដោយបង្ហាញពី អង្គហេតុ តាមការរៀបរាប់របស់ សាម៉ីបណ្ដឹង ដែលបានផ្ដល់ព័ត៌មានមកយេីងខ្ញុំ ហេីយសាម៉ីបណ្ដឹងមានផ្ដិតមេដៃទទួលខុសត្រូវចំពោះមុខច្បាប់ពាក់ព័ន្ធនិងការអះអាងរបស់ខ្លួន ចំពោះមុខមន្ត្រីសង្កេតការមកពីវិមានសន្តិភាពដេីម្បីធានាភាពសុក្រឹត្យរបស់យេីងខ្ញុំ
បន្ទាប់ពីយេីងខ្ញុំបានប្រមូលតម្រុយជាបន្តបន្ទាប់និងស៊េីបអង្កេតលេីបញ្ហានេះរហូតទទួលបាន លិខិតព័ត៌មាននានាស្ដីពីស្ថានភាពជំងឺរបស់លោក ព្រំ បូរ ដែលចេញដោយមន្ទីរព្យាបាលខេមា ជាឯកសាគតិយុត្តិដ៏រឹងមាំដែលប្រាកដថាលោក ព្រំ បូរ ពុំបានធ្វេីពុតដូចការអះអាងរបស់រដ្ឋបាលខណ្ឌឫស្សីកែវនោះទេ ព្រោះក្នុងលិខិតដែលពេទ្យវាយតម្លៃលេីស្ថានភាពត្រួតពិនិត្យរាងកាយ គឺអ្នកជំងឺមានការឈឺចាប់ ( phycial examination ) ហេីយតាមការទទួលតម្រុយនានាពីអ្នកជំនាញខាងវេជ្ជសាស្ត្រ មនុស្សធម្មតាមិនអាចសុងទឹកនោមបានទេព្រោះមានអាការៈឈឺចាប់ណាស់ ! (ការផ្ដល់តម្រុយនេះមានភស្តុតាងជាងសម្លេង)
ដោយឡែកកាលពីប៉ុន្មានម៉ោងមុននេះរដ្ឋបាលខណ្ឌឫស្សីកែវបានបង្ហោះវីឌីអូមួយ ដោយមានចេតនាអោយមហាជនវិនិច្ឆ័យត្រឹមការមេីលឃេីញថា លោក ព្រំ បូរ ធ្វេីពុត ។ តែយ៉ាងណាមិញ វីឌីអូមួយនោះហាក់បង្ហាញពីតម្រុយបន្ថែមនៃការបង្ខាំងមនុស្ស ព្រោះរូបភាពជាវីឌីអូគឺមនុស្សត្រូវបានជាប់ក្នុងបន្ទប់បិទទ្វា ។ ដែលគ្មានមនុស្សនៅ នឹងគ្មានទិដ្ឋភាពប្រជុំអ្វីនោះដែរ ហេីយវីឌីអូ មានលក្ខណៈមិនប្រក្រតីនៃចំណុចជាច្រេីនទៀត នេះបេីយោងតាមការរិះគន់របស់មហាជន ក្នុង comment លេីគេហទំព័ FreshNews ឯនៅចំណុចមួយទៀតគឺ រដ្ឋបាលខណ្ឌបានអះអាងថាខ្លួនអញ្ជេីញលោក ព្រំ បូរ មកបំភ្លឺ តែតាមការទទួលភស្តុតាងរបស់យេីងខ្ញុំទទួលបានជាវីឌីអូ គឺមានព្រឹត្តការណ៍ចាប់ដាក់ឡានដោយកម្រោល ពុំមែនជាអញ្ជេីញនោះទេ ។
ហេីយករណីនេះសាមីខ្លួនជាជនរងគ្រោះនឹងប្រេីប្រាស់សិទ្ធរបស់ខ្លួនរកយុត្តិធម៌តាមយន្តការច្បាប់ដែលមានចែង
អាស្រ័យដូចនេះសូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាននិងថ្លឹងថ្លែងដេីម្បីចៀសវាងអោយបានអំពីការបំភ័ន្តអង្គហេតុនានា ។
សូមបញ្ជាក់ដែរថា កាលពីប៉ុន្មានម៉ោងមុននេះ (ប្រហែលម៉ោង១ជាងរសៀល ថ្ងៃទី២៣ កុម្ភៈ ២០២០) សារព័ត៌មាន Fresh News បានផ្សាយយ៉ាងដូច្នេះថា៖
(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌឫស្សីកែវ ក្រោយពីបានចេញសេចក្ដីប្រកាសព័ត៌មាន កាលពីម្សិលមិញ ដោយច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយខុសពីការពិត ពីសំណាក់ប្រធាន គណបក្សខ្មែរក្រោក ដែលចោទថា បុគ្គលម្នាក់ឈ្មោះ ព្រំ បូរ ត្រូវបានអាជ្ញាធរប្រើហិង្សារហូតសន្លប់ស្ដូកស្ដឹង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យនោះ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ រដ្ឋបាលខណ្ឌ បានបញ្ចេញវីដេអូជាក់ស្ដែង ដោយបញ្ជាក់យ៉ាងច្បាស់ថា បុគ្គល ព្រំ បូរ បានសម្ដែងធ្វើជាឈឺធ្ងន់ធ្ងរ និងដេកសន្លប់ស្ដូកស្ដឹងក្នុងបន្ទប់ប្រជុំ។
យោងតាមវីដេអូកាមេរ៉ាដែលបំពាក់នៅក្នុងបន្ទប់ប្រជុំ របស់សាលាខណ្ឌឫស្សីកែវ បានបង្ហាញថា បុគ្គល ព្រំ បូរ មុនដំបូងបានឈរផ្អែកនឹងជញ្ជាំង បន្ទាប់មកបានអង្គុយ រួចដេកផ្កាប់មុខ រហូតធ្វើឲ្យសាច់ញាតិរបស់ខ្លួនដែលនៅក្រៅបន្ទប់ប្រជុំ ចូលមកថត និងទាក់ទងទៅរថយន្ដសង្គ្រោះបន្ទាន់ ដឹកទៅកាន់មន្ទីរពេទ្យ ដោយអះអាងថា ឈឺធ្ងន់ធ្ងរ និងសន្លប់ស្ដូកស្ដឹង។
ការបញ្ចេញភស្ដុតាងបន្ថែម របស់រដ្ឋបាលខណ្ឌឫស្សីកែវ នៅពេលនេះដើម្បីឲ្យសាធារណជនទាំងអស់ កុំមានការភ័ន្ដច្រឡំតទៅទៀត និងការផ្សាយព័ត៌មានខុសពីការពិត របស់ប្រធានគណបក្សខ្មែរក្រោក លោក សុខសុវណ្ណ វឌ្ឍនាសាបុង ដោយធ្វើការចោទប្រកាន់ មកលើអាជ្ញាធរមានសមត្ថកិច្ច។
សូមបញ្ជាក់ថា នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២០ រដ្ឋបាលខណ្ឌឫស្សីកែវ បង្ហាញការសោកស្តាយយ៉ាងខ្លាំងចំពោះលោក សុខ សុវណ្ណវឌ្ឍនាសាប៊ុង ប្រធានគណបក្សខ្មែរក្រោកដែលបានបន្ត ផ្សព្វផ្សាយព័ត៌មានមិនពិត តាមរយៈគេហទំព័រ Facebook William Guang ដោយមិនមានតុល្យភាព ប្រើប្រាស់ប្រភពព័ត៌មានក្លែងក្លាយ មិនមានការបញ្ជាក់ពីអាជ្ញាធរ ក្នុងន័យមួលបង្កាច់ ធ្វើឱ្យសាធារណមតិមានការភ័ន្តក្រឡំ។
បើតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កាលពីថ្ងៃម្សិលមិញ ឈ្មោះ ព្រំ បូរ បានធ្វើការរារាំងការ អនុវត្តវិធានការរដ្ឋបាលរបស់សាលាខណ្ឌឫស្សីកែវ ហើយក្រុមការងារ បានអញ្ជើញគាត់មកសាលាខណ្ឌ ដើម្បីធ្វើការពន្យល់ និងណែនាំអំពីផ្លូវច្បាប់ ប៉ុន្តែឈ្មោះ ព្រំ បូរ បានសម្តែងធ្វើជាឈឺធ្ងន់ធ្ងរ និងដេកសន្លប់ស្តូកស្តឹងនៅក្នុងបន្ទប់ប្រជុំ ដោយមានរថយន្តសង្គ្រោះបន្ទាន់មកទទួលភ្លាមៗ ហើយក្រុមការងារក៏បានប្រគល់ឈ្មោះ ព្រំ បូរ ជូនក្រុមគ្រួសារដោយមានការធានា និងការទទួលខុសត្រូវយ៉ាងត្រឹមត្រូវ មិនមានការប្រើអំពើហិង្សាដូចការផ្សព្វផ្សាយដោយប្រកាន់ឡើយ។
ដើម្បីជាព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋ រដ្ឋបាលសាលាខណ្ឌឫស្សីកែវ ស្នើឱ្យប្រធានគណបក្សខ្មែរក្រោក ធ្វើការកែតម្រូវខ្លឹមសារ និងផ្សព្វផ្សាយព័ត៌មានពិតឡើងវិញ។ ក្នុងករណីចាំបាច់ សូមប្រធានគណបក្សខ្មែរក្រោករូបនេះ មកសាលាខណ្ឌដោយផ្ទាល់ ដើម្បីបំភ្លឺ និងផ្ទៀងផ្ទាត់បញ្ជាក់ការពិតជាមួយរូបភាព វីដេអូដែលថតដោយកាមេរ៉ា វីដេអូសុវត្ថិភាព ដែលមានបំពាក់នៅក្នុងបន្ទប់ប្រជុំ៕