សម្ដេចតេជោ ហ៊ុន សែន ប្រកាសមិនរារាំងពលរដ្ឋ ធ្លាប់ជេររដ្ឋាភិបាល ដែលចង់មកលេងស្រុកខ្មែរ ឡើយ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានថ្លែងឱ្យដឹងថា រាជរដ្ឋាភិបាល មិនដែលរារាំងប្រជាពលរដ្ឋនៅក្រៅប្រទេសជេររាជរដ្ឋាភិបាល ក្នុងការចូលមកលេងស្រុកខ្មែរឡើយ។
ក្នុងពិធីបើកការដ្ឋានសាងសង់ លើកម្រិតគុណភាពផ្លូវជាតិលេខ៤១ មានប្រវែងជាង៩៥ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថា អ្នកខ្លះចាត់ទុកស្រុកខ្មែរអាក្រក់ មិនចាំបាច់មកលេងស្រុកខ្មែរឡើយ។
សម្ដេចតេជោ បញ្ជាក់ថា «នៅក្រៅប្រទេស អ្នកខ្លះគិតថា ធ្លាប់បានជេររដ្ឋាភិបាល មិនហ៊ានមកផ្ទះ អត់ទេ ទាល់តែមានដីការតុលាការអាហ្នឹងទើបជាបញ្ហា ប៉ុន្ដែអ្នកអត់មានដីការតុលាការ មកលេងស្រុកមក មកមើលមក តើដូចគេនិយាយទេ។ ប៉ុន្ដែអ្នកមានចេតនាបំផ្លាញហើយ ទោះបីយើងធ្វើល្អប៉ុណ្ណា ក៏នៅដដែល»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការហួសចិត្តចំពោះក្រុមប្រឆាំង មិនដែលចេះអបអរសាទរចំពោះសមិទ្ធផលជាតិ។ សម្តេច ថា សមិទ្ធផលរបស់ជាតិ គឺជារបស់រួម មិនមែនតែជារបស់បក្សប្រជាជនកម្ពុជានោះឡើយ៕