ខេត្តចំនួន៤ នៅកម្ពុជា នឹងចុះត្រជាក់រហូតដល់១៥អង្សា ចាប់ពីថ្ងៃ២៨ធ្នូដល់៣មករា
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានបញ្ជាក់ថាចាប់ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ស្អែកនេះ ដល់ថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ តំបន់មួយចំនួននឹងចុះត្រជាក់រហូតដល់១៥អង្សាសេ។
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២៧ ធ្នូ ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៨ធ្នូ ដល់ថ្ងៃទី៣មករា បានឲ្យដឹងថា ព្រះរាជាណាចក្រកម្ពុជា បន្តទទួលរងឥទ្ធិពលពីទ្រនុងនៃសម្ពាធខ្ពស់(ចិន)នៅក្នុងកម្រិតបង្គួរ និងខ្យល់មូសុងឦសាន្តក្នុងកម្រិតមធ្យម ។
ក្រសួងថាស្ថានភាពបែបនេះនឹងធ្វើឲ្យ តំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមា មានពី ១៨-២២ °C
និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣២°C ។ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតមធ្យម ។
ចំណែកតំបន់ខ្ពង់រាប មាន សីតុណ្ហភាពអប្បបរមាមានពី១៥-១៩°C និងសីតុណ្ហភាពអតិបរមា មានពី ២៨-៣២°C។ ធាតុអាកាសចុះត្រជាក់ក្នុងកម្រិតបង្គួរ ។ ខេត្តមណ្ឌលគិរី រតនគិរី ព្រះវិហារ និងខេត្តឧត្តរមានជ័យ សីតុណ្ហភាពអប្បបរមា មានក្នុងរង្វង់ ១៥-១៧°C នាពេលព្រឹកនិងយប់ ។
ដោយឡែកនៅតំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាមានពី ១៥-២២°C និងសីតុណ្ហភាពអតិបរមា មានពី ២៩-៣២ °C ។អាកាសធាតុចុះត្រជាក់ក្នុងកម្រិតខ្សោយ ។
ក្រសួងថាអាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៌មានព្រមទាំងយកចិត្តទុកដាក់ប្រុងប្រយ័ត្ន និងថែរក្សាសុខភាពចំពោះស្ថានភាពធាតុអាកាស ដែលនៅតែបន្តចុះត្រជាក់ ៕