ត្រីរាជទម្ងន់ជិត៥០គីឡូ មួយក្បាល ត្រូវបានព្រលែងចូល ក្នុងទន្លេមេគង្គវិញ
ថ្ងៃចេញផ្សាយៈ 27/12/2022
ភ្នំពេញ ៖ អាជ្ញាធរស្រុកខ្សាច់កណ្តាល បានព្រលែងត្រីរាជមួយក្បាលទម្ងន់ជិត ៥០គីឡូក្រាម ចូលក្នុងទន្លេមេគង្គវិញ ស្ថិតត្រង់សាស្ត្រភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ រដ្ឋបាលស្រុកខ្សាច់កណ្តាល នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា «រដ្ឋបាលជលផលស្រុកខ្សាច់កណ្តាល សហការជាមួយក្រុមការងារវិទ្យាស្ថានស្រាវជ្រាវជលផលទឹកសាប ចុះធ្វើការបានពាក់ផ្លាកសញ្ញាសំគាល់របស់ជំនាញជលផល លើត្រីរាជ ដែលអ្នកនេសាទចាប់បាន ដើម្បីដឹងពីដំណើរវិវត្តន៍របស់ត្រីរាជ ហើយចំពោះត្រីរាជដែលអ្នកនេសាទចាប់នោះ ត្រូវបានព្រលែងចូលទន្លេមេគង្គវិញផងដែរ»។
សូមបញ្ជាក់ថា អ្នកនេសាទបានប្រើឧបករណ៍នេសាទ ចាប់បានត្រីរាជមួយក្បាលមានទម្ងន់៤៦គីឡូ មានប្រវែង១៥៧សង់ទីម៉ែត្រ ស្ថិតនៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល៕