សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យកាត់ឆ្វៀលដីតំបន់បឹងទន្លេសាប ឱ្យរួចរាល់ត្រឹមខែឧសភា ឆ្នាំ២០២៣
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានណែនាំដល់អាជ្ញាធរ ត្រូវកាត់ឆ្វៀលដីតំបន់បឹងទន្លេសាប ឱ្យរួចរាល់ត្រឹមចុងខែឧសភា ឆ្នាំ២០២៣ខាងមុខ ខណៈ សម្ដេច ក៏បញ្ជាឱ្យអាជ្ញាធរកុំបន្លាយការងារនេះបន្ដទៀត។
ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើដល់អាជ្ញាធរត្រូវបន្តដោះស្រាយបញ្ហាជូនប្រជាជនដែលរស់នៅជាភូមិករនៅជុំវិញបឹងទន្លេសាប ដោយធ្វើបច្ចុប្បន្នភាពផែនទីតាមខេត្តនីមួយៗ កែសម្រួលព្រំប្រទល់តំបន់ ៣ ព្រំប្រទល់តំបន់ ២ និងកាត់ឆ្វៀលទីតាំងដី ដែលប្រជាជនរស់នៅពីយូរលង់មកហើយក្នុងតំបន់៣ និងតំបន់២។
សម្ដេចតេជោ បញ្ជាក់ថា «ហើយខ្ញុំ សូមដាក់ចេញការកំណត់ថា ឱ្យចប់នៅចុងខែឧសភា ឆ្នាំ២០២៣។ ខ្ញុំបានដើរគ្រប់ខេត្តហើយ ខ្ញុំជំរុញឱ្យខេត្ត បញ្ចេញផែនទីតាមខេត្ត កន្លែងណាកាត់ឱ្យប្រជាជន ឆ្វៀលឱ្យប្រជាជនរបៀបម៉េច? កាត់តំបន់៣ ឬផ្ទេរមកតំបន់២ កាត់តំបន់២ ផ្ទេរមកតំបន់១»។
ឆ្លៀតឱកាសនោះ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ក៏ជំរុញអាជ្ញាធរអភិរក្សនៅតំបន់រមណីយដ្ឋានអង្គរ ស្របគ្នានឹងការអភិវឌ្ឍនៅតំបន់អភិវឌ្ឍរុនតាឯក និងតំបន់ពាក់ស្នែកជូនប្រជាពលរដ្ឋដែលស័្មគ្រចិត្តចាកចេញពីតំបន់រមណីយដ្ឋានអង្គរទៅតាំងទីលំនៅថ្មីនៅតំបន់នោះ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលនយោបាយគាំទ្រផ្នែកសង្គមកិច្ច និងផ្នែកហេដ្ឋារចនសម្ព័ន្ធដែលរាជរដ្ឋាភិបាលបានដាក់ចេញ៕