សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញបើកការដ្ឋាន គម្រោងស្តារ និងលើកកម្រិតផ្លូវជាតិលេខ៣៣ នាថ្ងៃទី៣០ ខាងមុខ
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងស្តារ និងលើកកម្រិតផ្លូវជាតិលេខ៣៣ នឹងបើកការដ្ឋាន នាថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
លោក ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានអង្គភាពគ្រប់គ្រងគម្រោង (PMU) នាថ្ងៃទី២៦-២៧ ធ្នូ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យទីតាំងដើម្បីត្រៀមរៀបចំពិធីបើកការដ្ឋានស្តារ និងលើកកម្រិតផ្លូវជាតិលេខ៣៣។
ចំពោះទីលានត្រៀមរៀបចំកម្មវិធីបើកការដ្ឋាន គម្រោងស្តារ និងលើកកម្រិតផ្លូវជាតិលេខ៣៣ ត្រូវបានរៀបចំសម្អាត ឈូសឆាយ ចាក់ថ្មកៀរកិនបង្ហាប់ ដើម្បីឱ្យមានរបៀបរៀបរយតាមការគ្រោងទុក។ ទីតាំងសម្រាប់រៀបចំកម្មវិធីខាងលើ គឺស្ថិតនៅតាមដងផ្លូវជាតិលេខ៣៣ផ្ទាល់ នៅត្រង់ចំណុចគីឡូម៉ែត្រលេខ ៤+៨០០។
ដោយឡែកកិច្ចប្រជុំរវាងគណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការខេត្ត នៃគម្រោងសាងសង់ និងលើកកម្រិតផ្លូវជាតិលេខ៣៣ ក្នុងភូមិសាស្រ្តខេត្តកែប និងខេត្តកំពត គឺត្រូវបានរៀបចំឡើង ក្នុងគោលបំណងពិនិត្យពិភាក្សា លើការងារមួយចំនួននៃគម្រោងដែលនៅសេសសល់ ដើម្បីសម្រួលដល់ការអនុវត្តគម្រោង អាចប្រព្រឹត្តទៅបានដោយរលូន និងប្រកបដោយគុណភាព ទៅតាមការផែនការដែលបានគ្រោងទុក។
សូមជម្រាបថា ផ្លូវជាតិលេខ៣៣ ទទួលបានការសិក្សា ហើយគ្រោងនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដោយចំនាយពេលសាងសង់សរុបប្រមាណ ២៤ខែ ជាគម្រោងក្រោមការគ្រប់គ្រងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលជាកម្ចីហិរញ្ញប្បទានពីប្រទេសចិន។
កំណាត់ផ្លូវនេះគ្រោងពង្រីក និងលើកកម្រិតគុណភាពពីផ្លូវកៅស៊ូពីរស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) តភ្ជាប់ពីទីរួមខេត្តកំពត ផ្លូវជាតិលេខ៣ (គីឡូម៉ែត្រ ១៤៨+១០០) ដល់ច្រកលក (ព្រំដែនកម្ពុជា-វៀតណាម) ដោយក្នុងនោះរួមមាន៖ ទទឹងតួផ្លូវ ១២ម៉ែត្រ និង១១ម៉ែត្រទៅតាមទីតាំងភូមិសាស្ត្រ ស្ពានទទឹង ១១ម៉ែត្រ ចំនួន៣កន្លែង លូចំនួន ១៣៤កន្លែង បំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន ៥កន្លែង៕