សម្ដេច ស ខេង៖ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មី កំណត់ឱ្យអ្នកបើកបររថយន្ដធំៗ តេស្តរកសារធាតុញៀន
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា ច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោកថ្មី កំណត់ឱ្យអ្នកបើកបរយានយន្តទាំងអស់ ជាពិសេស គឺអ្នកបើករថយន្តធំៗ ត្រូវតែធ្វើតេស្តរកសារធាតុញៀន ជាកាតព្វកិច្ច ដោយមិនអាចអត់បាននោះឡើយ។
មួយវិញទៀត ប្រសិនបើអ្នកបើកបរណាមានសារធាតុញៀន និងស្រវឹងស្រា នឹងត្រូវដកប័ណ្ណបើកបរ ហើយនឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ផងដែរ។
ក្រោយបញ្ចប់កិច្ចប្រជុំឆ្លងសេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មី នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេច ស ខេង បានប្រាប់ក្រុមអ្នកសារព័ត៌មានថា សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ មានភាពគ្រប់ជ្រុងជ្រោយជាងច្បាប់ចាស់ ហើយមន្រ្តីអន្តរក្រសួងជាពិសេសក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ ក៏បានឯកគ្នាទាំងស្រុងផងដែរ ដើម្បីបញ្ជូនទៅស្ថាប័នរដ្ឋសភា នាដើមឆ្នាំ២០២៣ខាងមុខនេះ។
សម្ដេច បញ្ជាក់ថា អ្នកបើកបររថយន្តទាំងអស់ត្រូវធ្វើតេស្តគ្រឿងញៀន ហើយលក្ខខណ្ឌនៃការធ្វើតេស្តគ្រឿងញៀន នឹងកំណត់ដោយប្រកាសអន្តរក្រសួងរបស់ក្រសួងមហាផ្ទៃ និងក្រសួងសាធារណការ ព្រមទាំងមានការចូលរួមជាមួយ គណៈកម្មាធិការប្រយុទ្ធប្រឆាំងគ្រឿងញៀន។
សម្ដេច បានសង្កត់ធ្ងន់ថា «ការចាប់ផ្តើមធ្វើតេស្តនេះ គឺត្រូវធ្វើទៅលើមជ្ឍដ្ឋានដែលតម្រូវចាំបាច់ ដូចជា រថយន្តធ្ងន់ធ្ងន់ រថយន្តដឹកភ្ញៀវទេសចរណ៍ច្រើនជាដើម»។
គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោកថ្មីនេះ បានតាក់តែងឡើងដោយកែសម្រួលខ្លឹមសារមាត្រាច្បាប់ចាស់ចំនួន ៤៨មាត្រា និងបន្ថែមមាត្រាថ្មីៗមួយចំនួនទៀត ដើម្បីឱ្យស្របតាមការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសលើការអភិវឌ្ឍ ផ្លូវថ្នល់ ដូចជា ការពង្រីកផ្លូវ ការកសាងផ្លូវល្បឿនលឿន និងចង់បង្កើនប្រសិទ្ធភាព កាត់បន្ថយអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងទប់ស្កាត់ការបើកបរមានសារធាតុញៀន៕