ចិន ផ្ដល់វ៉ាក់សាំងការពារជំងឺឆ្លងសត្វ ចំនួន១លានកម្រិត ដល់កម្ពុជា
ភ្នំពេញ៖ ក្រសួងកសិកម្ម និងកិច្ចការជនបទ នៃសាធារណៈរដ្ឋប្រជាមានិតចិន តាមរយៈស្ថានទូចចិនប្រចាំកម្ពុជា បានផ្ដល់វ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិត ដល់ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទកម្ពុជា ។
ការរៀបចំពិធីប្រគល់ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន ១លានកម្រិតត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាមួយ Wang Wentian ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ។
ថ្លែងក្នុងឱកាសនោះ លោក ឌិត ទីណា បានអំណរគុណដល់មិត្តចិន ដែលបានផ្ដល់អំណោយជាវ៉ាក់សាំងការពារជំងឺឆ្លងសត្វចំនួន១លានកម្រិត ដើម្បីចូលរួមចំណែកក្នុងការគ្រប់គ្រងជំងឺឆ្លងសត្វនៅកម្ពុជា។
ជាមួយគ្នានេះដែរ លោក ក៏បានថ្លែងអំណរគុណដល់លោក Wang Wentian ឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និង សហការីរបស់ឯកឧត្តម ដែលតែងតែជួយគាំទ្រដល់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ រហូតមក។
គួររំឭកផងដែរថា នាពេលកន្លងមកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិនលើវិស័យកសិកម្មសំខាន់ៗដូចជាដំណាំ ការចិញ្ចឹមសត្វ នេសាទ និងកៅស៊ូជាដើម ត្រូវបានអនុវត្តយ៉ាងពេញលេញ និងទទួលបានផ្លែផ្កា ជាក់ស្តែងនាពេលថ្មីៗនេះកម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅកាន់ទីផ្សារប្រទេសចិនបានជាង ២.៦០០តោន គិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ ហើយនាពេលខាងមុខ កម្ពុជានឹងនាំចេញ ពោត ម្រេច និងផលិតផលកសិកម្មផ្សេងៗទៀតទៅកាន់ទីផ្សារចិនផងដែរ។
ក្នុងពិធីប្រគល់ទទួលវ៉ាក់សាំងការពារជំងឺឆ្លងសត្វនេះ លោក ឌិត ទីណា បានលើកឡើងថា វិស័យចិញ្ចឹមសត្វដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនប្រាក់ចំណូល លើកកម្ពស់ការរស់នៅ និងជំរុញសេដ្ឋកិច្ចជាតិ ហើយកន្លងមកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ដូចជាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានខិតខំប្រឹងប្រែង ក្នុងការជំរុញវិស័យនេះឱ្យមានការរីកចម្រើនផងដែរ ប៉ុន្តែបញ្ហាលំបាកមួយចំនួននៅតែមាន ដូចជា៖
១). ជំងឺឆ្លងសត្វដែលធ្វើឱ្យប៉ះពាល់ដល់ការចិញ្ចឹម ការផ្គត់ផ្គង់សាច់ និងផលិតផលសត្វនៅលើទីផ្សារក៏ដូចជាសេដ្ឋកិច្ចនៅកម្ពុជា ដែលកន្លងមកប្រទេសកម្ពុជាបានជួបប្រទះនូវការផ្ទុះ និងឆ្លងរាលដាលនៃជំងឺមួយចំនួនដូចជា ជំងឺអុតក្តាម ជំងឺសារទឹកគោក្របី ជំងឺប៉េស្តជ្រូក ជំងឺផ្ដាសាយបក្សី ជំងឺប៉េស្តជ្រូកអាហ្វ្រិក និងជំងឺដុំពកស្បែកលើគោក្របី ដែលធ្វើឱ្យខូចខាតយ៉ាងខ្លាំងដល់អ្នកចិញ្ចឹមសត្វជាពិសេសកសិករនៅជនបទ ។
២). មន្ទីរពិសោធន៍ និងធនធានមនុស្សនៅមានកម្រិត បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍវិស័យចិញ្ចឹមសត្វផងដែរ។
សូមជម្រាបដែរថា វ៉ាក់សាំងសត្វ១លានកម្រិត ដែលទទួលបានពីក្រសួងកសិម្ម និងកិច្ចការជនបទនៃប្រទេសចិនលើកនេះ រួមមាន វ៉ាក់សាំងជំងឺអុតក្តាម ៣ប្រភេទ សម្រាប់គោក្របី ចំនួន ៥០ម៉ឺនកម្រិត និងវ៉ាក់សាំងជំងឺបូសខ្យល់គោក្របីសរុប ៥០ម៉ឺនកម្រិត ហើយវ៉ាក់សាំងទាំងនេះ នឹងជួយទប់ស្កាត់ការឆ្លងរាលដាលជំងឺសត្វដែលបាន និងកំពុងកើតមាន ជាបន្ថែមទៅនឹងវ៉ាក់សាំងដែលកម្ពុជាមានស្រាប់។
ជាទីបញ្ចប់លោករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាលោក Wang Wentian និងសហការី ព្រមទាំងក្រុមហ៊ុនចិនទាំងពីរគឺ ក្រុមហ៊ុន Tianjin Ringpu Biotechnology និង ក្រុមហ៊ុន Chongqing Auleon Biologicals, Huapai Biological Group ដែលបានផ្តល់វ៉ាក់សាំងផងដែរ ៕