គិតត្រឹមម៉ោង៤រសៀល! ករណីឆេះកាស៊ីណូ នៅក្រុងប៉ោយប៉ែត មិនទាន់រលត់ទាំងស្រុង នៅឡើយ
បន្ទាយមានជ័យ: នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាព អគ្គីភ័យដែលកំពុងឆាបឆេះកាស៊ីណូហ្គ្រេនដាយមិន (Grand Diamond)និងកាស៊ីណូ G-Club នៅច្រកអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ពិធីនេះមានការអញ្ជើញចូលរួមពី នាយកឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ លោក អ៊ុំ រាត្រី អភិបាលខេត្ត និង លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ អាជ្ញាធរមូលដ្ឋាន និង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា «គិតត្រឹមម៉ោង៤:០០នាទី រសៀលនេះ ភ្លើងហាក់ថមថយតែមិនទាន់រលត់នៅឡើយទេ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានបន្តបញ្ជូនរថយន្តពន្លត់អគ្គីភ័យ និងកម្លាំងនគរបាលទៅកាន់ទីកន្លែងកើតហេតុជាបន្តបន្ទាប់»។
ពេលនេះ អាជ្ញាធរបានបន្តអន្តរាគមន៍ និងបានបញ្ជូនក្រុមសង្គ្រោះទាំងកម្ពុជា និងថៃ ចូលរុករកក្រែងមានមនុស្សជាប់គាំង។ ចំពោះអ្នករបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសពត្រូវបានបញ្ជូនទៅតំកល់ទៅនៅវត្តស្រះត្រាច៕