កម្ពុជា នឹងក្លាយជាគោលដៅទេសចរណ៍សំខាន់ ក្រោយចិន បើកប្រទេសឡើងវិញ
ថ្ងៃចេញផ្សាយៈ 02/01/2023
ភ្នំពេញ ៖ លោក វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានថ្លែងឱ្យដឹងថា កម្ពុជា នឹងក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ប្រជាជនចិន នៅពេលខាងមុខនេះ បន្ទាប់ពីចិន បើកប្រទេសឡើងវិញ។
នាឱកាសអញ្ជើញ បើកការដ្ឋានសាងសង់ ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ រួមជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ លោក វ៉ាង វិនធៀន បានបញ្ជាក់ថា «រដ្ឋាភិបាលចិន នឹងបើកអនុញ្ញាតប្រជាជនខ្លួនធ្វើទេសចរណ៍នៅក្រៅប្រទេស ហើយការបើកនេះប្រទេសកម្ពុជា និងក្លាយជាប្រទេសជាគោលដៅទេសចរណ៍សំ ខាន់សម្រាប់ប្រជាជនចិន»។
នាឱកាសនោះ លោកទូត ក៏បានលើកឡើងថា ការកសាងស្ពានឆ្លងទន្លេមេគង្គក្នុងខេត្តក្រចេះ និងផ្លូវតភ្ជាប់ផ្លូវនេះ គឺជាសមិទ្ធផលថ្មីស្រឡាងមួយសម្រាប់ជួយសម្រួលដល់ជីវភាពរស់នៅតំបន់សងខាងទន្លេមេគង្គ និងតភ្ជាប់គំរូថ្មីរវាង កម្ពុជា-ចិន ផងដែរ៕