ផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវ២០០២ ស្ថិតក្នុងខណ្ឌសែនសុខបានឆាបឆេះទាំងរំលងអធ្រាត្រ
អគ្គិភ័យឆេះបំផ្លាញផ្ទះប្រជាពលរដ្ឋ ដែលជាបន្ទប់ជួលផ្អើលទាំង កណ្ដាលអធ្រាត្រ
រាជធានីភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋដែលរស់នៅក្បែរផ្លូវ២០០២ ស្ថិតក្នុងខណ្ឌសែនសុខបានឆាបឆេះទាំងរំលងអធ្រាត្រ ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្នុងភូមិរាយការណ៍ព័ត៌មានជូនសមត្ថកិច្ច ដើម្បីសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យភ្លាមៗផងដែរ ដែលករណីនេះកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង២០០២ កែងផ្លូវបេតុង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
យោងតាមប្រភពពីពលរដ្ឋបានអោយដឹងថា ៖ នៅមុនពេលកើតហេតុគេបានប្រទះឃើញ អណ្តាតភ្លើងពណ៌ក្រហមចេញពីផ្ទះកើតហេតុដែលជាផ្ទះថ្មប្រក់សង្កសីមួយល្វែង ស្ថិតនៅក្នុងផ្លូវបេតុងតូចមួយកែងជាមួយផ្លូវ២០០២ អ្នកភូមិក្បែរនោះ ក៏បានទាក់ទងទៅសមត្ថកិច្ចភ្លាមៗ និងខ្លះទៀតនាំគ្នារត់ទៅយកបំពង់ឧស្ម័នពន្លត់អគ្គិភ័យជួយអន្តរាគមន៍ ជំហ៊ានដំបូង តែមិនរលត់ដោយសារអណ្តាតភ្លើងកាន់តែខ្លាំងៗ និងបានឆាបឆេះផ្ទះជិតខាង និងបន្ទប់ជួលនៅក្បែរនោះ ។
បន្ទាប់ពីសមត្ថកិច្ចទទួលដំណឹងនេះក៏បានចុះមកដល់ទីតាំងកើតហេតុភ្លាមៗ និងបានទាក់ទងទៅកាន់មន្ត្រីជំនាញខាងអគ្គិភ័យ ដើម្បីសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យតែម្តង ។ មុនពេលរថយន្តពន្លត់អគ្គិភ័យមកដល់ មានបុរសចំណាស់ម្នាក់ជាប់នៅខាងលើផ្ទះដោយអណ្តាតភ្លើងបានឆាបឆេះខាងក្រោមផ្ទះបាត់ទៅហើយ ធ្វើអោយគាត់សម្រេចចិត្តចុះតាមសំយ៉ាបផ្ទះខាងមុខ ផ្លោះពីជាន់ទី១រហូតដល់ក្រោមដោយសុវត្ថិភាព ។
ក្រោយពីទទួលដំណឹងនេះភ្លាម ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានបញ្ចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើការអន្តរាគមន៍ភ្លាមៗ ដោយអគ្គិភ័យត្រូវបានរលត់វិញទាំងស្រុង នាវេលាម៉ោង៤ទៀបភ្លឺ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងផងដែរ ។
នៅក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ មិនបានបង្កអោយនរណាម្នាក់រងរបួសនោះទេ។ ជុំវិញមូលហេតុនៃការឆាបឆេះ សមត្ថកិច្ចជំនាញមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ កំពុងស្ថិតក្នុងការស្រាវជ្រាវសិន ៕