ម៉ាស៉ីនភ្លើងដែលដំណើរការដោយគ្មានសំឡេង ដើរដោយកម្លាំងម៉ូទ័រអាគុយឌីណាម៉ូ ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរពិតៗ

ម៉ាស៉ីនភ្លើងដែលដំណើរការដោយគ្មានសំឡេង ដើរដោយកម្លាំងម៉ូទ័រអាគុយឌីណាម៉ូ ដែលបង្កើតឡើងដោយស្នាដៃកូនខ្មែរពិតៗ

(កំពង់ឆ្នាំង)៖ ម៉ាស៉ីនភ្លើងដែលដំណើរការដោយគ្មានសំឡេង ដើរដោយកម្លាំងម៉ូទ័រអាគុយឌីណាម៉ូ ដែលអាចបញ្ចេញភ្លើងបានប្រមាណជិត ១០គីឡូវ៉ាត់ ដោយមិនចាំបាច់ប្រើប្រេងម៉ាស៊ូត ឬប្រេងសាំង ត្រូវបានយុវជនវ័យ២៦ឆ្នាំម្នាក់ ដែលបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកវិទ្យាសាស្ត្រអេឡិចត្រូនិចនៅកម្ពុជា មានគំនិតបង្កើត និងច្នៃប្រឌិត ដោយបានទាញយកចរន្តអគ្គិសនីពីម៉ាស៉ីននេះ មកប្រើប្រាស់ក្នុងផ្ទះរបស់គាត់បានយ៉ាងជោគជ័យ។

យុវជន សោម សីហា អាយុ២៦ឆ្នាំ រស់នៅក្នុងភូមិពពេលពក ឃុំគោកបន្ទាយ ស្រុករលាប្អៀរ បានឲ្យដឹងថា រូបគាត់ជាមួយប្អូនស្រីបង្កើត កាលនៅរៀនថ្នាក់ទី១២ គឺពួកគាត់បានរស់នៅជាមួយនឹងម្តាយមីងបង្កើត ដោយសារតែកាលណោះម្តាយបានស្លាប់ចោលពួកគាត់ទៅ។ រីឯឪពុកក៏ទៅមានប្រពន្ធក្រោយទៀត ដូច្នេះរូបគាត់ជាមួយនឹងប្អូន តស៊ូរៀនដោយខ្លួនឯង និងដោយមានការឧបត្ថម្ភខ្លះៗ ពីម្ដាយមីងផងដែរ។

យុវជនខាងលើ បានឲ្យដឹងបន្តថា ខ្លួនបានបញ្ចប់ថ្នាក់ទី១២ នៅឆ្នាំ២០១៣ និងបានបន្តរៀនយកសញ្ញាប័ត្រ ថ្នាក់បរិញ្ញាប័ត្រវិទ្យាសាស្ត្រអេឡិចត្រូនិក នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) រហូតទទួលបានសញ្ញាប័ត្រថ្នាក់បរិញ្ញាផ្នែកមុខវិជ្ជាខាងលើនេះផងដែរ។ កាលនៅរៀនត្រឹមឆ្នាំទី២ លោកបានរំលេចចេញនូវគំនិតមួយដោយចង់បង្កើតម៉ាស៉ីនភ្លើង ដែលអាចទាញយកចរន្តភ្លើងមកប្រើប្រាស់បាន ដោយមិនចាំបាច់ប្រើប្រេងសាំង ឬម៉ាស៊ូត និងមិនមានសំឡេងរំខាននោះផងដែរ។