អាមេរិកនឹងបន្ដគាំទ្រដល់ អង្គការសុខភាពពិភពលោក ឡើងវិញ
ភ្នំពេញ ៖ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានអោយដឹងថា អាមេរិកនឹងបន្តផ្តល់ការគាំទ្រដល់ អង្គការសុខភាពពិភពលោក និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីអាកាសធាតុ ឡើងវិញ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតអាមេរិក ប្រចាំកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា «សហរដ្ឋអាមេរិក នឹងបន្តផ្តល់ការគាំទ្រដល់អង្គការសុខភាពពិភពលោកឡើងវិញ ហើយចូលរួមឡើងវិញ ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្តីពីអាកាសធាតុ។ ការណ៍នេះនឹងសម្រួលដល់ការងាររបស់យើង នៅព្រះរាជាណាចក្រកម្ពុជា និងតំបន់ ដូចជាតាមរយៈភាពជាដៃគូរវាងតំបន់ទន្លេមេគង្គ និងសហរដ្ឋអាមេរិក»។
ការប្រកាសរបស់ទូតអាមេរិកក្រោយប្រធានាធិបតីអាមេរិកថ្មី លោក Joe Bide បានប្រកាសការប្តេជ្ញាចិត្តជាថ្មី ចំពោះអង្គការសុខភាពពិភពលោកដែលដើរតួនាទីចាំបាច់ ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគ មហារាត្បាតកូវីដ១៩ និងការគម្រាមកំហែងដទៃជាច្រើនទៀត ចំពោះសុខភាពមនុស្សនៅក្នុងពិភពលោក។
សហរដ្ឋអាមេរិកនឹងបន្តនាទីជាអ្នកចូលរួមពេញលេញ និងជាអ្នកដឹកនាំក្នុងសាកលលោក ក្នុងការប្រឈមនឹងការគម្រាមកំហែងទាំងនេះ ហើយលើកកម្ពស់សន្តិសុខផ្នែកសុខភាព និងសុខភាពជាសាកល។នេះបើតាមទូតអាមេរិកដដែល។
អាមេរិក ក៏បន្តការប្តេជ្ញាចិត្តជាថ្មីផងដែរ ក្នុងការធ្វើជាដៃគូជាមួយប្រទេសដទៃទៀត នៅក្នុងការដោះស្រាយបញ្ហាគម្រាមកំហែងជាសាកលនៃការប្រែប្រួលអាកាសធាតុ តាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
បន្ថែមពីនេះទៀត អាមេរិកអះអាងថា ខ្លួនមានចំណែកយ៉ាងសំខាន់ ក្នុងការតាក់តែងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលនៅក្រោមនោះ ប្រទេសនានាបានសម្តែងការប្តេជ្ញាចិត្ត ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នបំពុលបរិយាកាស។ ជាមួយគ្នានេះ លោកប្រធានាធិបតី Biden មានបំណងចង់ឲ្យអាមេរិកដឹកនាំ ដោយធ្វើជាគំរូ នៅក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។
សូមបញ្ជាក់ថា លោក Biden ក្នុងពេលឡើងតំណែងភ្លាម លោកបានចុះហត្ថលេខា ចេញបញ្ជាឲ្យអាមេរិក ក្នុងការវិលត្រឡប់ចូលទៅក្នុងកិច្ចព្រមព្រៀង បម្រែបម្រួលអាកាស នៃទីក្រុងប៉ារីសឆ្នាំ២០១៥ ភ្លាម។
ការធ្វើសច្ចាប្រណិធាន បានធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្នុងនាមជាប្រធានាធិបតីអាមេរិកទី៤៦ លោក Biden បានចុះហត្ថលេខាលើ សេចក្តីសម្រេចចិត្ត ដើម្បីអនុញ្ញាតិឲ្យអាមេរិកក្នុងការវិលត្រឡប់ចូលទៅ កាន់កិច្ចព្រមព្រៀងនេះវិញ គឺបញ្ច្រាសទៅនឹងការតាំងចិត្ត របស់អតីតប្រធានាធីបតីលោក Donald Trump ដែលបានដកអាមេរិក ចេញកាលពីគ្រាកន្លងមក៕