ការចាប់ខ្លួនលោកស្រី ស៊ូជី និងមេដឹកនាំសំខាន់ៗ ជារដ្ឋប្រហារយោធា
បរទេស៖ អ្នកនាំពាក្យម្នាក់បាននិយាយថា មេដឹកនាំមីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជី និងមន្ត្រីគណបក្សកាន់អំណាចមួយចំនួន ត្រូវបានឃុំខ្លួន នៅថ្ងៃច័ន្ទនេះ។ អ្នកនាំពាក្យគណបក្សកាន់អំណាច គឺគណបក្សសម្ព័ន្ធជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ បានថ្លែងថា លោកស្រីអ៊ុងសានស៊ូជី និងលោកនាយករដ្ឋមន្រ្តី Win Myint ត្រូវបានគេនាំខ្លួនកាលពីព្រឹកថ្ងៃចន្ទ។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃច័ន្ទ ទី១ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើង របស់អ្នកនាំពាក្យគឺលោក Myo Nyunt និយាយថា “ ខ្ញុំចង់ប្រាប់ប្រជាជនរបស់យើង កុំឲ្យឆ្លើយតបដោយ ប្រញាប់ប្រញាល់ ហើយខ្ញុំចង់ឲ្យពួកគេ អនុវត្តតាមច្បាប់” ។
លោកបន្តថា “ តាមដែលយើងដឹង មនុស្សសំខាន់ៗទាំងអស់ត្រូវបានចាប់ខ្លួនដោយយោធាភូមា។ ដូច្នេះឥឡូវនេះយើងអាចនិយាយបានថា វាជារដ្ឋប្រហារ។ នៅទីក្រុង ណៃពិដោរ លោកស្រីអ៊ុងសានស៊ូជីនិងប្រធានាធិបតី Win Myint ត្រូវបានចាប់ខ្លួន។ ប៉ុន្តែយើងមិនច្បាស់អំពីសមាជិកសភានៅក្នុងបរិវេណសាលាក្រុងទេ ប៉ុន្តែយើងអាចសន្មត់ថាពួកគេត្រូវបានចាប់ខ្លួនផងដែរ” ។
សូមជម្រាបថា ការប្រកាសនេះធ្វើឡើងនៅពេលដែលយោធាមីយ៉ាន់ម៉ាបានច្រានចោលពាក្យចចាមអារាមថា ខ្លួននឹងធ្វើរដ្ឋប្រហារ។ ប៉ុន្តែភាពតានតឹងបានកើនឡើងនៅក្នុងប្រទេសនេះ ចាប់តាំងពីគណបក្សកាន់អំណាច បានប្រកាសជ័យជម្នះ យ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតខែវិច្ឆិកា ដែលត្រូវបានបំពេញដោយការសង្ស័យ និងការអះអាងនៃការក្លែងបន្លំ ដោយយោធា៕