សហរដ្ឋអាម៉េរិក រកឃើញអ្នកឆ្លងថ្មីជាង ១០ម៉ឺននាក់ និងជាង ៣ពាន់នាក់ទៀតស្លាប់
(អន្តរជាតិ)៖ យោងតាមតួលេខស្តីពីចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ១៩ ចេញពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា នាព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាម៉េរិក បានកើនដល់ ២៨,០១៨,២៦៧នាក់ ក្នុងនោះអ្នកជំងឺសរុប ១៦,៧៣៦,៩៤៦ បានជាសះស្បើយ និងជាង ៤៥ម៉ឺននាក់បានស្លាប់ ខណៈដែលព្រឹកនេះសហរ្ឋអាម៉េរិក បានរកឃើញករណីឆ្លងថ្មីសរុប ១០៥,៦២៣នាក់ និងអ្នកជំងឺសរុប ៣,៤៧១នាក់ បានស្លាប់។
គួរបញ្ជាក់ផងដែរថា តាមតួលេខខាងលើ បានបង្ហាញថា សហរដ្ឋអាម៉េរិច នៅតែឈនៅលេខរៀងទីមួយក្នុងពិភពលោក ដែលមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារវីរុសកូវីដ-១៩ ច្រើនជាងគេ។
ជាមួយគ្នានោះប្រទេសឥណ្ឌា ឈរបន្ទាប់ពីអាម៉េរិក និងប្រទេសប្រេស៊ីល ឈរនៅលេខរៀងទី៣។
ដោយឡែក គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចំនួនឆ្លងជំងឺ កូវីដ១៩ នៅទូទាំងពិភពលោក បានកើនឡើងដល់១០៤,៣៦២,៤២០ករណី ហើយក្នុងនោះមនុស្សជាង ២.២លាននាក់ស្លាប់ និងជាង ៧៦លាននាក់ទៀត បានជាសះស្បើយឡើងវិញ។
នាព្រឹកនេះផងដែរ ពិភពលោកទាំងមូល បានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីជាង ៤២ម៉ឺននាក់ និងជាង ១ម៉ឺន ៤ពាន់នាក់ទៀត បានស្លាប់៕