យោធាមីយ៉ាន់ម៉ាដោះលែងអ្នកទោសជាង២៣.០០០នាក់ នៅពេលដែលការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារនៅតែបន្ត

យោធាមីយ៉ាន់ម៉ាដោះលែងអ្នកទោសជាង២៣.០០០នាក់
នៅពេលដែលការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារនៅតែបន្ត
(CNN ថ្ងៃសុក្រទី១២កុម្ភៈ២០២១)៖ របបយោធាថ្មីរបស់មីយ៉ាន់ម៉ាកំពុងដោះលែងអ្នកទោសរាប់ម៉ឺននាក់នៅថ្ងៃសុក្រនេះ នៅពេលដែលការតវ៉ាប្រឆាំងនឹងរដ្ឋប្រហារនៅតែបន្ត រយៈពេល ៧ថ្ងៃជាប់ៗគ្នា។

នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់លោកនោះ លោកឧត្ដមសេនីយ៍មីនអ៊ុងឡាំង(Min Aung Hlaing) បាននិយាយថា អ្នកទោសប្រមាណ២៣.៣១៤នាក់ នឹងត្រូវផ្តល់នូវការលើកលែងទោស និងត្រូវដោះលែងនៅ«ទិវាសហភាព»(Union Day)(1) ដែលជាថ្ងៃឈប់សម្រាកបុណ្យជាតិដើម្បីបង្រួបបង្រួមប្រទេស។ គេនៅមិនទាន់ដឹងច្បាស់ថា តើអ្នកទោសទាំងនោះត្រូវបាន ផ្តន្ទាទោសពីបទល្មើសអ្វី?
Note (1): «ទិវាសហភាព»គឺជាថ្ងៃឈប់សម្រាកប្រចាំឆ្នាំនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី១២ខែកុម្ភៈ។ ថ្ងៃឈប់សម្រាកនេះត្រូវបានកំណត់នៅឆ្នាំ១៩៤៧ នៅពេលដែលកិច្ចព្រមព្រៀងប៉ាងឡុង (Panglong Agreement) ត្រូវបានចុះហត្ថលេខា និងអនុម័ត ហើយភូមាបានក្លាយជាប្រទេសឯកភាពមួយ។
ដោយការដោះលែងអ្នកទោសដ៏ច្រើន គឺជារឿងធម្មតានៅថ្ងៃបុណ្យជាតិក្នុងប្រទេសមីយ៉ាន់ម៉ានោះ នេះជាលើកដំបូងហើយដែលការលើកលែងទោសបែបនេះត្រូវបានផ្តល់ពីរបបយោធាថ្មីដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារមួយកាលពីថ្ងៃទី១ខែកុម្ភៈ ដោយបានបណ្តេញលោកស្រីអ៊ុងសានស៊ូជី(Aung San Suu Kyi) ជាមេដឹកនាំដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិប តេយ្យ និងបានឃុំខ្លួនមន្ត្រីរដ្ឋាភិបាលសំខាន់ៗ។

យោធាបានអះអាងអំពីភាពត្រឹមត្រូវរបស់ខ្លួនក្នុងការគ្រប់គ្រងប្រទេស ហើយចោទប្រកាន់អំពីភាពមិនប្រក្រតីយ៉ាងច្រើននៅក្នុងការបោះឆ្នោតកាលពីខែវិច្ឆិកាឆ្នាំ២០២០ ដែលបានធ្វើឲ្យគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ(NLD: National League for Democracy Party)
របស់លោកស្រីស៊ូជីទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី ជាលើកទី២នោះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ(ទី១២កុម្ភៈ) សមាគមជំនួយសម្រាប់អ្នកទោសនយោបាយ (AAPP: Assistance Association for Political Prisoners) បានសម្តែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ដោយថាការលើកលែងទោសនេះគឺដើម្បី “ទុកកន្លែងសម្រាប់ឃុំខ្លួនអ្នកទោសនយោបាយ” ឯនោះទេ។ ក្រៅពីការដោះលែងនេះ ពួកអ្នកទោសពីបទឧក្រិដ្ឋដែលបានប្រព្រឹត្តមុនថ្ងៃទី៣១មករា២០២១ ចំពោះបទល្មើសអ្វីក៏ដោយ ក៏នឹងត្រូវបន្ថយទោសរបស់ពួកគេដែរ បើយោងតាមសេចក្តីថ្លែងការណ៍របស់យោធានោះ។
នៅក្នុងសុន្ទរកថារបស់លោកនោះ លោកMin Aung Hlaing បាននិយាយថា ការលើកលែងទោសនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីកសាង “ប្រទេសប្រជាធិបតេយ្យមួយប្រកបដោយវិន័យ”(A democratic country with disciplines)។
គ្មានការបង្ហាញថា លោកស្រីស៊ូជី ឬរដ្ឋមន្រ្តី ឬមន្រ្តីផ្សេងៗទៀតដែលត្រូវបានឃុំខ្លួននៅក្នុងរដ្ឋប្រហារនឹងត្រូវដោះលែងជាផ្នែកនៃការលើកលែងទោសនោះទេ ហើយថាការលើកលែងទោសនេះត្រូវផ្តល់ឲ្យដើម្បីបន្ថយកំហឹងរបស់ពួកបាតុករប្រឆាំងនឹងឧត្តមសេនីយ៍យោធានោះ ក៏គេមិនដឹងដែរ។
ការតវ៉ានិងយុទ្ធនាការមិនខ្លាចរដ្ឋអំណាច បានបន្តកើតមាននៅតាមទីប្រជុំជននិងទីក្រុងនានា ទូទាំងប្រទេសកាលពីថ្ងៃសុក្រ(ទី១២កុម្ភៈ)។ វីដេអូនិងការផ្សាយបន្តផ្ទាល់ដែលបានផ្សាយតាមអ៊ិនធឺណែតបានបង្ហាញអំពីក្រុមជាច្រើនដែលកំពុងដើរក្បួននៅក្នុងទីក្រុងធំបំផុតនៅរ៉ង់ហ្គូន
រួមមានបុគ្គលិកពេទ្យ និងអ្នកគាំទ្របាល់ទាត់។ រហូតមកដល់ពេលនេះ ការប្រមូលផ្តុំមនុស្ស បានប្រព្រឹត្តទៅភាគច្រើនដោយសន្តិវិធី ប៉ុន្តែប៉ូលីសបានប្រើកាណុងបាញ់ទឹកប្រឆាំងនឹងក្រុមបាតុករ។
កាលពីថ្ងៃព្រហស្បតិ៍(ទី១១កុម្ភៈ) លោកMin Aung Hlaing បានចេញសេចក្តីព្រមានដល់ពួក បាតុករ រួមមានព្រះសង្ឃ និងបុគ្គលិកសាធារណៈដែលកំពុងកើនឡើងនោះ ឲ្យពួកគេត្រឡប់ទៅធ្វើការវិញ។ លោកបានមានប្រសាសន៍ថា “អ្នកដែលឃ្លាតឆ្ងាយពីភារកិច្ចនោះ ត្រូវត្រឡប់ទៅបំពេញភារកិច្ចវិញជាបន្ទាន់ ដើម្បីផលប្រយោជន៍ប្រទេសជាតិនិងប្រជាជន ដោយមិន ផ្តោតតែលើការរំជួលចិត្តនោះឡើយ។