រដ្ឋមន្ដ្រីអប់រំ ដាក់ចេញវិធានការ៣ចំណុច ក្នុងការចូលរួមបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ
ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់អង្គភាពក្រោមឱវាទ ឲ្យចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។
យោងតាមសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីចូលរួមបង្ការ និងទប់ ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ពីអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ សហគមន៍ ២០ កុម្ភៈ ក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាល ទៅខេត្តដទៃទៀត និងយោងតាមអនុសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្រសួងអប់រំ ធ្វលណែនាំដល់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ដូចខាងក្រោម៖
១.រាល់បេសកកម្ម ក្នុងប្រទេសត្រូវផ្អាករយៈពេល ២ សប្តាហ៍ ចាប់ពីថ្ងៃទទួលបានសេចក្តីណែនាំនេះតទៅ លើកលែងតែករណីចាំបាច់បំផុត និងត្រូវមានការយល់ព្រមពី រដ្ឋមន្ត្រីក្រសួងអប់រំ។
២.រាល់កិច្ចប្រជុំ សិក្ខាសាលា វគ្គបំប៉ន និងវគ្គបណ្តុះបណ្តាលទាំងអស់ ត្រូវអនុវត្តតាមបែបអនឡាញ។
៣.អង្គភាពថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិទាំងអស់ ត្រូវតាមដាន និងរាយការណ៍ជាប្រចាំអំពីស្ថានភាព សុខភាពមន្ត្រីរបស់ខ្លួន ក្នុងករណីបុគ្គលិកអប់រំរូបណាមានការសង្ស័យ ឬមានរោគសញ្ញាស្រដៀងនឹង ជំងឺកូវីដ ១៩ ត្រូវទូរស័ព្ទជាបន្ទាន់ទៅលេខ ១១៥ ៕