កម្មករនៅរោងចក្រ AM2 ចំនួន៤៤៥នាក់ ត្រូវបានអាជ្ញាធរខណ្ឌកំបូល ដឹកយកទៅធ្វើចត្តាឡីស័កនៅសង្កាត់បឹងធំ ក្រោយរកឃើញកម្មករចំនួន២៧នាក់ វិជ្ជមានកូវីដ
កម្មករនៅរោងចក្រ AM2 ចំនួន៤៤៥នាក់ ត្រូវបានអាជ្ញាធរខណ្ឌកំបូល ដឹកយកទៅធ្វើចត្តាឡីស័កនៅសង្កាត់បឹងធំ ក្រោយរកឃើញកម្មករចំនួន២៧នាក់ វិជ្ជមានកូវីដ
(ភ្នំពេញ)៖ នៅវេលាម៉ោង១០យប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌកំបូល បានចាប់ផ្តើមដឹកក្រុមកម្មករកម្មការិនីទាំង៤៤៥នាក់ យកទៅធ្វើចត្តាឡីស័កនៅសង្កាត់បឹងធំ ក្រោយកម្មករនៅរោងចក្រមួយនេះចំនួន២៧នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដជាបន្តបន្ទាប់។
កម្លាំងសរុបរបស់រដ្ឋបាលខណ្ឌកំបូល រួមមានមន្ត្រីសាលាខណ្ឌ មន្ត្រីអធិការដ្ឋាននគរបាលខណ្ឌ សន្តិសុខសាលាខណ្ឌ និងមន្ត្រីសង្កាត់ប្រជាការពារសង្កាត់បឹងធំ បានចុះរៀបចំទីតាំងធ្វើចត្តាឡីស័ក្តរបស់បងប្អូនកម្មករកម្មការិនី រោងចក្រ AM2 ចំនួន៤៤៥នាក់ ដើម្បីយកពួកគាត់ទៅធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅក្នុងបរវេណសាលាបឋមសិក្សាទ្រនំជ្រឹង ស្ថិតតាមបណ្តោយផ្លូវលេខ៤២ ភូមិខ្ចៅ សង្កាត់បឹងធំ ខណ្ឌកំបូល។
គិតត្រឹមល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ យ៉ាងហោចណាស់មានកម្មករនិយោជិតកើនឡើង២៧នាក់ ក្នុងរោងចក្រ AM2 ត្រូវបានរកឃើញថាឆ្លងជំងឺកូវីដ១៩។
សូមបញ្ជាក់ថា រោងចក្រ AM2 មានកម្មករនិយោជិតសរុបចំនួន៤៧៥នាក់។ ចំពោះកម្មករនិយោជិត ដែលមិនឆ្លងកូវីដ១៩ ត្រូវបានអាជ្ញាធរដឹកយកទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាទ្រនំច្រឹង ដែលស្ថិតនៅសង្កាត់បឹងធំ ខណ្ឌកំបូល។
បើតាមអាជ្ញាធរ ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ១៩ ក្នុងរោងចក្រនេះ អាជ្ញាធរខណ្ឌ និងមន្ត្រីក្រសួងសុខាភិបាល បានចាត់វិធានការជាបន្ទាន់ គឺមិនឲ្យកម្មករនិយោជិតទាំងអស់ចេញដើរពីរោងចក្រនោះឡើយ ពោលបានធ្វើឲ្យធ្វើចត្តាឡីស័ក នៅក្នុងរោងចក្រតែម្តងរយៈពេល ៣ទៅ៤ថ្ងៃមកហើយ ទើបតែនៅពេលនេះ បានដឹកបញ្ជូនពួកគាត់ទៅធ្វើចត្តាឡីស័កនៅក្នុងសង្កាត់បឹងធំ ក្រោយបានរៀបចំរួចរាល់។