ឪពុកម្ដាយគ្រប់រូបគួរធ្វើជាអ្នកអប់រំកូនឱ្យដូចម្ដាយ ថូម៉ាស់ អេឌីសុន
គ្រួសារមួយចំនួនដែលមានឪពុកម្ដាយជាអ្នកក្ដិចត្រួយ ក្ដិចការលូតលាស់របស់កូន… គ្រាន់តែកូនមិនញ៉ាំបាយសោះមិនរកវិធីសាស្ត្របញ្ចុះបញ្ចូលកូនទេ បែរជានិយាយថា បើមិនស៊ីម៉ាក់ប៉ាឈប់ស្រឡាញ់កូនហើយ… ឬបើមិនស៊ីទេ ថយចេញឱ្យឆ្ងាយទៅ… ហើយទៅនិយាយប្រាប់គេថា មិនដឹងយ៉ាងម៉េចកូនខ្លួនចេះតែខ្លាចគេ គ្មានគំនិតគិតអ្វីសោះ។ មិនឱ្យគាត់ខ្លាចយ៉ាងម៉េចបើយើងសម្លុតគាត់ឡើងបាក់ស្បាតទៅហើយនោះ។ គាត់គ្មានគំនិតគិត ក៏ព្រោះតែមិនដែលបង្រៀនបណ្ដុះគំនិតគាត់។ មនុស្សដែលអប់រំកូនដោយប្រើអំណាចជាម្ដាយ ប្រើអំណាចជាឪពុក ហើយដណ្ដើមអំណាចពីកូន។ និយាយនេះមិនមែនម្ដាយគ្រប់រូបស្អប់កូនទេ ប៉ុន្តែពេលខ្លះសេចក្ដីស្រឡាញ់កូនខ្លាំងពេក ហើយគួបផ្សំនឹងទម្លាប់អប់រំដោយហឹង្សាផង នឹងនាំឱ្យកូនមានបញ្ហាទៅថ្ងៃក្រោយ។
ខាងក្រោមនេះ គឺជារឿងរ៉ាវនៃចិត្តសាស្ត្រអប់រំពិតរបស់ម្ដាយជនជាតិអាមេរិកណែនាំកូនរហូតក្លាយជាអ្នកប្រាជ្ញ បន្ទាប់សាលារៀនលែងទទួលការបង្រៀនកូនរបស់គាត់ ព្រោះសាលាយល់ថា កូនរបស់មានបញ្ហាខួរក្បាលធ្ងន់ធ្ងរ៖
ថូម៉ាស់ អេឌីសុន (Thomas Edison) គឺជាអ្នកបង្កើតអំពូលដំបូងគេដ៏ល្បីឈ្មោះជនជាតិអាមេរិក។ មុនបង្កើតអំពូលភ្លើងបាន ថូម៉ាស់ បរាជ័យច្រើនណាស់។ កាលនៅក្មេងគាត់រៀនអត់ពូកែទេ តែគាត់មានម្ដាយបង្កើតជាមនុស្សពិសេស។
ថ្ងៃមួយថូម៉ាស់ចេញពីសាលារៀន ហើយបានហុចក្រដាសមួយច្បាប់ទៅម្ដាយគាត់។ ក្រដាសនោះ គឺជាសំបុត្រដែលគ្រូផ្ញើឱ្យម្ដាយគាត់។ ពេលទៅដល់ផ្ទះ ថូម៉ាស់បានហុចក្រដាសនោះឱ្យម្ដាយតាមបណ្ដាំគ្រូ។ ម្ដាយគាត់ទទួល រួចបើកមើលដល់ចប់ ស្រាប់តែទឹកមុខម្ដាយគាត់ប្រែជាក្រហម ហើយទឹកភ្នែកស្រក់ហូរតែម្ដង។ ដោយសារខ្លួននៅតូចមិនទាន់ចេះអានអក្សរច្រើន ថូម៉ាស់បានសួរម្ដាយគាត់ថា “ម៉ែ! នៅក្នុងក្រដាសហ្នឹង គេចង់និយាយអំពីអ្វី?”
ភ្លាមនោះម្ដាយថូម៉ាស់បានអានឡើងវិញម្ដងទៀតដោយសំឡេងឮឱ្យកូនប្រុសគាត់ស្ដាប់.. “សូមគោរពជូនចំពោះអ្នកម្ដាយ ថូម៉ាស់ អេឌីសុន! សូមជម្រាបថា កូនប្រុសអ្នក គឺជាសិស្សម្នាក់ដែលឆ្លាតបំផុត ដែលមានខួរក្បាលដ៏អស្ចារ្យបំផុត ដែលមានទេពកោសល្យដ៏ខ្ពង់ខ្ពស់បំផុត ហើយអនាគតនឹងក្លាយជាអ្នកប្រាជ្ញ។ ក្មេងម្នាក់នេះមានសក្ដានុពលផ្នែកខួរក្បាលលើសពីសមត្ថភាពរបស់លោកគ្រូអ្នកគ្រូទៅទៀត។ ដូច្នេះសាលាយើងខ្ញុំគ្មានធនធានគ្រប់គ្រាន់ និងគ្រូល្អៗដើម្បីបង្រៀនកូនរបស់អ្នកស្រីនោះទេ។ សូមអ្នកស្រីជាម្ដាយជួយបង្រៀនកូនដោយខ្លួនឯងផងចុះ”។
ចាប់ពីថ្ងៃនោះ ម្ដាយថូម៉ាស់បានចំណាយពេលវេលាណែនាំកូនរបស់គាត់យ៉ាងយកចិត្តទុកដាក់។ ដោយក្ដីស្រឡាញ់ ដោយការសរសើរ និងដោយការលើកទឹកចិត្ត… ទីបំផុតថូម៉ាស់បានក្លាយទៅជាអ្នកប្រាជ្ញពិតប្រាកដមែន។
តាមពិតក្នុងក្រដាសនោះបានសរសេរថា “សូមគោរពជូនចំពោះអ្នកម្ដាយថូម៉ាស់ អេឌីសុន! សូមជម្រាបអ្នកស្រីថា កូនប្រុសអ្នក គឺជាសិស្សម្នាក់ដែលមានជំងឺសតិអារម្មណ៍យ៉ាងធ្ងន់ធ្ងរបំផុត ដែលសាលារៀនរបស់យើងខ្ញុំមិនអាចឱ្យគេរៀននៅសាលានេះបន្តទៀតបានទេ។ ចាប់ពីថ្ងៃនេះតទៅសាលាយើងខ្ញុំឈប់ទទួល ថូម៉ាស់ អេឌីសុន ទៀតហើយ។ សូមអ្នកស្រីជាម្ដាយជួយបង្រៀនកូនដោយខ្លួនឯងផងចុះ”។
ថូម៉ាស់បានដឹងរឿងនេះ នៅពេលដែលគាត់រៀបចំពិធីបុណ្យសពជូនម្ដាយជាទីស្រឡាញ់របស់គាត់ដែលបាត់បង់ជីវិតទៅហើយនោះ។ ពេលកំពុងធ្វើបុណ្យ គាត់បានប្រទះឃើញក្រដាសដែលសាលាផ្ញើមកឱ្យម្ដាយគាត់នៅជ្រុងថតតុរបស់គាត់ គាត់រើសយកមកអានទើបដឹងថា សមិទ្ធិផលដែលខ្លួនបានជោគជ័យ ដោយសារតែគាត់មានម្ដាយដ៏ពិសេស។
ដូច្នេះក្នុងនាមជាឪពុកម្តាយល្អ ទោះកូនមិនល្អគ្រប់ដប់ តែនៅពេលមានភ្ញៀវ ឬអ្នកជិតខាងមកលេងផ្ទះគួរចេះលើកសរសើរកូននៅចំពោះមុខភ្ញៀវ ឬអ្នកជិតខាង ថាកូននេះចេះធ្វើនេះធ្វើនោះ និងចេះជួយការងារផ្ទះ ខិតខំរៀនសូត្រ ហើយមិនដែលដើរលេងផ្ដេសផ្ដាសឱ្យព្រួយបារម្ភជាដើម។ ពេលយើងនិយាយបែបនេះ ពេលកូនស្តាប់ឮ គេនឹងសប្បាយចិត្ត ព្រោះគេនឹងមានអារម្មណ៍ថា ឪពុកម្តាយនិយាយលើកសរសើរខ្លួន ដូច្នេះត្រូវតែកែខ្លួននិងខំធ្វើល្អដើម្បីគ្រួសារដូចឪពុកម្តាយបាននិយាយ។ ចំណែកការបង្កើតភាពស្និទ្ធស្នាល ការនាំកូនដើរកម្សាន្តតាមរមណីយដ្ឋាន ទៅបណ្ណាគារទិញសម្ភារសិក្សា ទៅរោងចក្រ មន្ទីរពេទ្យ ផ្សារទំនើប និងសួនល្បែងក្មេងលេងដើម្បីបណ្ដុះជំនាញតាមចំណង់ចំណូលចិត្តពួកគេ៕