ទោះបីឈ្នះ! លោក Keisuke Honda ខកចិត្តចំពោះទម្រង់លេងរបស់កម្ពុជាក្នុងជំនួបជាមួយនិងកោះហ្គាំ

ក្រោយបញ្ចប់ការប្រកួត ដែលមានអ្នកទស្សនាជាង ១០០K នៅលើកញ្ចក់ទូរស័ព្ទដៃសប្បាយនិងលទ្ធផល ដែលកម្ពុជាឈ្នះ កោះហ្គាំ ១គ្រាប់ ក្នុងជំនួបជើងទី១ វគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 នៅកីឡដ្ឋាន Khalifa Sport City ប្រទេសបារ៉ែន ទៅលើក្រុមជម្រើសជាតិកោះហ្គាំ របស់សហរដ្ឋអាមេរិក កាលពីយប់ថ្ងៃទី១០ តុលា  ឆ្នាំ២០២១ ម្សិលមិញនេះ លោក Keisuke Honda អ្នកចាត់ការទូទៅរបស់ក្រុមជម្រើសជាតិកម្ពុជាបែរជាខកចិត្តទៅវិញ។

យោងតាមគណនី facebook របស់ លោក Keisuke Honda បានសរសេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា៖ ខ្ញុំគួរតែសប្បាយចិត្តព្រោះអីយើងឈ្នះ តែខ្ញុំបែរជាខកចិត្តទៅវិញ ព្រោះទម្រង់លេងរបស់យើងគឺមិនល្អដូចពេលយើងលេងជាមួយក្រុមខ្លាំងៗ ទោះបីពេលនោះយើងចាញ់មែនតែខ្ញុំសប្បាយចិត្តជាង ព្រោះយើងមានទម្រង់លេងល្អប្រសើរជាងនេះ។ បើយើងរីករាយជាមួយលទ្ធផលនេះជាមួយនឹងទម្រង់លេងបែបនេះ តើពេលណាយើងអាចលេងឈ្នះជាមួយនឹងក្រុមខ្លាំងៗក្នុងតំបន់ដូចជាវៀតណាមឬថៃបាននោះ?

លោកបានសង្កត់ធ្ងន់ទៀតថា ការអភិវឌ្ឍកាយសម្បទា និងបច្ចេកទេសគឺជាចំនុចដែលកីឡាភាគច្រើនផ្ដោតលើ ក៏ដូចគ្នាយើងត្រូវពង្រឹងផ្នែកទាំងនោះ អ្វីដែលពិសេសជាងនេះទៅទៀតយើងត្រូវយល់ដឹងពីការប្រើប្រាស់តិចនិច ដែលជាកត្តាដែលធ្វើឲ្យក្រុមយើងមានការប្រកួតប្រជែងជាមួយក្រុមខ្លាំងៗបាន។

ទាំងអស់នេះគឺជាសម្ដីសរសេរផ្ទាល់ពីគណនីហ្វេសប៊ុករបស់លោក ស៊ូគី ហុងដា ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជា ដែលបានថ្លែងពីអារម្មណ៍ពិតចំពោះកូនក្រុមរបស់ខ្លួន ទោះជាយ៉ាងណាប្រជាជនកម្ពុជានៅតែគាំទ្រជានិច្ចចំពោះការបង្វឹកក្រុមជម្រើសជាតិកម្ពុជា ដើម្បីយកឈ្នះការប្រកួតនៅពេលឆាប់ៗខាងមុខនេះ៕

អត្ថបទ ឌីណែល