ការដាក់ទូកុងតឺន័រ និងបន្លាលួស ក្រោយបទឈប់បាញ់បង្ហាញពីសកម្មភាពយោធាថៃ រំលោភបំពានទាំងកម្រោល មកលើដែនអធិបតេយ្យភាពកម្ពុជា និងរំលោភច្បាប់អន្តរជាតិ

(បន្ទាយមានជ័យ)៖ ក្រោយបទឈប់បាញ់ចូលជាធរមានកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងមករវាងយោធាកម្ពុជា និងថៃ គឺបានបញ្ឈប់ស្នូរគ្រាប់កាំភ្លើង គ្រាប់បែកនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក៏ប៉ុន្តែ យោធាថៃ បានបំពានយ៉ាងធ្ងន់ធ្ងរដោយបានដាក់ទូកុងតឺន័រ និងបន្លាលួស ហ៊ុំព័ទ្ធយកដីលំនៅឋានរបស់ប្រជាពលរដ្ឋខ្មែរ ដែលជាឧបសគ្គយ៉ាងធំ និងគំរាមពីហានិភ័យដែលអាចកើតមានឡើងគ្រប់ពេល។
May be an image of street, road, grass and tree
យោធាថៃ បានដាក់ទូកុងតឺន័រកាត់ទទឹងផ្លូវជាតិលេខ៥៨ ហ៊ុំព័ទ្ធភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ តំបន់បឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយអនុវត្តបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ។ ការដាក់ទូកុងតឺន័រ ធ្វើឱ្យការធ្វើដំណើរពីទីប្រជុំជនក្រុងបោយប៉ែត្រ ទៅក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវរាំងស្ទះត្រង់បង្គោលគីឡូមែត្រលេខ ២០-២១ ត្រង់ភូមិជោគជ័យ។
សកម្មភាពថៃ ដែលបានរំលោភបំពានទាំងកម្រោល មកលើដែនអធិបតេយ្យភាពកម្ពុជា គឺបញ្ជាក់យ៉ាងច្បាស់ក្រឡែតពីការរំលោភច្បាប់អន្តរជាតិ និងរំលោភច្បាប់សិទ្ធិមនុស្សអន្តរជាតិ ពាក់ព័ន្ធនឹងលំនៅឋាន។ ដូច្នេះ រាល់រូបភាព ឬវីដេអូនៃសកម្មភាពថៃ រំលោភបំពាន លើដែនអធិបតេយ្យភាពជាតិកម្ពុជា គឺជាភស្តុតាងដ៏សំខាន់សម្រាប់សហគមន៍អន្តរជាតិទូទាំងពិភពលោក។
No photo description available.
ដោយឡែកកាលពីល្ងាចថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦ យោធាថៃ បានបន្តដឹកទូកុងតឺន័រ មកទម្លាក់បិទផ្លូវឡើងទៅច្រកអានសេះ ដែលជាដែនអធិបតេយ្យរបស់កម្ពុជា ហើយត្រូវបានយោធាថៃ ចូលមកកាន់កាប់ទាំងកម្រោល និងខុសច្បាប់អន្តរជាតិទាំងស្រុង។
សកម្មភាពរបស់កងកម្លាំងប្រដាប់អាវុធថៃរួមបញ្ចូលទាំងការរាយបន្លាលួស នៅក្នុងតំបន់ច្រកទ្វារអន្តរជាតិថ្មដា ក្នុងខេត្តពោធិ៍សាត់ នៃប្រទេសកម្ពុជា កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។ សកម្មភាពបែបនេះបង្កនូវក្តីបារម្ភយ៉ាងខ្លាំងចំពោះអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា ហើយពុំសមស្របទៅនឹងវិធានការកាត់បន្ថយភាពតានតឹង ដែលមានចែងក្នុងចំណុចទី១ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសកលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ GBC នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។
No photo description available.
ជុំវិញករណីនេះ រាជរដ្ឋាភិបាល ​និងប្រជាពលរដ្ឋកម្ពុជា សូមទទូចដល់សហគមន៍អន្តរជាតិមេត្តាជួយមើលនូវទង្វើរបស់ទាហានថៃ ដែលបំពានយ៉ាងធ្ងន់ធ្ងរច្បាប់អន្តរជាតិ។ កម្ពុជា គឺបានរងគ្រោះយ៉ាងអយុត្តិធម៌ ដែលត្រូវបានយោថៃចូលមករំលោភបំពាន និងកាន់កាប់ទឹកដី ព្រមទាំងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋទាំងកម្រោល។
កម្ពុជាអំពាវឱ្យប្រទេសថៃអនុវត្តឱ្យបានពេញលេញ និងស្មោះត្រង់នូវគ្រប់ប្រការទាំងអស់ នៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធនានា។ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់ ព្រមទាំងប្រកាន់ខ្ជាប់នូវគោលការណ៍ថាព្រំដែនមិនត្រូវបានកែប្រែដោយប្រើកម្លាំងនោះឡើយ៕
-Fresh News-

Leave a Reply

Your email address will not be published. Required fields are marked *