នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់បទសម្ភាសផ្តាច់មុខមួយជូនដល់ទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters រឿងថៃកំពុងឈ្លានពាន និងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ អំឡុងពេលសម្ដេចធិបតីបានធ្វើដំណើរទស្សនកិច្ចនៅសហរដ្ឋអាម៉េរិក ទាក់ទងនឹងស្ថានភាពព្រំដែនកម្ពុជា-ថៃ និងប្រធានបទសំខាន់ៗមួយចំនួនទៀត។

នៅក្នុងការផ្ដល់បទសម្ភាសន៍នោះ នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងចំៗថា កងទ័ពថៃបាន និងកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់អន្តរជាតិ បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ដ៏ដោយ។

អត្ថបទដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ Reuters ត្រូវបានសារព័ត៌មាននៅតាមបណ្តាប្រទេសនានាដកស្រង់យកទៅផ្សព្វផ្សាយដូចជាសារព័ត៌មាននៅសហរដ្ឋអាម៉េរិក ជប៉ុន កាណាដា ឥណ្ឌា សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ជាដើម។
