ឯកឧត្តម ប៉ែន បូណា៖ សម្តេចនាយករដ្ឋមន្ត្រីសង្ឃឹមថា ភាគីថៃនឹងអនុញ្ញាតឱ្យគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក(JBC) ចាប់ផ្តើមការងារវាស់វែងនិងកំណត់ព្រំដែនឡើងវិញឱ្យបានឆាប់ដូចដែលបានព្រមព្រៀងគ្នាក្នុងសេចក្តីប្រកាសរួមថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអាចអនុញ្ញាតឱ្យប្រជាពលរដ្ឋវិលត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញជាធម្មតា។ សម្តេចធិបតីសង្ឃឹមថា កិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាពដែលរៀបចំដោយ លោកប្រធានាធិបតី Donald Trump គឺជាផ្នែកមួយដ៏មានគុណតម្លៃដែលអាចជួយបំពេញបន្ថែមពីលើយន្តការអន្តរជាតិដែលមានស្រាប់ក្នុងការជួយបន្ធូរភាពតានតឹង និងស្តាឡើងវិញនូវស្ថិរភាព សន្តិភាព ក្នុងតំបន់ជាច្រើនដែលមានជម្លោះឬសង្គ្រាម ក្នុងនោះក៏មានបញ្ហាព្រំដែនកម្ពុជា-ថៃ ផងដែរ។

ឯកឧត្តម ប៉ែន បូណា ថា ៖ តាមរយៈកិច្ចសម្ភាសន៍នេះ សំឡេងរបស់កម្ពុជាបានលឺខ្ទរខ្ទារពេញពិភពលោក ហើយដែលធ្វើឱ្យក្រសែភ្នែកសហគមន៍អន្តរជាតិបែរក្រឡេកមកចាប់អារម្មណ៍កាន់តែខ្លាំងថែមទៀត លើការរំលោភបំពានរបស់ថៃមកលើបូរណភាពទឹកដី និងប្រជាពលរដ្ឋខ្មែរ។ ជាពិសេស ជំហរសន្តិភាពនិយម និងគោរពច្បាប់អន្តរជាតិ តាមរយៈការស្វែងរកដំណោះស្រាយបញ្ហាដោយសន្តិវិធី បានបង្ហាញពីនយោបាយការទូតបែបចាស់ទុំ ទន់ភ្លន់ និងត្រឹមត្រូវ ស្របតាមគោលបំណងរបស់សហគមន៍អន្តរជាតិដែលចង់បាន ជាពិសេសស្របនឹងស្មារតីនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាសន្តិភាព ( Board of Peace) ដែលប្រព្រឹត្តទៅនៅទីក្រុងវ៉ាស៊ីនតោន នាពេលនេះ។

ជំនួបពិភាក្សាផ្សេងទៀត ជាមួយឥស្សរជនអាម៉េរិក និងមេដឹកនាំសហភាពអឺរ៉ុប ក៏ដូចជាស្ថាប័នពាក់ព័ន្ធនានានៅក្នុងដំណើរបេសកកម្មរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នៅលើឆាកអន្តរជាតិនាពេលនេះ ក៏ជាការបង្ហាញអំពីនយោបាយការទូតយ៉ាងសកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីរឹតចំណងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេ។
